ពឹង​បុរស​ស្គាល់គ្នា​ជូន​មក​ផ្ទះ ជិត​ដល់​ផ្ទះ​នាង​យំ​ក្នុង​ឡាន​ម្នាក់ឯង

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បាន​ពឹង​បុរស​ស្គាល់គ្នា​ឲ្យ​ជួយ​បើករថយន្ត​ជូន​នាង​ត្រឡប់​មក​ផ្ទះ​វិញ​ព្រោះ​នាង​មាន​អាកា​រៈ​ស្រវឹង ខណៈ​បើក​ជូន​មក​ជិត​ដល់​ផ្ទះ​ស្រាប់តែ​បុរស​រូប​នោះ​បាន​គំរាម​ប្លន់​យក​កាបូប​លុយ និង​ទូរស័ព្ទ​អាយ​ហ្វូ​ន​ទៅ​បាត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទាប​ភ្លឺ ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៧៤​កែង​មហាវិថី​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

តាម​សំដី​បងប្រុស​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ចេញពី​កម្មវិធី​ញ៉ាំ​អី​ជុំ​គ្នា​ជាមួយ​មិត្តភក្តិ​នៅ​ម្តុំ​រង្វង់​មូល​ចោម​ចៅ តែ​ដោយសារ​តែ​ប្អូនស្រី​គាត់​មាន​អាកា​រៈ​ស្រវឹង ទើប​នាង​បាន​ពឹង​ឲ្យ​បុរស​ម្នាក់​ជូន​មក​ផ្ទះ ដោយ​រូប​គាត់​ជា​បង​ជិះ​រថយន្ត​ផ្សេង​១​គ្រឿង​ទៀត ។ ប្រភព​ដដែល​បន្ត​ទៀត​ថា តាម​ផ្លូវ​មក​ផ្ទះ​គាត់​បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​រហូត ស្រាប់តែ​ពេល​មក​ជិត​ដល់​ផ្ទះ ទូរស័ព្ទ​ទាក់ទង​លែង​បាន ធ្វើ​ឲ្យ​គាត់​មិន​អស់ចិត្ត ក៏​បើករថយន្ត​ត្រឡប់​ក្រោយ​តាម​រក​វិញ ។ ពេល​ដែល​បើក​មក​ដល់​មហាវិថី​នរោត្តម​កែង​ផ្លូវ​លេខ​១៧៤ ក៏​ឃើញ​ប្អូនស្រី​លោក​អង្គុយ​យំ​តែ​ម្នាក់ឯង​ក្នុង​រថយន្ត មិនឃើញ​បុរស​ដែល​ជូន​មក​ទេ ដោយ​ប្អូនស្រី​គាត់​ប្រាប់​ថា គេ​គំរាម​ប្លន់​យក​កាបូប​លុយ និង​ទូរស័ព្ទ​ទៅ​បាត់​អស់ហើយ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបន្តឹង​ទេ គ្រាន់តែ​បើករថយន្ត​យក​ទៅ​ទុក​នៅផ្ទះ​ខ្លួនឯង​តែ​ប៉ុណ្ណោះ ៕