ទោះរវល់យ៉ាងណា ក៏តារាស្រីថៃល្បី Pat Napapa មិនដែលភ្លេច មើលថែម្តាយឈឺនៅលើគ្រែដែរ!

ថៃ៖ តារាសម្តែងស្រីថៃ Pat Napapa ត្រូវបានអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ លើទង្វើដ៏ប្រពៃរបស់នាង ទៅលើអ្នកម្តាយ ដែលបានធ្លាក់ខ្លួនឈឺនៅលើគ្រែ។

តារាស្រីវ័យ២៩ឆ្នាំរូបនេះ តែងតែឆ្លៀតពេលពីការងារសិល្បៈ ទៅបម្រើអ្នកម្តាយចំណាស់ ហើយថែមពេលខ្លះ នាងបានសម្តែង និងរាំឲ្យអ្នកម្តាយមើលទៀតផង ដើម្បីបន្លប់ឲ្យគាត់ព្រមពិសាអាហារ។  

សកម្មភាពរបស់ Pat Napapa បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ពេលឃើញនាង​ ស្រលាញ់ និងមើលថែអ្នកម្តាយចំណាស់បានយ៉ាងល្អដូច្នេះ។ ហើយពួកគេក៏បានផ្តល់កម្លាំងចិត្ត តាមបណ្តាញសង្គមជារឿយៗ ទៅកាន់នាងផងដែរ។

គួរបញ្ជាក់ផងដែរថា Pat Napapa ជាតារាស្រីមួយរូប ដែលលេចធ្លោខ្លាំង តាំងពីឆ្នាំ ២០០៣មកម្ល៉េះ ហើយបើគិតមកទល់សព្វថ្ងៃ នាងបានថតរឿងភាគមិនក្រោម ៣០រឿងនោះទេ ដែលជាអត្រាមួយដ៏ខ្ពស់បំផុត បើប្រៀបធៀបនឹងតារាស្រីផ្សេងៗទៀត៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាស្រីPat Napapa ត្រូវបានល្បីសុះសាយ ជាមួយនឹងវីដេអូវាយតប់គ្នាមួយ ដែលអ្នកគាំទ្របានដឹងថា មានវត្តមាននាងនៅក្នុងនោះដែរ។

តារាសម្តែងស្រីថៃ នាង Pat Napapa ជាតារាស្រីម្នាក់ មានកេរ្តិ៍ឈ្មោះល្បីរន្ទឺខ្លាំងមួយរូប ក្រោយបានសម្តែងជាតួរង ក្នុងរឿងភាគថៃដ៏ល្បី គឺ "បេះដូងពីរដើម្បីអូន"ជាមួយនឹង លោក Mario Muarer។ ហើយរូបនាង ត្រូវបានមហាជនស្គាល់នាង កាន់តែខ្លាំងឡើងៗផងដែរ។

មានឃ្លីបវីដេអូមួយ ត្រូវបានសាយភាយពេញបណ្តាញសង្គម ដែលបង្ហាញពីក្មេងស្រីជំទង់ជាច្រើននាក់ បានវាយតប់គ្នា នៅទីសារធាណៈ ហើយមិនតែប៉ុណ្ណោះ មហាជនក៏បានឃើញ នាង Pat នៅក្នុងហេតុការណ៍វាយទាត់ធាក់គ្នានោះផងដែរ។

បើក្រឡេកមើលតាមវីដេអូ ឃើញនាង Pat ស្លៀកអាវពណ៌ក្រហមខាងក្រៅ ព្រមទាំងពាក់ម៉ាស់មុខ បានចូលក្នុងហ្វូងមនុស្ស ដែលកំពុងតែវាយគ្នានោះ។

ក្នុងនោះដែរ មានបុរសម្នាក់ ដែលនៅក្នុងហេតុការណ៍នោះ បានឲ្យដឹងថា ក្មួយស្រីនាង Pat បានឈ្លោះទាស់ទែងគ្នា ជាមួយនឹងក្មេងស្រីជំទង់ម្នាក់ ហើយស្រាប់តែបន្តិចក្រោយមក ពួកគេក៏បានទះកំផ្លៀងគ្នា រហូតធ្វើឲ្យកើតមានការវាយទាត់ធាក់គ្នាឡើង ផ្អើលមនុស្សគ្រប់គ្នាតែម្តង។ ហើយនាង Pat ក៏ត្រូវបានគេឃើញ នៅក្នុងហ្វូងវាយគ្នានោះផងដែរ។

ទន្ទឹមនឹងនោះដែរ នាង Pat ត្រូវបានគេសម្ភាសន៍ពីរឿងនេះផងដែរ ដែលរូបនាង ព្រមសារភាពថា នាងពិតជាមានវត្តមាននៅក្នុងឃ្លីបវីដេអូនោះពិតមែន ហើយនាងនិយាយថា "ខ្ញុំអត់មានរឿងជាមួយអ្នកណាទេ ហើយខ្ញុំអត់មានបញ្ហាក្នុងរឿងនោះដែរ ព្រោះថាខ្ញុំជាតារា។ តែពេលខ្លះពួកយើង ក៏មានចិត្តឈឺចាប់ផងដែរ ពេលពួកគេទាំងនោះ បានបញ្ឈឺចិត្តគ្រួសារ របស់ពួកយើង"។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload