វត្ត​លែង​ក្លាយជា​កន្លែង​ស្នាក់​អាស្រ័យ​សម្រាប់​សិស្ស​មក​ពី​ខេត្ត

ចាប់តាំងពី​ដើម​រៀង​មក រហូត​ដល់​អំឡុង​ទស្សវត្សរ៍ ឆ្នាំ​១៩៩០ វត្ត​អា​រ៉ា​ម នៅ​ក្នុង​រាជធានី​ភ្នំពេញ គឺជា​កន្លែង​ស្នាក់​នៅ​របស់​ក្រុម​យុវជន សិស្ស និស្សិត ដែល​ជា​កូន​អ្នក​ក្រីក្រ​មក​ពី​តាម​បណ្តា​ខេត្ត​នានា ឡើង​មក​បន្ត​ការ​សិក្សា​រៀនសូត្រ​ក្នុង​រាជធានី​ភ្នំពេញ​។

យុវជន​ទាំងនោះ បាន​ថ្វាយបង្គំ​ស្នើ​សុំ​ព្រះសង្ឃ ព្រះ​ចៅអធិការ អាចារ្យវត្ត ដើម្បី​បាន​ស្នាក់​អាស្រ័យ ក្នុង​កុដិ​ព្រះសង្ឃ ដើម្បី​បន្ត​រៀន​នៅ​ថ្នាក់​វិទ្យាល័យ រហូត​ដល់​ចប់​បរិញ្ញាប័ត្រ មុន​នឹង​ចេញ​ទៅ​ស្វែងរក​ការងារ​ធ្វើ ដើម្បី​កសាង​អនាគត​។

ក៏​ប៉ុន្តែ​នៅ​សម័យ​ទំនើប​ចាប់តាំងពី​ឆ្នាំ​២០០០ រហូត​ដល់​បច្ចុប្បន្ន គឺ​ស្ទើរតែ​គ្រប់​វត្ត​ហាក់ដូចជា លែង​ក្លាយជា​កន្លែង​ស្នាក់​នៅ​សម្រាប់​យុវជន​មក​ពី​តាម​បណ្តា​ខេត្ត​ទៀត​ហើយ​។ នោះ​ក៏​ដោយសារ​តែ​អ្នក​ឡើង​មក​ពី​ខេត្ត​នានា បែរជា​រក​បន្ទប់​ផ្ទះ​ជួល​ស្នាក់​នៅ​ជា​ក្រុម ឬ​ស្នាក់​ជាមួយ​បងប្អូន ហើយ​ណាមួយ ផ្ទះ ឬ​បន្ទប់​ជួល ក៏​មាន​កើត​ច្រើន ខណៈ​ដែល​ចំនួន​យុវជន​មាន​ទាំង​បុរស និង​ទាំង​នារី បាន​ឡើង​មក​រៀន​នៅ​ភ្នំពេញ​ក៏​កាន់តែ​ច្រើន​ទៅ​ៗ ហើយ​វត្ត​អា​រ៉ា​ម​មាន​ចំនួន​ដដែល​មិន​កើនឡើង​ទេ​។ ម្យ៉ាងទៀត យុវនារី មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ក្នុង​វត្ត ដូច​យុវជន​ឡើយ​។

ម្យ៉ាងទៀត ការ​ស្នាក់​នៅ​វត្ត​នា​ពេល​បច្ចុប្បន្ន គឺ​ត្រូវ​ចំណាយ​លុយ​ច្រើន ដូច​ការ​ចំណាយ​ក្នុង​ការ​ស្នាក់​នៅផ្ទះ ឬ​បន្ទប់​ជួល រួម​មាន​៖ ថ្លៃ​អាហារ​ប្រចាំ​ថ្ងៃ ទឹក​ភ្លើង ហើយ​មាន​វត្ត​ខ្លះ​ទៀត នៅ​ភ្នំពេញ គឺ​ត្រូវ​ចំណាយ​លុយ​ទិញ​បន្ទប់​ស្នាក់​នៅ​ថែម​ទៀត​ក៏​មាន​។

ហេតុផល​មួយទៀត គឺ​យុវជន​ជា​ច្រើន​ដែល​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ គឺ​អ្នកខ្លះ​ឡើង​មក​ច្រើន​នាក់​ក្នុង​មួយ​គ្រួសារ ហើយ​បើ​មិន​រៀនសូត្រ ក៏​មាន​បងប្អូន​មក​ធ្វើការ​នៅ​ភ្នំពេញ ដូច្នេះ​គេ​ត្រូវ​រស់នៅ​ជួបជុំ​បងប្អូន ដើម្បី​បាន​មើល​ការ​ខុស​ត្រូវ​គ្នា​ផង​។

ភាគច្រើន​អ្នក​ដែល​បញ្ជូន​កូនចៅ​មក​រៀន​នៅ​ភ្នំពេញ ក៏​ជា​អ្នកមាន​ជីវភាព​ធូ​ធារ គេ​អាច​ទិញ​ផ្ទះ ដើម្បី​ឲ្យ​កូន​ស្នាក់​នៅ​រៀនសូត្រ​តែ​ម្តង​។ មួយវិញទៀត នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​មានការ​បង្កើត​មហាវិទ្យាល័យ​ច្រើន​ដែរ នៅ​តាម​ទីរួមខេត្ត​ធំ​ៗ ដូច​ជា នៅ​ខេត្ត​ព្រះ​សីហ​នុ បាត់ដំបង កំពង់ចាម ស្វាយ​រៀង ព្រៃវែង និង​ខេត្តសៀមរាប​ជាដើម​៕