មានការ​សង្ស័យថា​អភិបាលខេត្ត និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ នៅ​ពី​ក្រោយខ្នង​ឈ្មួញ​យួន​

ប្រភពពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តឧត្ដរមានជ័យ មួយចំនួន​បានបង្ហាញ​នូវ​ការសង្ស័យថា លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​លោក ទៀង ដា​វិ​ទ្យ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ឈ្មួញ​យួន​ឈ្មោះ យាយ​ម៉ា​យ ដែលជា​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​គ្រញូង​ជា​យូរ​មកហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​ឈ្មួញ​យួន​ឈ្មោះ យាយ​ម៉ា​យ មាន​ខ្នងបង្អែក​រឹងមាំ​បែបនេះហើយ ទើប​គេ​ហ៊ាន​ប៉ុនប៉ង​សម្លាប់​អ្នកសារព័ត៌មាន​ដែល​តាមដាន​មុខរបរ​ខុសច្បាប់​របស់​ពួកគេ​។ ដូច្នេះ​ថ្នាក់​នាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​អភិបាលខេត្ត​ឧត្ដរមានជ័យ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ​ជាបន្ទាន់​។

សមត្ថកិច្ច​នគរបាល​ក្នុង​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​ទួល​កណ្ដាល ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ ក្រុម​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​ដែលមាន​ឈ្មួញ​យួន​ឈ្មោះ យាយ​ម៉ា​យ ជា​មេខ្លោង​បាន​បើករថយន្ត​របស់ខ្លួន​ប្រដេញ​បុក​រថយន្ត​អ្នកកាសែត​ដែល​ទៅ​ថតរូប​គំនរ​ឈើ​គ្រញូង​ជាច្រើន​តោន​នៅក្បែរ​ព្រំដែន​សៀម​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​ឈ្មួញ​យួន​ឈ្មោះ យាយ​ម៉ា​យ ហាក់ដូចជា​មានអំណាច​យ៉ាង​ធំធេង​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​ឈើ​គ្រញូង ហើយ​ហ៊ាន​ប៉ុនប៉ង​សម្លាប់​អ្នកសារព័ត៌មាន​យ៉ាង​កំរោល​។ ទោះជា​យ៉ាងណា​ដោយមាន​អន្តរាគមន៍​ពី​នគរបាល​ស្រុក​អន្លង់វែង ទើប​អាច​ឃាត់ខ្លួន​ក្រុម​ជនបង្ក​យកទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ដោះស្រាយ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សំរោង ក៏ដូចជា​នៅ​ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់​តាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម គឺ​ពួកគេ​តែងតែ​យក​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​បង្អែក ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ក្នុងនោះ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ និង​លោក ទៀង ដា​វិ​ទ្យ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​ខុសច្បាប់ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ទាំងនោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​ពលរដ្ឋ​ខ្មែរ​នៅតែ​រងគ្រោះ​ដោយសារ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​ឈ្មួញ​យួន​ឈ្មោះ យាយ​ម៉ា​យ ដែល​ល្បីល្បាញ​ខាង​ជួញដូរ​ឈើ​គ្រញូង​នៅ​ខេត្តឧត្ដរមានជ័យ យកទៅលក់​នៅ​ស្រុក​យួន​កំពុង​បន្តសកម្មភាព​យ៉ាង​គឃ្លើន​៕

12378063_246166909049152_6438091983123144697_oលោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ 13782219_1729805713937876_4143904894613565103_nឈ្មួញយួនឈ្មោះ យាយម៉ាយ  Osmach06-1