លោក ហ៊ុន សែន ថា​វៀតណាម​មិន​មែន​ជា​ចៅហ្វាយ​របស់​គាត់​ឡើយ

នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា វៀតណាម មិនមែនជាចៅហ្វាយរបស់លោកនោះឡើយ។ ការអះអាងរបស់លោក ហ៊ុន សែន ដូចនេះ គឺដើម្បីឆ្លើយតបទៅនឹងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានឈ្មោះជាវៀតណាមមួយរូប ដែលបានចូលសរសេរផ្តល់យោបល់ (Comment) នៅលើទំព័រហ្វេសប៊ុកលោក ហ៊ុន សែន ថា លោក ហ៊ុន សែន ក្បត់វៀតណាម។

លោក ហ៊ុន សែន កាលពីថ្ងៃទី៣១ កក្កដា បានប្រតិកម្មដោយប្រើពាក្យសម្ដីធ្ងន់ៗឆ្លើយតបចំពោះការលើកឡើងរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះ ហ្វាម ឌឹក ហៀង (Pham Duc Hien) ដែលសរសេរថា លោក ហ៊ុន សែន ក្បត់វៀតណាម។

ជាការឆ្លើយតបនឹងការលើកឡើងរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលគេសង្ស័យថា ជាជនជាតិវៀតណាម រូបនេះ លោក ហ៊ុន សែន បានសរសេរចោទសួរថា ហេតុអ្វីបានជាលោកនិយាយថាខ្ញុំក្បត់វៀតណាម? តើវៀតណាម ជាឪពុកខ្ញុំ ឬមហាក្សត្រខ្ញុំឬ? លោកត្រូវដឹងថា អ្នកដែលខ្ញុំត្រូវស្មោះត្រង់ គឺជាតិខ្មែររបស់ខ្ញុំ ព្រះមហាក្សត្រជាទីសក្ការៈរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ វៀតណាម មិនមែនជាចៅហ្វាយរបស់ខ្ញុំ ដែលខ្ញុំត្រូវស្មោះត្រង់នោះទេ។

លោក ហ៊ុន សែន ថែមទាំងព្រមានអ្នកប្រើប្រាស់ហ្វេសប៊ុករូបនោះថា បើលោកជាជនជាតិវៀតណាម រស់នៅកម្ពុជា ស្របច្បាប់ ត្រូវគោរពច្បាប់កម្ពុជា បើរស់នៅមិនស្របច្បាប់ ត្រូវចាកចេញពីកម្ពុជា និងបើរស់នៅវៀតណាម សុំស្រឡាញ់មេដឹកនាំវៀតណាម ទៅ។

លោក ហ៊ុន សែន សង្កត់ធ្ងន់ថា លោកជាមេដឹកនាំកម្ពុជា ដែលមានឯករាជ្យ អធិបតេយ្យភាព ដែលត្រូវមានទំនាក់ទំនងជាមួយមេដឹកនាំវៀតណាម ដោយស្មើភាព និងស្មើសិទ្ធិ។ លោក ហ៊ុន សែន ក៏ផ្តែផ្តាំឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ហ្វាម ឌឹក ហៀង បញ្ជូនសារនេះទៅកាន់មេដឹកនាំវៀតណាម ឲ្យបានដឹងផង បើគេនោះជាជនជាតិវៀតណាម ត្រឹមត្រូវមែន។ ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន សរសេរបញ្ជាក់នៅចុងសំណេររបស់លោកថា លោកស្គាល់ច្បាស់ចរិតមេដឹកនាំវៀតណាម ដែលតែងគោរពនូវឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា គឺខុសពីអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ហ្វាម ឌឹក ហៀង ដែលលោក ហ៊ុន សែន ចាត់ទុកថាជាអាម៉ីអាថោងនោះ។

នរណាក៏ដឹងដែរថា លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ត្រូវបានវៀតណាម ជួយជ្រោមជ្រែងឲ្យឡើងកាន់អំណាចនៅកម្ពុជា ចាប់តាំងពីពួកខ្មែរក្រហមបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ចាប់ពីពេលនោះមក គេកម្រឃើញរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហ៊ានប្រើពាក្យសម្ដីធ្ងន់ៗដែលអាចធ្វើឲ្យទំនាក់ទំនងកម្ពុជា-វៀតណាម ល្អក់កករខ្លាំងណាស់ បើទោះជាភាគច្រើនគេសង្កេតឃើញថា វៀតណាម ហាក់មានប្រៀបច្រើនលើកម្ពុជា ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្តី។

បើទោះជាគេមិនដឹងថា អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ហ្វាម ឌឹក ហៀង មានចេតនាបែបណាជាមួយលោក ហ៊ុន សែន ក្តី ក៏ប៉ុន្តែការសម្ដែងមតិរបស់បុគ្គលរូបនេះដែលថា លោក ហ៊ុន សែន ក្បត់វៀតណាម គឺស្របពេលដែលនយោបាយការបរទេសរបស់កម្ពុជា ហាក់កំពុងលម្អៀងទៅរកចិន ជាពិសេសក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដែលមានវៀតណាម ជាប្រទេសមានជម្លោះជាមួយចិន ដែរនោះ។

ផ្ទុយពីជំហររបស់លោក ហ៊ុន សែន ដែលកាលពីពេលថ្មីៗនេះបានប្រកាសថា កម្ពុជា មិនចូលរួមចេញសេចក្តីថ្លែងការណ៍រួមជាមួយអាស៊ាន ដើម្បីគាំទ្រការសម្រេចរបស់តុលាការមជ្ឈត្តកម្មអន្តរជាតិ ដែលឲ្យចិន ចាញ់ក្តីក្នុងជម្លោះសមុទ្រចិនខាងត្បូងនោះ វៀតណាម បានទទូចឲ្យចិន គោរពតាមការសម្រេចរបស់តុលាការទៅវិញ។

លើសពីនេះ ការបញ្ចេញមតិរបស់អ្នកប្រើប្រាស់ហ្វេសប៊ុករូបនោះ ក៏ស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងចាប់បញ្ជូនជនជាតិវៀតណាម រស់នៅកម្ពុជា ដោយខុសច្បាប់ទៅកាន់វៀតណាម ជាបន្តបន្ទាប់។ ជាការពិតណាស់ ក្នុងនាមជាអ្នកជួយជ្រោមជ្រែងឲ្យលោក ហ៊ុន សែន ឡើងកាន់អំណាច វៀតណាម អាចមិនសប្បាយចិត្តនោះទេ នៅពេលដែលឃើញលោក ហ៊ុន សែន ងាកទៅរកចិន និងអនុវត្តចំពោះជនជាតិវៀតណាម ដូចនេះ។

អ្នកវិភាគឯករាជ្យ បណ្ឌិត មាស នី កត់សម្គាល់ថា ប្រតិកម្មរបស់លោក ហ៊ុន សែន ពេលនេះអាចចាត់ទុកថាជារឿងចម្លែកក៏ថាបាន មិនចម្លែកក៏ថាបាន ព្រោះថាកន្លងមក លោក ហ៊ុន សែន ក៏ធ្លាប់ប្រាប់ទៅបក្សប្រឆាំងកុំឲ្យចាត់ទុកលោក និងគណបក្សប្រជាជនកម្ពុជា ថាជាអាយ៉ងរបស់វៀតណាម ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ បណ្ឌិត មាស នី មើលឃើញថា ប្រតិកម្មខ្លាំងៗរបស់លោក ហ៊ុន សែន ពេលនេះ គឺស្របពេលដែលវៀតណាម មើលឃើញថា កម្ពុជា កំពុងងាកទៅគាំទ្រចិន៖ «យើងនឹងតាមដានមើលទៀត ព្រោះអីការងាកទៅរកចិន នេះមិនមែនជារឿងធម្មតាទេ ពិសេសនៅក្នុងស្ថានភាព ទី១ ទំនាក់ទំនងរវាងចិន និងវៀតណាម មិនដែលស្រុះស្រួលគ្នាពីដើមផង ហើយស្ថិតក្នុងស្ថានភាពសមុទ្រចិន នេះ ធ្វើឲ្យយើងកាន់តែមានការសង្ស័យទៀត ទាក់ទងជំហររបស់កម្ពុជា ទៅជាមួយនឹងចិន ដែលទោរទន់ទៅរកចិន កាន់តែខ្លាំងឡើងៗ ហើយពិសេសគឺនៅពេលដែលប្រទេសកម្ពុជា ទទួលការខ្វះខាតនូវលុយកាក់ផង គឺថាជាជម្រើសធំ ត្រូវតែរើសយកចិន ជាងវៀតណាម»។

បណ្ឌិត មាស នី កត់សម្គាល់ដែរថា នៅពេលដែលមេដឹកនាំខ្មែរចេះគិតពីរឿងជាតិជាងរឿងផ្ទាល់ខ្លួន និងជាងប្រទេសជិតខាងនោះ វាជារឿងល្អបំផុតសម្រាប់ខ្មែរ។ លោកថា បើសិនជាអ្វីដែលលោក ហ៊ុន សែន លើកឡើងជារឿងពិតចេញពីបេះដូងរបស់លោកមែននោះ ពលរដ្ឋខ្មែរប្រាកដជាសាទរ។ ទោះជាយ៉ាងណាលោកថា ដើម្បីបង្ហាញឲ្យឃើញថាមេដឹកនាំខ្មែររឹតតែល្អទៀតនោះ លោក ហ៊ុន សែន គួរដោះស្រាយភាពតានតឹងនយោបាយផ្ទៃក្នុងរបស់ខ្មែរឲ្យចប់សព្វគ្រប់៕

ប្រភព៖ RFA


Related Posts