សម្ដេច​ប៉ាប​៖ សាសនា​ឥស្លាម​មិនមែនជា​ភេរវកម្ម​ទេ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-02-2016, 7:59 am         624

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច​ប៉ាប​៖ សាសនា​ឥស្លាម​មិនមែនជា​ភេរវកម្ម​ទេ​បន្ទាប់ពី​ករណី​សម្លាប់​អាចារ្យ​គ្រិស្តសាសនា​ម្នា​ក់នៅ​បារាំង​កាលពីពេល​ថ្មីៗ​នេះ សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស (Francis) នៃ​បុរី​វ៉ា​ទី​កង់ មានបន្ទូលថា សាសនា​ឥស្លាម មិនគួរ​ត្រូវបាន​ប្រៀបធៀប​នឹង​ភេរវកម្ម​ឡើយ​។ មួយវិញទៀត សម្ដេច​ប៉ាប ក៏បាន​បានលើកឡើង​ពី​មូល​ហេតុដែល​ឈានដល់​ភេរវកម្ម ដែល​រួមទាំង​អយុត្តិធម៌​សង្គម និង​ការ​ឲ្យ​តម្លៃ​ខ្លាំងពេក​លើ​លុយ​នៅលើ​ពិភពលោក​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ជាថ្មី​ម្ដងទៀត សម្ដេច​ប៉ាប បានបង្ហាញ​ជំហរ​ការពារ​ឥស្លាម ដែលជា​រឿយៗ​រង​ការចោទប្រកាន់​យ៉ាងខ្លាំង ចំពោះ​សកម្មភាព​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក​។ ក្នុង​ដំណើរ​ត្រលប់​មកពី​ទស្សនកិច្ច​នៅ​ប៉ូឡូញ ប្រមុខ​សាសនា​គ្រិស្ត​សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ប្រាប់​អ្នកសារព័ត៌មាន​ថា វា​មិនមែនជា​រឿង​ត្រឹមត្រូវ និង​មិន​ពិត​ទេ ដែលថា ឥស្លាម​ជា​ភេរវកម្ម​នោះ​។ ជាមួយគ្នានេះ សម្ដេច​ប៉ា​បព្រមាន​ដែរ​ថា អឺរ៉ុប​កំពុង​រុញ​យុវជន​ក្មេងៗ ធ្លាក់​ក្នុង​ដៃ​ក្រុម​ជ្រុលនិយម​ហើយ​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​លើ​យន្តហោះ នៅ​ថ្ងៃទី​៣១ ខែកក្កដា សម្ដេច​ប៉ាប​បន្តថា វា​ក៏​មិនមែនជា​រឿង​ត្រឹមត្រូវ​ដែរ ដែល​ឲ្យ​តម្លៃ​ឥស្លាម ស្មើនឹង​ភេរវកម្ម​នោះឡើយ​។ អំឡុងពេល​នោះដែរ សម្ដេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ក៏បាន​ការពារ​ការសម្រេច​ចិត្ត​របស់​ទ្រង់ ដែល​មិន​ប្រើពាក្យ​ឥស្លាម ដើម្បី​ថ្កោលទោស​ការធ្វើឃាត​អាចារ្យ​គ្រិស្តសាសនា​នៅ​បារាំង និង​ត្រូវបាន​ប្រកាស​ទទួលខុស​ត្រូវ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​។

​បើតាម​ទីភ្នាក់ងារ AFP សម្ដេច​ប៉ាប​មានបន្ទូលថា នៅ​ស្ទើរតែ​គ្រប់​សាសនា​ទាំងអស់ សុទ្ធ​តែមាន​ក្រុម​ជ្រុលនិយម​មួយ​ក្ដាប់​តូច ហើយ​គ្រិស្តសាសនា ក៏មាន​ក្រុម​បែបនេះ​ដែរ​។ ប្រមុខ​សាសនា​គ្រិស្ត​អង្គ​នេះ​បន្តថា ព្រះអង្គ មិន​ចង់​និយាយ​អំពើហិង្សា​ឥស្លាម​ទេ ព្រោះ​ជា​រៀងៗ​រាល់ថ្ងៃ នៅតាម​ទំព័រ​កាសែត ក៏មាន​អំពើហិង្សា​នៅ​អ៊ីតាលី​ដែរ ហើយ​មិនមែន​ជន​មូស្លីម​ទាំងអស់ សុទ្ធតែ​កាច​សាហាវ​នោះដែរ​។​

​ជាមួយគ្នានេះ សម្ដេច​ប៉ាប​លើកឡើង​ពី​ដើម​ហេតុដែល​បណ្ដាល​ឲ្យ​មាន​ភេរវកម្ម​ផងដែរ​។ ព្រះអង្គ​បញ្ជាក់ថា ភេរវកម្ម​លូតលាស់​ទៅមុខ ដ្បិត​ពួកគេ​គ្មាន​ជម្រើស​អ្វី​ឡើយ ហើយ​ទឹក​លុយ បាន​ក្លាយជា​ព្រះ និង​ជា​កត្តា​សំខាន់​ក្នុង​សេដ្ឋកិច្ចពិភពលោក​។ ទន្ទឹមគ្នានេះ ការមិន​មានឱកាស​កា​រងារ​សម្រាប់​យុវជន ក៏​ជា​មូលហេតុ​ដែល​នាំ​ដល់​ភេរវកម្ម​ដែរ​។ យុវជន​ក្មេងៗ គ្មាន​ការងារ​ធ្វើ និង​ធ្លាក់ខ្លួន​ទៅ​ប្រព្រឹត្ត​គ្រឿងញៀន ហើយក៏​ចូលរួម​ជាមួយ​រដ្ឋ​ឥស្លាម​។

​សូម​រម្លឹកថា ដោយ​លើកឡើង​ពី​ការវាយប្រហារ​ជាច្រើនលើក​ពេលកន្លងមក នៅពេល​ចាប់ផ្ដើម​ទស្សនកិច្ច​ទៅ​ប៉ូឡូញ​កាលពី​ថ្ងៃទី​២៧ ខែកក្កដា សម្ដេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស សង្កត់ធ្ងន់ថា ហេតុការណ៍​ទាំងនេះ គឺជា​ភស្តុតាង​បញ្ជាក់ថា ពិភពលោក​កំពុងមាន​សង្គ្រាម ប៉ុន្តែ​មិនមែនជា​សង្គ្រាម​បង្កដោយ​សាសនា​នោះទេ​៕