សមត្ថកិច្ចចាប់ខ្លួនលោក ទូច សុខខី ប្រធានអង្គការ AIF (EBC ) ប្រចាំខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពីព្រឹក ថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៦ នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្ត បានចាប់ខ្លួន លោក ទូច សុខខី ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ «AIF» ប្រចាំ ខេត្តបាត់ដំបង ដែលជាផ្នែកមួយនៃដៃគួររបស់ក្រុមហ៊ុន EBC តាមដីកាបញ្ជា ឲ្យចូលខ្លួនរបស់ ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ដោយសារតែព្យាយាម គេចវេសមិនព្រមចូលខ្លួន ទៅបំភ្លឺតាមដីកោះ របស់ស្ថាប័នអយ្យការ ពាក់ព័ន្ធ នឹងបណ្ដឹងមួយចំនួន ដែលសមាជិករបស់ខ្លួនប្ដឹងចោទប្រកាន់ ។

យោងដីកាបញ្ជាឲ្យចូលខ្លួនលេខ៣៩ដកខ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ របស់លោក ហេង លុយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទូច សុខខី អាយុ៣៥ឆ្នាំ រស់នៅក្នុង ភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង នេះមានជាប់ពាក់ព័ន្ធនឹង «ការបង្កើត និងប្រតិបត្តិ របស់អង្គការមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍(AIF)គ្មានអាជ្ញារប័ណ្ណពីស្ថាប័នមាន សមត្ថកិច្ច» កើតឡើងនៅក្នុងខេត្តបាត់ដំបង ក្នុងសំណុំរឿង ព្រហ្មទណ្ឌលេខ ៤៨២ចុះថ្ងៃទី៥ខែមិថុនាឆ្នាំ២០១៥ ដែលធ្វើឡើងដោយកងរាជអាវុធហត្ថខេត្ត។

ប្រភពប្រាប់ថា ឈ្មោះ ទូច សុខខី មានជាប់បណ្ដឹងចោទប្រកាន់ ពីសមាជិក របស់ខ្លួនពីបទ«ឆបោក» ប្រាក់រាប់សិបម៉ឺនដុល្លារទៀតផង តាមរយៈការបំផុស បំផុល ឲ្យជនរងគ្រោះបណ្ដាក់ទុនលុយរកស៊ី ជាមួយខ្លួន ដើម្បីបានចំណេញ ការប្រាក់ចំនួន១០%តែតាមពិតនេះជារូបភាពបោកប្រាសសុទ្ធសាត។ សមាជិក មួយចំនួនដែលធ្លាប់ចាញ់បោកអង្គការ AIF ដែលជាផ្នែកមួយនៃដៃគួរវិនិយោគ របស់ក្រុមហ៊ុនEBCដែលជាប់ជំពាក់វាក់វិនប្រាក់បំណុល ជាមួយសមាជិក របស់ ខ្លួនរាប់រយនាក់នៅក្នុងខេត្តបាត់ដំបង។

ជុំវិញករណីខាងលើនេះ មិនអាចស្វែងរកការបំភ្លឺ តំណាង AIF និង EBC បាន នៅឡើយទេ៕

សមត្ថកិច្ចចាប់ខ្លួនលោក ទូច សុខខី ប្រធានអង្គការ AIF (EBC ) ប្រចាំខេត្តបាត់ដំបង