ដឹង​អត់​ ​ប្រកួត​អន្តរជាតិ​​ដំបូង​​របស់​ជម្រើស​ជាតិ​កម្ពុជា​នៅ​ពេល​ណា?

ប្រជាជន​ខ្មែរ​ជា​ច្រើន​​បាន​ដឹង​ថា​ ប្រទេស​ខ្លួន​មាន​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​មួយ​ក្រុម​​ដែល​ត្រូវ​បាន​បង្កើត​ឡើយ​យូរ​មក​ហើយ​ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​​​ដឹង​​ថា ​តើ​ការ​ប្រកួត​ដំបូង​​លើ​ឆាក​ អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ធ្វើ​នៅ​​ពេល​ណា​ និង ក្នុង​​ព្រឹត្តិការណ៍​បែប​ណា?

 

ដឹង​អត់​ ​ប្រកួត​អន្តរជាតិ​​ដំបូង​​របស់​ជម្រើស​ជាតិ​កម្ពុជា​នៅ​ពេល​ណា?

រូបថត​ក្រុម​កម្ពុជា​ជំនាន់​មុន

 

តាម​ឯកសារ​ជា​ច្រើន​​បង្ហាញ​ថា​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​​ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៣៣ គឺ​ចំ​ពេល​កម្ពុជា​​ស្ថិត​ក្រោម​អាណានិគម​របស់​ប្រទេស​បារាំង។ លុះ​មក​ដល់​ឆ្នាំ ១៩៥៦ ទើប​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​ជា​ផ្លូវការ​លើ​ឆាក​ អន្តរជាតិ​លើក​ដំបូង​ ​គឺ​ប៉ះ​ក្រុម​​ជម្រើស​ជាតិ​ម៉ាឡាយូ​ (បច្ចុប្បន្ន​ប្រទេស​ម៉ាឡេស៊ី​)។

 

ការ​ប្រកួត​​កាល​នោះ​​​ធ្វើ​នៅ​​រសៀល​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​១៩៥៦​ លើ​វាល​ស្មៅ​កីឡដ្ឋាន T.P.C.A Stadium ក្នុង​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡាយូ ក្នុង​​​វគ្គ​ជម្រុះ​​ជើង​ទី១​នៃ​ពាន​រង្វាន់ AFC Cup ឆ្នាំ ១៩៥៦។ ជា​លទ្ធផល​កាល​នោះ កម្ពុជា​ចាញ់​ម្ចាស់​ផ្ទះ​រហូត​ដល់ ៩ – ២។ ឆ្នាំ​នោះ​ដែរ​ជា​ឆ្នាំ​ដំបូង​ដែល​គេ​បង្កើត​ពាន​រង្វាន់ AFC Cup​ ពាន​ដ៏​ធំ​ប្រចាំ​ទ្វីប​អាស៊ី។

 

ដឹង​អត់​ ​ប្រកួត​អន្តរជាតិ​​ដំបូង​​របស់​ជម្រើស​ជាតិ​កម្ពុជា​នៅ​ពេល​ណា?

ក្រុម​កម្ពុជា​បច្ចុប្បន្ន​

 

ថ្ងៃ​ទី​១៨ ​មីនា ឆ្នាំ​១៩៥៦ ពោល​គឺ​នៅ​ក្រោយ​ការ​ប្រកួត​មួយ​ថ្ងៃ​ កាសែត The Straits Times របស់​សិង្ហបុរី ​បាន​​ចុះ​ផ្សាយ​ដោយ​​សរសេរ​ចំណង​ជើង​ថា “GHANI GETS 7 IN ROUT OF CAMBODIA”។ កាសែត​​ល្បី​​​ជា​ភាសា​អង់គ្លេស​កាល​នោះ​​​បាន​រៀប​រាប់​ខ្លះ​ៗ​ថា ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ ២១ ឆ្នាំ Abdul Ghani Minhat របស់​ម៉ាឡាយូ​ បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ក្រោយ​ពេល​ទាត់​បញ្ចូល​​ទី​​ ក្រុម​កម្ពុជា​៧ គ្រាប់​ម្នាក់​ឯង​ ពោល​គឺ​នៅ​នាទី ១៤, ២៥, ៣០, ៣៥, ៤០, ៤៥ និង ៤៨ ខណៈ​មិត្ត​រួម​ក្រុម​របស់​គេ Pang Siang Hock រក​បាន​២​គ្រាប់​ផង​ដែរ​​ក្នុង​នាទី​២០ និង​៤៩។  ចំណែក​ឯ​ក្រុម​កម្ពុជា វាយ​បក​បាន ២ គ្រាប់​វិញ​នៅ​ក្នុង​តង់ទី២ ដោយ​កីឡាករ ទុយ (Tuy) នាទី ៧០ និង កីឡាករ រ៉េត ភឿន (Reith Peon) នៅ​នាទី​៧១។

 

ក្រោយ​មក​ទៀត ការ​ប្រកួត​ជើង​​ទី២ របស់​កម្ពុជា នៃ​វគ្គ​ជម្រុះ​ជើង​​ទី​២​ AFC Cup ធ្វើ​​​នៅ​ប្រមាណ​២​ខែ​បន្ទាប់​ពី​ជើង​ទី​១ ក្នុង​ឆ្នាំ​១៩៥៦​ ដដែល។ លទ្ធផល​ជើង​ទី​២​នោះ​ ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា បន្ត​ចាញ់​ម៉ាឡាយូ​ ៣ – ២។ សរុប​លទ្ធផល​ទាំង ២ ជើង កម្ពុជា​ចាញ់ ម៉ាឡាយូ ៥ –១១៕

 

ដឹង​អត់​ ​ប្រកួត​អន្តរជាតិ​​ដំបូង​​របស់​ជម្រើស​ជាតិ​កម្ពុជា​នៅ​ពេល​ណា? កាសែត The Straits Times ចេញ​ផ្សាយ

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា​
ប្រភព៖ newspapers.nl.sg