ប្រធានាធិបតី​​តៃវ៉ាន់សុំ​ទោស​ជា​ផ្លូវការការ​ធ្វើ​ទុក្ខ​លើ​ជនជាតិ​ដើម

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីនវ៉េន បានធ្វើការសុំទោស ជាផ្លូវការនៅថ្ងៃចន្ទ ទី ១ សីហា ជនជាតិភាគតិច ជាប្រជាជនដើមរបស់តៃវ៉ាន់ដែលរងទុក្ខបុកម្នេញអស់ជាច្រើនរយឆ្នាំកន្លងមក។ នេះជាលើកទីមួយហើយដែលប្រមុខដឹកនាំប្រទេស ដូចយ៉ាងតៃវ៉ាន់បានចេញមុខទទួលខុសត្រូវចំពោះទង្វើរបស់រដ្ឋាភិបាលនិងពលរដ្ឋភាគច្រើន លើជនជាតិភាគតិច។

លោកស្រី ត្សៃ អ៊ីងវ៉េន ជាប្រមុខដឹកនាំតៃវ៉ាន់ដំបូងគេដែលមាននិស្ស័យគោរពជនជាតិដើម សុខចិត្តប្រកាសសុំទោសជាផ្លូវការនៅថ្ងៃនេះ ដោយសង្ឃឹមថា នឹងអាចបន្ធូរបន្ថយសម្ពាធតានតឹងរវាងជនជាតិដើមជាមួយនឹងរដ្ឋាភិបាល។

“តាងនាមអោយរដ្ឋាភិបាល ខ្ញុំសូមសម្តែងការសុំទោស ដោយស្មោះត្រង់ ចំពោះភាពអយុត្តិធម៌ ដែលជនជាតិដើម បានរងទុក្ខអស់រយៈពេលជាង៤០០ឆ្នាំកន្លងមក។ យើងត្រូវតែមើលប្រវត្តិសាស្ត្រឱ្យហ្មត់ចត់ឡើងវិញ និងហ៊ាននិយាយការពិត”។
បើតាមប្រសាសន៍របស់លោកស្រី « ពាក្យសុំទោសនេះ មិនអាចទៅដោះស្រាយបញ្ហាបានគ្រប់ទាំងអស់ទេ តែជាការបោះជំហានទៅមុខមួយដ៏សំខាន់”។

ក្រុមជនជាតិភាគតិច ដែលបាននាំគ្នាមកធ្វើបាតុកម្មនៅវិមានប្រធានាធិបតី ស្ទើរជារៀងរាល់ចុងសប្តាហ៍ ទាមទារឱ្យរដ្ឋាភិបាល ការពារសិទ្ធិរស់នៅ និងការប្រកបរបរបរបាញ់ដើម្បីចិញ្ចឹមជីវិត ព្រមទាំងបញ្ចេញសកម្មភាព ដោយជាក់ស្តែងការពារពួកគេ។ បាត់បង់ទំនៀមទម្លាប់ និងត្រូវគោរពតាមច្បាប់របស់ប្រទេស ជនជាតិដើមភាគតិចតៃវ៉ាន់ មានអារម្មណ៍រងគ្រោះ ក្នុងភាពរើសអើង។ ភាពតានតឹងបានប៉ោងឡើងកាន់តែខ្លាំង បន្ទាប់ពីជនជាតិភាគតិចម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន យកទៅកាត់ទោស ដោយហេតុតែបានបរបាញ់សត្វប្រើស ដោយប្រើអាវុធគ្មានការអនុញ្ញត ក្នុងតំបន់អភិរក្សជាលំនៅដ្ឋានរបស់ពួកគេ។

ប្រយុទ្ធដើម្បីទំនៀមទម្លាប់ និងទឹកដី

ជនជាតិភាគតិចតៃវ៉ាន់ ដែលតំណាងឱ្យ២%នៃប្រជាជនតៃវ៉ាន់សរុប ២៣លាននាក់។ ពួកគេ ដែលស្ថិតនៅក្នុងចង្កោមពួកអូស្ត្រូនេស៊ី អាចយល់ភាសាហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឬអូសេអានី ជាពលរដ្ឋដើម បានមករស់នៅលើកោះតៃវ៉ាន់ តាំងពីជាច្រើនរយឆ្នាំ។ ពួកគេត្រូវរងការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញ តាំងពីបួនរយឆ្នាំមុន ពោលគឺនៅពេលដែលជនជាតិហាន មកពីប្រទេសចិន ចូលឈ្លានពានយកទឹកដី ពង្រីកវប្បធម៌។

ជាច្រើនសតវត្សរ៍កន្លងមក ជនជាតិដើមនេះតែងតែចេញមុខប្រយុទ្ធប្រឆាំងនឹងការធ្វើអាណានិគមរបស់លោកខាងលិច ទាំងក្នុងវិស័យសេដ្ឋកិច្ចក៏ដូចជាយោធា។ រដ្ឋាភិបាលកណ្តាលតៃវ៉ាន់ បានលើកទឹកចិត្ត ឱ្យនិយាយភាសាដើម និងបង្កាត់វប្បធម៌ តាមរយៈអាពាហ៍ពិពាហ៍ឆ្លងសាសន៍ តែក៏បានធ្វើឱ្យអត្តសញ្ញាណជនជាតិភាគតិច រលុបបាត់ជាបណ្តើរៗដែរ។ ក្នុងចំណោមភាសានិងជនជាតិ ប្រមាណជា២៦ដែលរដ្ឋាភិបាលទទួលស្គាល់ មានយ៉ាងហោចណាស់ ១០ ត្រូវបាត់ និង៥ទៀតកំពុងស្ថិតនៅលើមាត់ជ្រោះនៃរលត់រលាយដែរ គួរឱ្យព្រួយបារម្ភបំផុត។ នេះបើតាមអង្គការយូណេស្កូ។

បច្ចុប្បន្ននេះ ទឹកដី និងតំបន់ដែលពួកគេត្រូវរស់នៅ មួយភាគធំ ត្រូវបានរដ្ឋាភិបាល ចាត់ចូលជាឧទ្យានជាតិ ដែលជាហេតុបង្កឱ្យមានជម្លោះយ៉ាងខ្លាំងក្នុងវិស័យបរបាញ់និងនេសាទ។ ការបរបាញ់សត្វដើម្បីចិញ្ចឹមជីវិត ដែលជាប្រពៃណីរបស់ជនជាតិភាគតិច ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងនៃច្បាប់ជាតិ។ ច្បាប់បានចែងជាអាទិ៍ ហាមឃាត់មិនឱ្យប្រើអាវុធណាក្រៅពីអាវុធផលិតដោយខ្លួនឯង សម្រាប់យកសម្លាប់សត្វ និងមិនអាចបរបាញ់បានក្នុងថ្ងៃធម្មតា គឺបានតែថ្ងៃបុណ្យ។ អត្រាអ្នកអត់ការងារធ្វើ ក្នុងចំណោមជនជាតិដើមភាគតិច មានកំរិតខ្ពសល់កំពូល។ ហើយបើរកការងារបានធ្វើ ក៏ប្រាក់បៀវត្សរ៍របស់ពួកគេ ត្រូវទាបជាងប្រាក់ខែមធ្យមរបស់ពលរដ្ឋតៃវ៉ាន់ទូទៅ ដល់ទៅប្រមាណ៤០%។

សិទ្ធិជនជាតិភាគតិច ក្នុងកម្មវិធីនយោបាយរបស់រដ្ឋាភិបាល

សុំទោស មួយម៉ាត់ ជាពាក្យដែលមានន័យជានិម្មិត្តរូប ថាលោកស្រី ត្រៀមខ្លួន ប្រឈមនឹងបញ្ហា ដោយផ្ទាល់មុខ និងជាការផ្តល់ក្តីសង្ឃឹមថ្មីដល់កុលសម្ព័ន្ធជនជាតិភាគតិច។

កាលពីសម័យឃោសនាបោះឆ្នោតប្រធានាធិបតី លោកស្រីត្សៃ អ៊ីងវ៉េន ធ្លាប់បានសន្យាថានឹងបង្កើនស្វ័យភាព និងសិទ្ធិដល់ជនជាតិភាគដើមភាគតិច។ ឥលូវបក្សនិងលោកស្រី បានទទួលជោគជ័យ ក្លាយជាអ្នកដឹកនាំប្រទេសមែន។ បូកបន្ថែមពីការប្រកាសទទួលស្គាល់ទុក្ខវេទនាជាផ្លូវការទៀតនៅថ្ងៃនេះ ក្រុមជនជាតិដើមគ្មានអ្វីអំពីរំពឹងចាំមើលសកម្មភាពរបស់រដ្ឋាភិបាល ដោយសង្ឃឹមថាតៃវ៉ាន់នឹងធ្វើការកែប្រែច្បាប់ ការពារសិទ្ធិជនជាតិភាគតិច អនុម័តនៅឆ្នាំ២០០៥ ឱ្យស្របទៅនឹងច្បាប់ជាមូលដ្ឋានគ្រឹះអន្តរជាតិការពារជនជាតិដើម។

ប្រភព៖ RFI


Related Posts