បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​នៅ​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល កើតឡើង​យ៉ាង​ពេញបន្ទុក​

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ខ្សាច់កណ្ដាល និង​ស្រុក​ល្វាឯម បាន​ឲ្យ​ដឹងថា​ដីព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​ទំហំ​៤៨១៥​ហិកតា​ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​កំពុង​ត្រូវ​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​មួយចំនួន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ក្រុមហ៊ុន​ស៊ិ​ញ​ដាយ កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ក្នុង​ផ្ទៃ​បឹង​អស់​ជាង​១០០០​ហិកតា ហើយ​មេឃុំ​និង​អភិបាលស្រុក​បែរជា​ឆ្លើយថា​មិនដឹង​ទៅវិញ​។ បញ្ហា​នេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល គួរពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​បឹង​វាល​សំណាប គ្របដណ្ដប់​ក្នុង​ឃុំ​បា​រ៉ុង ជាប់​ព្រំប្រទល់​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​ឈ្មួញ​ស្ទើរ​អស់​ទៅហើយ​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ឃុំ​បា​រ៉ុង ស្រុក​ល្វាឯម បាន​ឲ្យ​ដឹងថា​ថ្មីៗ​កន្លងទៅនេះ​គ្រឿងចក្រ​ដែល​កំពុង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​វាល​បឹង​សំណាប​មាន​ជិត​២០​គ្រឿង ហើយ​ធ្វើ​សកម្មភាព​៤​ចំណុច​ផ្សេងគ្នា គឺ​នៅ​ចំណុច​បឹង​ក្នុង នៅ​ចំណុច​បឹងកក់ នៅ​ចំណុច​ជ្រោយ​ខ្សាច់ និង​ចំណុច​ជ្រោយ​រី​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា​គ្រឿងចក្រ​ទាំងនោះ​ជា​របស់​ក្រុមហ៊ុន​ស៊ិ​ញ​ដាយ ដែល​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា បើ​គ្មាន​ការបើក​ដៃ​ពី​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក​ទេនោះ គឺ​ក្រុមហ៊ុន​ស៊ិ​ញ​ដាយ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ជាពិសេស​អតីត​មេឃុំ​បា​រ៉ុង គឺជា​អ្នកទទួលខុសត្រូវ​ជុំវិញ​បញ្ហា​នេះ​ផងដែរ ហើយ​អភិបាលស្រុក​ល្វាឯម លោក ប៊ុន ថេ​ង មិនអាច​ដោះសា​យករួចខ្លួន​បានឡើយ​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​លោក ថោង មុត មេឃុំ​បា​រ៉ុង​ប​ច្ចុ​ប្បុន្ន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ស៊ិ​ញ​ដាយ ធ្វើ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​បឹង​ព្រៃ​លិច​ទឹក គឺ​មិនបាន​ជូនដំណឹង​មក​ខាង​សាលាឃុំ​ទេ ហើយ​អាជ្ញាធរ​ឃុំ​ក៏បាន​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ស្រុក​រួចរាល់​ផងដែរ​។ សកម្មភាព​របស់​ក្រុមហ៊ុន​ស៊ិ​ញ​ដាយ គឺ​ប៉ះពាល់​ដល់​ដីព្រៃ​លិច​ទឹកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទំហំ​៤៨១៥​ហិកតា ដែលមាន​អនុក្រឹត្យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កំណត់​យ៉ាងច្បាស់​លាស់​។ ដូច្នេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​រហូតមក​ដល់ពេលនេះ​លោក ថោង មុត មេឃុំ​បា​រ៉ុង និង​លោក ប៊ុន ថេ​ង អភិបាលស្រុក​ល្វាឯម មិនទាន់​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នៅឡើយ​ទេ​៕

13174218_1766010156967941_4544878285713385141_nលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល