រដ្ឋាភិបាល​អូស្ដ្រាលី​ដំឡើង​ប្រាក់​លើក​ទឹកចិត្ដ​ដល់​ជន​ស្វែង​សិទ្ធិ​ជ្រក​កោន​២ម៉ឺន​ដុល្លារ​ឲ្យ​ទៅ​ស្រុក​វិញ​

រដ្ឋាភិបាលសហព័ន្ធអូស្ដ្រាលីកំពុងតែស្នើផ្ដល់បន្ថែមថវិកាលើកទឹកចិត្ដទ្វេដងដល់បណ្ដាជនស្វែងសិទ្ធិជ្រកកោននៅកោះ Manus Island នៅប្រទេសប៉ាពួនូវ៉ែលហ្គីណេដោយដំឡើងថវិកាឲ្យពួកគេម្នាក់ៗដល់ទៅ ២ម៉ឺនដុល្លារអូស្ដ្រាលីឲ្យពួកគេវិលត្រឡប់ទៅស្រុកកំណើនវិញ។

អង្គការការពារជនភៀសខ្លួន Refugee Action Coalition និយាយថា រដ្ឋាភិបាលបានដំឡើងប្រាក់រង្វាន់លើកទឹកចិត្ដពី១ម៉ឺនដុល្លារទៅ២ម៉ឺនដុល្លារអូស្ដ្រាលីក្រោយពីតុលាការកំពូលនៃប្រទេសប៉ាពួនូវ៉ែលហ្គីណេបានកាត់ក្ដីកាលពីខែមេសាឆ្នាំនេះថា មណ្ឌលឃុំឃាំងជនស្វែងសិទ្ធិជ្រកកោននៅកោះ Manus Island គឺជាសកម្មភាពខុសច្បាប់សាមីប្រទេស។

លោក Ian Rintoul អ្នកនាំពាក្យរបស់អង្គការ Refugee Action Coalition និយាយថា មិនមានជនស្វែងសិទ្ធិជ្រកកោនណាម្នាក់ក្នុងចំណោមពួកគេ១ពាន់នាក់ចាប់អារម្មណ៍លើការបង្កើនការផ្ដល់ថវិកាលើកទឹកចិត្ដនេះទេ។

លោកថា នេះជាការបញ្ជាក់ច្បាស់ថា ជនភៀសខ្លួនភាគច្រើនដែលនៅកោះ Manus Island គឺជាជនភៀសខ្លួនពិតប្រាកដ ដែលមានការភ័យខ្លាចរស់នៅក្នុងប្រទេសកំណើត និងបារម្ភអំពីការធ្វើទុក្ខបុកម្នេញនៅប្រទេសពួកគេ។

លោក Ian Rintoul និយាយថា រដ្ឋាភិបាលសហព័ន្ធត្រូវតែបិទមណ្ឌលឃុំឃាំងនៅកោះ Manus Island ហើយយកជនភៀសខ្លួនទាំងនោះមកតាំងទីលំនៅនៅក្នុងប្រទេសអូស្ដ្រាលី៕

ប្រភព៖ radioaustralia


Related Posts