នរក​ក្នុង​គុក​នៅ​ហ្វីលីពីន

ស្ថានភាពពន្ធនាគារនៅក្នុងទីក្រុងកេសន ស៊ីធី ប្រទេសហ្វីលីពីន ដែលបន្ទប់សាងសង់សម្រាប់ដាក់មនុស្សតែ ៨០០ នាក់ប៉ុណ្ណោះ តែបច្ចុប្បន្នបានញាត់អ្នកទោសដល់ទៅជាង ៤.០០០ នាក់ ។
ចេញពីនយោបាយកម្ទេចបទឧក្រិដ្ឋ ដោយឡែករឿងគ្រឿងញៀនដាច់ខាតត្រូវតែកម្ចាត់ឱ្យអស់ពីដែនដីរបស់លោកប្រធានាធិបតីថ្មី រ៉ូដរីហ្គោ ឌូតេរតេ ត្រឹមតែរយៈពេល ១ ខែសោះ ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវសម្លាប់រាប់រយនាក់ និង រាប់ពាន់ចាប់ដាក់គុកពេញទូទាំងប្រទេស រហូតគ្មានគុកសម្រាប់ដាក់ ត្រូវតែញាត់ចូល លើសចំណុះច្រើនយ៉ាងណាក៏ដោយ ។

វេបសាយដេលីម៉េល បានផ្សាយនូវស្ថានភាពរស់នៅក្នុងពន្ធនាគារនេះ ដែលសុទ្ធសឹងជាអ្នកទោសយូរអង្វែង និង អ្នកទោសស្ថិតក្នុងចន្លោះពេលស៊ើបអង្កេត ក្នុងបន្ទប់មួយដែលសម្រាប់ដាក់អ្នកទោស ២០ នាក់ តែត្រូវដាក់រហូតពី ១៦០-២០០ នាក់ ។ ក្នុងស្ថានភាពបែបនេះ អ្នកទោសត្រូវឆ្លាស់វេនគ្នាដេក ឬ ដេកផ្ទាល់នឹងដី ដេកនឹងកាំជណ្តើរ ឬ ត្រូវអង្គុយដេកតែម្តង ។

ការងារប្រចាំថ្ងៃ តាំងពីដេក ស៊ី ងូតទឹក ចេញកម្លាំងកាយ បោកខោអាវ កើតឡើងក្នុងដែនកំណត់ដែលបិទបាំងជិត ។ ការហូបចុកមានបរិមាណតិចតួចបំផុត ទីកន្លែងនៅ ពោរពេញដោយសត្វក្រឡាត ក្អែប ជាដើម ។ល។ ស្បែកអ្នកទោសម្នាក់ៗមានកន្ទួល បរិយាកាសគ្មានខ្យល់ចេញចូលល្អឡើយ និង អាចនឹងកើតរោគឆ្លងបំផុត ។

អ្វីដែលធ្វើឱ្យស្លុតជាងនេះ គឺអ្នកទោសជាច្រើនត្រូវប្រឈមនឹងសភាវៈអាក្រក់នៅក្នុងគុក ទាំងជាអ្នកបរិសុទ្ធ ដូចជាលោក រ៉ៃមេន ណារ័ក បច្ចុប្បន្នបានរួចទោស និង រៀនចប់វេជ្ជបណ្ឌិត បានចេញពីពន្ធនាគារនេះហើយ ហើយបានរ៉ាយរ៉ាប់ថា «គាត់ធ្លាប់នៅក្នុងគុកនេះ ៧ ឆ្នាំ ដោយត្រូវចោទថាបានសម្លាប់មនុស្ស តែតាមពិតខ្លួនអត់បានប្រព្រឹត្តសោះ, ៧ ឆ្នាំក្នុងគុកពិតជាអាក្រក់ណាស់ ជីវិតដូចនរក ដូចប្រេត សឹងតែស្លាប់, រាល់ខែមានអ្នកទោសឈឺស្លាប់ពី ២-៥ នាក់ និង មានអ្នកជំងឺឈឺរ៉ាំរ៉ៃ រួមទាំងមានអ្នកកើតរោគចិត្តច្រើនទៀតផង» ។

រាល់អ្នកមានទោស រងទុក្ខក្នុងពន្ធនាគារ មិនត្រូវបានអង្គការសិទ្ធិមនុស្ស ឬ សង្គមស៊ីវិល ពិសេសអាមេរិកដែលជាប្រទេសបិតាសិទ្ធិមនុស្ស ណាមកស្រែកឈឺឆ្អាលពីភាពខុសច្បាប់នៃការរស់នៅដ៏សែនរងទុក្ខវេទនាឡើយ ឬ មួយ ក៏ប្រទេសហ្វីលីពីនជា«កូនជឹង» សំណព្វចិត្តរបស់អាមេរិក?!!? » ៕

ប្រភព៖ matenak


Related Posts