“មិន​រក​លេស តែ​ឆ្នាំ​នេះ​ស៊យ​មែន… ​ប្រកួត​​​បើ​មិន​របួស ជាប់​ពិន័យ” គ្រូ​ភ្នំពេញ​ក្រោន

ភ្នំពេញ​ក្រោន​ប្រកួត​ចាញ់​ក្រុម​ក្រសួង​ការពារ​ជាតិ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ ដោយ​លទ្ធផល ១-០។ ដោយ​ក្នុង​ប្រកួត​នោះ​ដែរ ក្រុម​ម្ចាស់​ផ្ទះ​ក្រោន​អវត្តមាន​ខ្សែ​ប្រយុទ្ធ​២​នាក់​គឺ កែវ សុខផេង ​កាត​លឿង​២​ដង ​និង​កែវ សុខងន ​របួស។ នេះ​តម្រូវ​ឱ្យ​ក្រុម​របស់​លោក សែម សំណាង ​ត្រូវ​ប្រើ​យុវជន​ច្រើន ដើម្បី​លេង​ត​ទល់​ជាមួយ​ក្រុម​ខ្លាំង​ដូចជា​ទ័ព ដែល​សំបូរ​ដោយ​កីឡាករ​មាន​បទ​ពិសោធន៍​ជោកជាំ។

 

“មិន​រក​លេស តែ​ឆ្នាំ​នេះ​ស៊យ​មែន… ​ប្រកួត​​​បើ​មិន​របួស ជាប់​ពិន័យ” គ្រូ​ភ្នំពេញ​ក្រោនលោក​ សែម សំណាង

 

លោក​ សែម សំណាង ​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ខ្ញុំ​មិន​រក​លេស​ទេ តែ​ដូច​ឃើញ​ស្រាប់​ហើយ តាំង​ពី​ដើម​រដូវ​កាល​មក ​ឱ្យ​តែ​ដល់​ពេល​ប្រកួត កីឡាករ​របួស ​បើ​មិន​របួស​ជាប់​ពិន័យ។ មិន​ដឹង​ថា​ជា​រឿង​ស៊យ​ឬ​អី​ទេ។ អ្នក​ទាំង​អស់​គ្នា​បាន​ឃើញ​ស្រាប់​ហើយ។ យើង​លេង​ដោយ​ប្រើ​យុវជន មាឌ​តូច​ច្រើន”។

 

បន្ថែម​ពី​លើ​ការ​ខក​ចិត្ត​នៅ​រដូវ​កាល​នេះ​ដែរ លោក សែម សំណាង ​នៅ​តែ​សរសើរ​ទឹក​ចិត្ត​របស់​យុវជន​ខ្លួន ដែល​អាច​លេង​ជាមួយ​កីឡាករ​ចាស់​ៗ ​និង​អាច​បង្កើត​ឱកាស​បាន​ជា​ច្រើន ដែល​សឹង​តែ​រក​គ្រាប់​បាល់​បាន​ទៀត​នោះ។ “ខ្ញុំ​សរសើរ​កីឡាករ​ក្មេង​ៗ ដែល​អាច​លេង​បាន​៩៥​នាទី​ពេញ ​ទោះ​ជា​លទ្ធផល​មិន​ឈ្នះ​តែ​នេះ​ជា​អ្វី​ដែល​យើង​មើល​ឃើញ​ពី​សមត្ថភាព​របស់​ពួកគេ។ យុវជន​ល្អ”៕

 


អត្ថបទ៖ មុន្នី រម្យ