អតីត​ស្ថាបនិក​ក្រុម EV Band ទៅ​ជំនួស​តំណែង មាស សុខរតនៈ?

មួយ​រយៈ​ចុង​ក្រោយ​នេះ លោក មាស សុខរតនៈ តែង​បដិសេធ​រាល់​សំណួរ​ផ្សេងៗ​ពាក់ព័ន្ធ​ទៅ​នឹង​តារា​ចម្រៀង​នានា​ក្នុង​ផលិតកម្ម Town ដោយ​បាន​លើក​ឡើង​ថា លោក​បាន​ផ្លាស់​ទៅ​កាន់​ផ្នែក​ផ្សេង​ហើយ។

 

អតីត​ស្ថាបនិក​ក្រុម EV Band ទៅ​ជំនួស​តំណែង មាស សុខរតនៈ?លោក អ៊ា វឌ្ឍនា និង​លោក មាស សុខរតនៈ

ជាមួយ​គ្នា​នោះ ក៏​លេចឮ​ព័ត៌មាន​មក​ថា អតីត​ស្ថាបនិក​ក្រុម​ចម្រៀង EV Band លោក អ៊ា វឌ្ឍនា កំពុង​ឈរ​តួនាទី​ជា​អ្នក​ចាត់ការ​ទូទៅ​ផលិតកម្ម Town វិញ​ម្ដង​ជំនួស​លោក មាស សុខរតនៈ។ ទោះ​បី​ជា​យ៉ាង​ណា តួនាទី​នោះ​មិន​ត្រូវ​បាន​ផលិតកម្ម​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ជា​សាធារណៈ​ដូច​កាល​ដែល​អ្នក​ស្រី ពាន់ ភួងបុប្ផា ចូលរួម​ជាមួយ​ផលិតកម្ម​មួយ​នេះ​ក្នុង​នាម​ជា​ផលិតករ​ភាពយន្ត​នោះ​ឡើយ។

 

ប្រភព​មួយ​បង្ហើប​ឱ្យ​ដឹង​ថា តាម​ពិត​ក្រៅ​ពី​តួនាទី​ចាត់​ការ​ទូទៅ​ហើយ​នោះ អតីត​អ្នក​ជំនាញ​លាយ​ភ្លេង​នៅ​វិទ្យុ​ស្ត្រី​អេហ្វអឹម ១០២ រូប​នេះ​ក៏​មាន​តួ​នាទី​បន្ថែម​ខ្លះ​ទៀត​ដែរ​នៅ​ក្នុង​ផលិតកម្ម​ខាង​លើ។

 

ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក មាស សុខរតនៈ នោះ​ទេ ដោយ​សារ​ទូរសព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល។ ដោយ​ឡែក​សាមី​ខ្លួន​លោក អ៊ា វឌ្ឍនា បាន​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ចូល​ទៅ​កាន់​តំណែង​ជំនួស​លោក មាស សុខរតនៈ ប្រាកដមែន។

 

“ខ្ញុំ​ត្រឡប់​មក​ពី​បារាំង​វិញ​ហ្នឹង រតនៈ គាត់​ទាក់ទង​ខ្ញុំ​ឱ្យ​ជំនួស​គាត់ ព្រោះ​លឺ​ថា​គាត់​ទៅ​កាន់​ផ្នែក​ទូរទស្សន៍​វិញ​ម្ដង អញ្ចឹង​ខ្ញុំ​ក៏​មក​ទៅ”។ លោក អ៊ា វឌ្ឍនា ថ្លែង​មក​កាន់ Sabay។

 

អតីត​ប្រធាន​ក្រុម EV ខាង​លើ​បន្ត​ថា លោក​ទើប​ចូលរួម​ជាមួយ​ផលិតកម្ម​បាន ៣ សប្ដាហ៍​ប៉ុណ្ណោះ ហើយ​កំពុង​សិក្សា​ពី​បរិយាកាស​ការងារ​នៅ​ឡើយ ហើយ​មាន​រឿងរ៉ាវ​ជា​ច្រើន​ត្រូវ​ស្វែង​យល់​ទៀត​ផង៕

 

អត្ថបទ៖ សំ ជំនាញ