ស្ងាត់ៗ​លេច​​ថា ស្ត្រី​ដែលរកឃើញក្នុងព្រៃ ជា​កូន​​ជន​ជាតិ​វៀត​​ណាម​?

​ខេត្តរតនគិរី ៖  សេចក្តី​រាយកាណ៍​ឱ្យ​ដឹងថា ​ស្ត្រីម្នាក់ដែល​វង្វេង​ក្លាយ​​​​​ជា​​​មនុស្ស​​​ព្រៃនោះ​ ​ត្រូវ​​ជនជាតិ​វៀតណាម​ម្នាក់​មក​​អះអាង​​ថា​ ជា​កូន​​របស់​ខ្លួន ​ទើប​រក​ឃើញ​​នៅ​ស្រុក​អូ​រ​យ៉ា​​ដាវ ខេត្ត​រតនគិរី​ ។

គួរបញ្ជាក់ថា ​​ស្ត្រី​​ខាងលើ​​​​នោះ​ឈ្មោះរ​ចំ ភៀ​ង បាន​​​វង្វេង​​ទៅ​រស់នៅ​ក្នុង​ព្រៃ​កាលពី​​​​ប៉ុន្មាន​ឆ្នាំកន្ល​ង​​ទៅ និង​បាន​​រក​ឃើញ​​វិញ ​កាលពី​ឆ្នាំ​​២០០៧ (​ជិត១០​​ឆ្នាំ) ​​​ស្រាប់តែ​ពេលនេះ មាន​លេចមុខ​ជន​ជាតិ​វៀតណាម​​​អះអាង​ថា ជា​កូន​គាត់​​​​ ។

បើ​​តាម​​លោក​​​ពេ​វ អាយុ​៧០​ឆ្នាំ​ ជនជាតិ​វៀតណាម​ ​មាន​ទីលំនៅ​​​ក្នុងភូមិ​តារា​២ ឃុំ​ប៉ា​រ៉ា​ម៉ាក់ ស្រុក​ជី​ខេ ខេត្ត​យ៉ា​​ឡាយ​ គឺ​​រូប​គាត់​អ្នក​អះ​អាង​​ថា​ ស្ត្រី​ឈ្មោះរ​ចំ ភៀ​ង​ នោះ ត្រូវជា​កូនស្រី​គាត់ដែល​បាន​បាត់​ពី​ផ្ទះ ​កាលពី​ឆ្នាំ២០០៦ ​។ ​លោក​​​បន្ត​ថា កូនស្រីនោះ​​ពី​មុន​ឈ្មោះ​សា មាន​​ស្លាក​ស្នាម​.កដៃ​​ឆ្វេង​ មាន​ចំណង​ខ្សែ.ចង​ទុក​ក្នុងផ្ទះ ព្រោះគាត់​ជា​​មនុស្ស​សរសៃប្រសាទ​ ។​

លោក​ពេ​វ​បន្ថែម​ថា ​គ្រួសារ​គាត់​​​ជា​ជនជាតិ​ដើម​ភាគតិច​ផា​​​ណា​ល មាន​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​​វៀតណាម និង​សាក្សី​បញ្ជាក់​​ថា កូន​ស្រី​គាត់​ឈ្មោះ​សា​ (​រ​ចំ ភៀ​ង​) នេះ ​ពិតជា​កូនស្រី​គាត់​ ដែល​បាត់​​កន្លង​ទៅ ​។

បើ​តាម​លោករ​​ចំ ខាំ​ភី អាយុ​៣៨​ឆ្នាំ​ ជា​ជនជាតិ​ព្នង ​មាន​ទីលំនៅ​ភូមិ​​អ៊ុ​ន ឃុំ​លំ​ជ័រ ស្រុក​អូ​រយ៉ា​ដាវ បាន​​ប្រាប់​ដែរ​​ថា ស្ត្រី​ឈ្មោះរ​ចំ ភៀ​ង ​នេះ​ត្រូវជា​​បងស្រីគាត់​ គឺ​បាន​រ​ត់​ចេញពីផ្ទះ​ទៅ​រស់នៅ​ក្នុង​​ព្រៃ ហើយ​រក​ឃើញ​ត្រឡប់​មក​​ផ្ទះ​ស្នាក់​​​នៅ និង​ទំនុកបម្រុង​ផ្សេងៗ ​គឺ​គាត់​ជា​អ្នករ៉ាប់រង​ទាំងអស់​ ។ ប៉ុន្តែ​បែរ​​​ជា​មាន​​លេច​មុខ​ជនជាតិ​វៀតណាម​មក​អះអាង​​ថា ​ជា​​ឪពុកទៅវិញ ​។ ​ហើយ​លោក​រ​ចំ ខាំ​ភីង ​ក៏​បន្ត​ថា ដោយ​មាន​​ជី​វ​ភាព​ក្រ​​លំបាកពេក​ គាត់​និង​ក្រុម​គ្រួ​សារបាន​ពិភាក្សា​គ្នាហើយ​ គី​សុខចិត្ត​ប្រគល់​ស្ត្រី​ខាងលើ​ ​ឱ្យ​ទៅ​​ជនជាតិ​​វៀតណាមនោះ​ ដោយ​សុខចិត្ត​ទទួលយក​ការ​ឧបត្ថម្ភ​ចំនួន១,៥០០​ដុល្លារ ។ ហើយ​ការ​ប្រគល់​នេះ​ដែរ​ ត្រូវ​រៀបចំ​ឯក​សារ​​ពី​អាជ្ញាធរ​មូលដ្ឋាន​រហូត ដល់​ស្នងការ​ត្រឹមត្រូវ ​ទើប​​ប្រគល់​ជូន​ ។ ​

ទាក់ទិន​ទៅ​នឹង​ករណី​ខាងលើ លោក​ង៉​យ ដ​ន ​ជា​អធិការរង​នគរបាល​ស្រុក​អូ​រយ៉ា​ដាវឱ្យ​​ដឹង​ថា ​លោក​មិន​បាន​​ទទួល​ព័ត៌​មាន​ច្បាស់​​នៅ​ឡើយ​​ទេចំពោះ​ករណីនេះ ។

គួររំលឹកថា ស្ត្រី​មនុស្ស​ព្រៃ​នេះ បាន​វង្វេង​ក្នុង​ព្រៃ​រយៈពេល​១៨​ឆ្នាំ​នៅ​ខេត្តរតនគិរី ត្រូវ​ក្រុម​គ្រួសារ​ចាក់សោ​នៅ​ក្នុងផ្ទះ​តូច​មួយ ដូច​ជា​ទ្រុង​មាន់​ប្រមាណ​ជាង​មួយ​ខែ​មក​ហើយ ដោយសារ​ឪពុក​ម្តាយ​នាង​ភ័យ​ខ្លាច​នាង​រត់​ត្រឡប់​ចូល​ទៅ​ក្នុង​ព្រៃ​វិញ ឬ​ក៏​អាច​ត្រូវ​នរណា​ម្នាក់​ចាប់​នាង​រំលោភ​ ​។

​នាង​ត្រូវ​បាន​នាំ​ចេញពី​ព្រៃដោយ​ខ្លួន​ទទេ គ្មាន​សម្លៀក​បំពាក់​និង​កខ្វក់ បន្ទាប់​ការ​ព័ទ្ធ​ចាប់​ដោយ​អ្នក​ភូមិ ខណៈ​នាង​កំពុង​ព្យាយាម​លួច​អាហារ​ពី​កសិករ​ម្នាក់​។ នាង​ដើរ​កោង​វារជើង​បួន​ដូច​ស្វា និង​ដើរមករ​កបាយ ដែល​គេ​ដាក់​ហាល​។