ឥណ្ឌូណេស៊ីបើក​យុទ្ធនាការ​ប្រឆាំង​នឹងការ​​នេសាទ​ខុសច្បាប់

ឥណ្ឌូណេស៊ីបានប្រកាសនៅថ្ងៃចន្ទនេះ ថានឹងធ្វើការពន្លិចទូកនេសាទបរទេស ចំនួន៧១គ្រឿង ដែលអាជ្ញាធរចាប់រឹបអូសបានពេលកំពុងធ្វើការនេសាទដោយខុសច្បាប់។ សេចក្តីប្រកាសរបស់ក្រសួងនេសាទឥណ្ឌូណេស៊ីនេះធ្វើឡើងដើម្បីបញ្ជាក់អំពីជំហរប្រយុទ្ធប្រឆាំងដាច់ខាត នឹងការនេសាទខុសច្បាប់នៅក្នុងដែនទឹករបស់ខ្លួន។

ជាច្រើនខែមកហើយដែលឥណ្ឌូណេស៊ីបានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់។ បើតាមលោកប្រធានាធិបតី ហ្សូកូ វីដូដូ ការនេសាទខុសច្បាប់បានធ្វើឱ្យឥណ្ឌូណេស៊ី ខាតបង់ប្រាក់ចំណូលជាតិដល់ទៅរាប់ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំៗ។

គិតចាប់តាំងពីឆ្នាំ២០១៤ ឆ្នាំដែលលោក វីដូដូ បានឡើងកាន់តំណែងជាប្រធានាធិបតីមក មានទូកនេសាទបរទេសចំនួន ១៧៦គ្រឿង ដែលត្រូវបានអាជ្ញាធរចាប់បានពេលកំពុងធ្វើការនេសាទដោយខុសច្បាប់ និងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ពន្លិចចោល បន្ទាប់ពីបានចាប់អ្នកបើកបរនិងកម្មកររួច។ ទូកនេសាទខ្លះត្រូវបានដាក់គ្រាប់បំផ្ទុះបំផ្លាញចោល នៅចំពោះមុខសាធារណជនតែម្តងផង។

សម្រាប់ឥណ្ឌូណេស៊ី ការពន្លិច ឬបំផ្ទុះទូកនេសាទយ៉ាងស្រស់ៗបែបនេះ គឺដើម្បីឱ្យបំបាក់ទឹកចិត្តក្រុមអ្នកនេសាទបរទេសទាំងនោះ ហ៊ានបើកចូលក្នុងដែនទឹកឥណ្ឌូណេស៊ី ធ្វើការនេសាទខុសច្បាប់ទៀត។ នៅថ្ងៃទី ១៧សីហា ខាងមុខនាឱកាសថ្ងៃបុណ្យឯករាជ្យជាតិ ទូកនេសាទបរទេសចំនួន៧១គ្រឿង នឹងត្រូវពន្លិចចោល នៅតាមកន្លែងផ្សេងៗ ពេញផ្ទៃប្រទេសតែម្តង។ ប៉ុន្តែក្រសួងនេសាទឥណ្ឌូណេស៊ី មិនបានគូសបញ្ជាក់ថាតើទូកនេសាទទាំងនោះ ជារបស់ប្រទេសណាខ្លះនោះឡើយ។ នៅលើកនេះ ឥណ្ឌូណេស៊ី បានជ្រើសរើសការបំផ្លាញទូកនេសាទ ដោយមិនប្រើវិធីបំផ្ទុះទេ ព្រោះក្រុមអ្នកការពារបរិស្ថានតែងតែមិនសប្បាយចិត្តនឹងផលប៉ះពាល់ដល់បរិស្ថានបណ្តាលមកពីការបំផ្ទុះបំបែកទូកនេសាទ។

ទូកនេសាទបរទេសជាច្រើនប្រទេសដូចជា ចិន ថៃ វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី ធ្លាប់ត្រូវបានកម្ទេចចោល ក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ពីមុនមក។ ម្យ៉ាងវិញទៀត យុទ្ធនាការនេះបានចាប់ធ្វើក្នុងបរិបទនៃភាពតានតឹងខ្លាំង រវាងឥណ្ឌូណេស៊ីនិងប៉េកាំង ដោយហេតុតែជម្លោះក្នុងសមុទ្ទចិនខាងត្បូង។ មានការប៉ះទង្គិចគ្នាជាញយដងរួចមកហើយ ឥណ្ឌូណេស៊ីបានហ៊ានដល់ទៅបាញ់សម្លុតទូកនេសាទចិន ដែលចូលមកនេសាទក្នុងដែនទឹកឥណ្ឌូណេស៊ី។ តែប៉េកាំងបានបដិសេធ និងក្រេវក្រោធយ៉ាងខ្លាំង ដោយចោទហ្សារកាតាថាកំពុងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ក្នុងដែនទឹករបស់ចិន៕

ប្រភព៖ RFI


Related Posts