ពុទ្ធិសាស្រ្ត​មួយ​ឆ្នាំ​ៗ​ចម្រាញ់​យក​សិស្ស​ពូកែ ៤ ដង មុខ​ជំនាញ​ព័ត៌មានវិទ្យា

ជា​រៀងរាល់​ឆ្នាំ សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្តតែង​តែ​រៀបចំ​កម្មវិធី​ប្រកួត​ស្វែង​រក​និស្សិត​ឆ្នើម​ដែល​សិក្សា​​លើ​មុខ​ជំនាញ​ព័ត៌មានវិទ្យា។

 

ពុទ្ធិសាស្រ្ត​មួយ​ឆ្នាំ​ៗ​ចម្រាញ់​យក​សិស្ស​ពូកែ ៤ ដង មុខ​ជំនាញ​ព័ត៌មានវិទ្យា

 

លោក ម៉ក់​ រដ្ឋា ដែល​ទទួល​បន្ទុក​បណ្ដុះបណ្ដាល​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត​បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់​ឆ្នាំ​សាកលវិទ្យាល័យ​ពុទ្ធិសាស្រ្ត​ តែង​តែ​រៀបចំ​​កម្មវិធី​ប្រកួត​ស្វែង​រក​និស្សិត​ឆ្នើម​​​សម្រាប់​និសិ្សត​​សិក្សា​មុខ​ជំនាញ​ព័ត៌មានវិទ្យា​ ដើម្បី​បង្កើត​ឱកាស​ដល់​និស្សិត​សាកល្បង​សមត្ថភាព​​ ក៏​ដូចជា​ទទួល​បាន​បទពិសោធន៍ និង​ចំណេះដឹង​ថ្មីៗ​បន្ថែម​ទៀត​ពី​ការ​ចូលរួម​ប្រកួតប្រជែង។

 

លោក​ថា មានកម្មវិធី​ ៤ ​ធំៗ​សម្រាប់​និស្សិត​ចូលរួមប្រកួត​ប្រជែង​​​​ ដូចជា​ការ​ប្រកួត​តាម​កម្រិត​ពិន្ទុ​តាម​ឆមាស ​កម្មវិធី MOS (Microsoft Office Specialist) ការ​ប្រកួត Trouble Shooting ផ្នែក Programing និង Network និង​ការ​ប្រកួត​​ស្វែង​រក​​​និស្សិត​ឆ្នើម​ដើម្បីទទួល​បាន​​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​កូរ៉េ។

 

លោក ម៉ក់ រដ្ឋា បញ្ជាក់​ថា មាន​ការ​ប្រកួតប្រជែង​កាន់​តែ​ច្រើន ​ជំរុញ​ដល់​និស្សិត​ក្នុង​ការ​ខិតខំ​សិក្សា និង​ពង្រឹង​ការ​ស្រាវជ្រាវ​កាន់​តែ​ខ្លាំង។ ម្យ៉ាង​វិញ​ទៀត វា​ក៏​ជា​កត្តា​មួយ​ជួយ​លើក​កម្ពស់​គុណភាព​នៃ​ការ​បណ្ដុះបណ្ដាល ធ្វើ​ឲ្យ​និស្សិត​យល់​ដឹង​ពី​សារប្រយោជន៍​នៃ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ចាប់​អារម្មណ៍​រៀន​ផ្នែក​នេះ​កាន់​តែ​ខ្លាំង ដែល​នឹង​ជួយ​បង្កើន​ធនធាន​មនុស្ស​ធនធាន​ផ្នែក​បច្ចេកវិទ្យា​​ ដើម្បី​​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ៕

 

ចុច​អាន៖ អតីត​និស្សិត​ IT ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង

 

អត្ថបទ​៖ ប៊ុណ្ណារ៉ា