អ្នក​វ័យ​កណ្ដាល​ចាប់​ផ្ដើម​បុក​ពោះ​រឿង​ភាសា​អង់គ្លេស​

អ្នក​វ័យ​កណ្ដាល​ភាគ​ច្រើន​បាន​ប្រាប់​ថា មាន​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ដូច​ខ្មាស​​យុវវ័យ​រឿង​ភាសា​អង់គ្លេស​​ព្រោះ​ក្មេងៗ​ឥលូវ​ភាគ​ច្រើន​ចេះ​អង់គ្លេស​និយាយ​ឡើង​រឹល ខុស​ពី​ពួកគាត់​មួយ​ចំនួន​មិន​ទាន់​អាច​ប្រើ​ភាសា​នេះ​បាន​ល្អ​នៅ​ឡើយ​។​​​​​

 

អ្នក​វ័យ​កណ្ដាល​ចាប់​ផ្ដើម​បុក​ពោះ​រឿង​ភាសា​អង់គ្លេស​
​លោក ពុង កា​រ៉ា បុគ្គលិក​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​ បាន​ប្រាប់​ថា បើ​ទោះ​លោក​អាយុ​២៨​ឆ្នាំ​ពិត​មែន​ តែ​លោក​ថា​ បើ​ធៀប​ជាមួយ​ក្មេងៗ​យុវវ័យ​សព្វ​ថ្ងៃ​ គឺ​នៅ​ចាញ់​ពួក​គេ​។

 

“ក្មេង​ៗ​ឥលូវ អង់គ្លេស​សាហាវ​ណាស់ យើង​នេះ​ចាស់​ចង់​ខ្មាស​គេ​ម្ដង​ៗ”។ លោក​​បញ្ជាក់​ថា​​ លោក​បាន​ចំណាយ​ពេល​បន្ថែម​នៅ​ពេល​យប់​រៀន​យក​បរិញ្ញា​នៅ​សាលា​ឯក​ជន​ដើម្បី​ឲ្យ​ភាសា​អង់គ្លេស​អាច​ប្រើ​បាន​ងាយ​ស្រួល​ក្នុង​អាជីព​ការងារ។

 
កាល​ពី​មុន​ គេ​គិត​ថា​មាន​តែ​អ្នក​ធ្វើ​ការ​ទេ​ ទើប​ចាំ​បាច់​ត្រូវ​ការ​ភាសា​អង់គ្លេស។ តែ​បច្ចុប្បន្ន​ មិន​ដូច្នេះ​ទេ ភាសា​សាកល​នេះ​ មាន​មុខងារ​សំខាន់​ទាំង​អ្នក​រកស៊ី​ សូម្បី​អ្នក​រត់​ម៉ូតូ​​កង់​បី​ ក៏​ត្រូវ​ការ​ភាសា​អង់គ្លេស​មិន​អាច​ខ្វះ​បាន​ដែរ។ ជាក់​ស្ដែង លោក សុង អ្នក​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​ និយាយ​ថា លោក​ក៏​បាន​ចំណាយ​ពេល​ទំនេរ​ពី​ការ​រក​ស៊ី​នេះ​ ដើម្បី​រៀន​អង់គ្លេស​ដែរ ព្រោះ​ពេល​ភ្ញៀវ​បរទេស​ត្រូវ​ការ គឺ​ងាយ​ស្រួល​ទំនាក់​ទំនង​គ្នា។

 
បុរស​អាយុ​៣១ ឆ្នាំ បន្ត​ថា ៖ “​អង់គ្លេស​ខ្ញុំ​គ្រាន់​តែ​និយាយ​ស្ដាប់​គ្នា​បាន​ខ្លះ​ពេល​ម៉ូយ​បរទេស​ត្រូវ​ការ​ជិះ​ទៅ​ណា​ប៉ុណ្ណោះ តែ​បើ​ថា​ឲ្យ​ចេះ​ខ្លាំង​គឺ​អត់​ឡើយ”។

 
សម្រាប់​ កង ពុជ​ជា​តា បច្ចុប្បន្ន​អាយុ​១៥​ឆ្នាំ បាន​ប្រាប់​ថា អ្នក​ម្ដាយ​របស់​ជា​តា​បញ្ជូន​ឲ្យ​​រៀន​ភាសា​អង់គ្លេស​តាំង​ពី​អាយុ​៣​ឆ្នាំ​និង​បាន​ហក់​ចូលរៀន​សាលា​ឯក​ជន​តាំង​ពី​​ថ្នាក់​ទី​៦។​

 

អ្នក​វ័យ​កណ្ដាល​ចាប់​ផ្ដើម​បុក​ពោះ​រឿង​ភាសា​អង់គ្លេស​

 

​​​យុវជន​ដែល​ទើប​ទទួល​បាន​វិញ្ញាបនបត្រ​កម្រិត​ភាសា​អង់គ្លេស TOFEL នៅ​សា​លា​វេស​ឡាញ តប​ថា​ ការ​រៀន​អង់គ្លេស​តាំង​ពី​ក្មេង​បែប​នេះ​​មិន​ត្រឹម​តែ​ឆាប់​ចាប់​បាន​នោះ​ទេ និង​ថែម​ទាំង​ចំណេញ​ពេល​វេលា​ទៀត​ផង។ “នៅ​ពេល​ធំឡើង​យើង​នឹង​ប្រាកដ​ថា យើ​ង​អាច​និយាយ​និង​ស្ដាប់​ភាសា​ដ៏​ពេញ​និយម​នេះ​បាន​ ហើយ​ឱកាស​ការងារ​ប្រាក់​ខែ​ខ្ពស់​ក៏​ងាយ​ទទួល​បាន​ដូចគ្នា”។
​​​
 

ចំ​ពោះ​លោក ប៉ិច ប៉ូ​ឡែន នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន វេស​ឡាញ​ ប្រាប់​ថា ភា​សា​អង់​គ្លេស​នា​ពេល​បច្ចុប្បន្ន​ អាច​ថា​លែង​ជា​ភាសា​បរទេស​ទៀត​ហើយ​។ គេ​ចាត់​ទុក​ថា​ជា​ភាសា​ទី២ ព្រោះ​វា​មាន​សារសំខាន់​ខ្លាំង​ក្នុង​អាជីព​ការងារ រៀន​សូត្រ និង​មុខ​ជំនួញ។

 

អ្នក​វ័យ​កណ្ដាល​ចាប់​ផ្ដើម​បុក​ពោះ​រឿង​ភាសា​អង់គ្លេស​

លោក ប៉ិច ប៉ូ​ឡែន នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន វេស​ឡាញ

 

លោក​ថា​ វា​អាច​ជា​រឿង​លំបាក​និង​ពិបាក​ខ្លាំង​សម្រាប់​អ្នក​មិន​ចេះ​អង់គ្លេស​នា​ពេល​បច្ចុប្បន្ន ព្រោះ​ភាសា​នេះ​បាន​ប្រើ​យ៉ាង​ទូ​លាយ​ទៅ​ហើយ។ លោក​​មើល​ឃើញ​ថា ក្មេងៗ​នា​ពេល​សព្វ​ថ្ងៃ​ ភាគច្រើន​ប្រើ​ប្រាស់​ភាសា​នេះ​បាន​យ៉ាង​ល្អ​។ ប្រសិន​បើ​អ្នក​មិន​ចេះ​អង់គ្លេស នោះ​នឹង​បាត់​ឱកាស​ជា​ច្រើន៕

 

សូមអាន៖   ​ជំនាញ​មួយ​ណា ​មាន​ឱកាស​ការ​ងារ​ខ្ពស់​ជាង​គេ?​
អត្ថបទ៖ លឹម សុ​នា​​​