លោក បេ​អាត រិច​ឆ្នឺ​រ ស្នើ​ក្រសួង​រៀបចំ​ការប្រឡង​វេជ្ជបណ្ឌិត និង​បិទ​គ្លីនិក​ដែល​វេជ្ជបណ្ឌិត​ប្រឡង​ធ្លាក់ និពន្ធដោយ : រ៉ឹម ភារី       August-01-2016, 10:39 pm         80

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក បេ​អាត រិច​ឆ្នឺ​រ ស្នើ​ក្រសួង​រៀបចំ​ការប្រឡង​វេជ្ជបណ្ឌិត និង​បិទ​គ្លីនិក​ដែល​វេជ្ជបណ្ឌិត​ប្រឡង​ធ្លាក់​ភ្នំពេញ​៖ ស្ថាបនិក និង​ជា​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា លោក បេ​អាត រិច​ឆ្នឺ​រ (Beat Richner) បានស្នើ​ឲ្យ​ក្រសួងសុខាភិបាល គិតគូរ​រៀបចំ​ការប្រឡង​ត្រួតពិនិត្យ​វេជ្ជបណ្ឌិត ដែល​កំពុង​បម្រើការ​នៅតាម​គ្លីនិក​ឯកជន និង បិទ​គ្លីនិក​ឯកជន​ទាំងឡាយណា ដែលមាន​វេជ្ជបណ្ឌិត​មិនបាន​ប្រឡង​ជាប់​។

​ការស្នើ​របស់​ប្រធាន​មន្ទីរពេទ្យ​ជួយសង្គ្រោះ​កុមារ​កម្ពុជា​ដ៏​ល្បីឈ្មោះ​រូបនេះ គឺធ្វើឡើង​បន្ទាប់ពី​មាន​កុមារ​ឈឺ​ធ្ងន់​ចំនួន​៤៤៧​នាក់ ត្រូវគេ​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ថ្ងៃទី​៣០ កក្កដា និង​នៅ​យប់​ថ្ងៃទី​៣០​ឈានចូល​ថ្ងៃទី​៣១ ខែកក្កដា មាន​កុមារ​ឈឺ​ធ្ងន់​បំផុត​ចំនួន​១៤៦​នាក់ ពុំបាន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ពី​គ្លីនិក​ឯកជន និង​មន្ទីរពេទ្យបង្អែក​មួយចំនួន ដោយ​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ករណី​ខាងលើនេះ ត្រូវបាន​លោក រិច​ឆ្នឺ​រ អះអាងថា កុមារ​ទាំងអស់នេះ គឺមាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ដែល​បញ្ជូន​ពី​គ្លីនិក​ឯកជន និង​មន្ទីរពេទ្យបង្អែក ដោយ​ពុំបាន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ នេះ​បើ​យោងតាម​លិខិត​របស់លោក រិច​ឆ្នឺ​រ ស្ថាបនិក និង​ជា​ប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នៅថ្ងៃនេះ​។ 

​លិខិត​ដដែល​បាន​ឲ្យ​ដឹងថា មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា​យ៉ាងច្រើន សម្រាប់​អ្នកជំងឺ​ជាច្រើន ដែល​បាន​បញ្ជូន​ពី​ខាងក្រៅ ដោយសារ​ទីនោះ ពុំ​បានធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ត្រឹមត្រូវ ហើយ​ទុក​អ្នកជំងឺ​យូរថ្ងៃ​ពេក ក្នុង​បំណង​ទារប្រាក់​ពី​អ្នកជំងឺ​។ ហេតុនេះ ទើប​លោក​រិច​ឆ្នឺ​រ បាន​សំណូមពរ​ដល់​ក្រសួងសុខាភិបាល​យ៉ាង​ដូច្នេះ​៖«​ក្នុងនាម​ខ្ញុំ ជាទី​ប្រឹក្សា​នៃ​ក្រសួងសុខាភិបាល ខ្ញុំ​សូម​សំណូមពរ ដល់​ក្រសួងសុខាភិបាល គិតគូរ​រៀបចំ​ការប្រឡង​ត្រូតពិនិត្យ​ចំពោះ​វេជ្ជបណ្ឌិត ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ នៅឯ​គ្លីនិក​ឯកជន​។ បើ​ពួកគេ​ពុំបាន​ប្រឡង​ជាប់​ក្នុងការ​ត្រួតពិនិត្យ​នោះទេ គ្លីនិក​ឯកជន​របស់​គេ នឹងត្រូវ​បិទ មិន​ឲ្យ​ប្រកប​វិជ្ជាជីវៈ​ទៀត​ទៅ​»​។

​គួរ​បញ្ជាក់ថា មន្ទីរពេទ្យ​គន្ធបុប្ផា ពុំមាន​បុគ្គលិក​ណា​ម្នាក់​ឆ្លៀត​ធ្វើការ​ក្រៅ​ម៉ោង​នៅ​គ្លីនិក​ឯកជន និង​ពុំមាន​បុគ្គលិក​ណា​ម្នាក់​ទារប្រាក់​ពី​អ្នកជំងឺ​ឡើយ​។ ជាងនេះទៅទៀត មន្ទីរពេទ្យ​ដ៏​ល្បីល្បាញ​មួយ​នេះ នៅតែ​បង្ហាញ​តម្លៃ​នៃ​ការចំណាយ​ធៀប​នឹង​អត្រា​ជាសះស្បើយ​បានល្អ​បំផុត​ជា​សាកល និង​គ្មាន​អំពើពុករលួយ​៕