​បុកគេហើយ​បើករត់​អូស​ទាំង​ម៉ូតូ​ សល់​ម្នាក់រត់​មិន​​រួច​

រាជធានីភ្នំពេញ ៖​ ដោយសារតែ​​ស្រវឹ​ងស្រា​ខ្លាំង​ពេក​ បុរសម្នាក់​បើករថយន្ត​បុក​ម៉ូតូ​​ចំ​ពីមុខ​ពេញទំហឹង​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​២​នាក់ ​ហើយ​​រថយន្ត​​បាន​​ព្យាយាម​បើក​រត់គេច​អូសទាំង​​ម៉ូតូ​​នៅជាប់កង់​ទៅជាមួយ រហូត​ទៅ​​ជ្រុល​បុក​គម្រប​​លូ​ ទើប​​​ទៅ​មុខ​លែង​រួច ​ដែល​ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០១ ​និង​២០​នាទី​រំលងអ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២ ​សីហា ស្ថិតតាម​បណ្តោយ​ផ្លូវ​៤៨៨ ​កែង​២៧១ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ​។

ប្រភពឱ្យ​ដឹងថា ភាគី​ខាង​ជន​រង​គ្រោះ​ឈ្មោះ​លី ដា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមាន​ជ័យ និង​ម្នាក់​ទៀត​ឈ្មោះ​អុ​ន ស្រី​នី អាយុ​៣៨​ឆ្នាំ ជា​ជាង​ជួសជុល​រថយន្ត​នៅ​ម្តុំ​បឹង​ត្របែក ស្នាក់​នៅ​សង្កាត់​បឹង​ទំ​ពុង ខណ្ឌមានជ័យ​ ។  ​ចំណែកខាង​រថយន្តម៉ាក​​កាម​រី​បា​ឡែ​ន ពណ៌​.ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2V-8918 ជិះ​គ្នា​៤​នាក់​ សុទ្ធតែ​ប្រុស​ហើយ​ក្នុង​ស្ថានភាព​ស្រវឹងទៀត។ 

រថយន្តនោះធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​២៧១ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ ទៅ​ជើង លុះ​​មក​ដល់​ចំណុច​កើតហេតុ​ បាន​បត់​ស្តាំ​ចុះ​ទៅ​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ​ក្នុង​ល្បឿន​យ៉ាង​លឿន ​ហើយ​ស្រវឹងស្រា​ផង​នោះ​ បាន​បួង​ចង្កូត​ទៅ​បុក​ម៉ូតូ​ម៉ាក​គ្រី​ស​​អង្គរ ពណ៌​ក្រហម​​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1D-9222​ ជា​អ្នក​រត់​ម៉ូតូឌុប​ដឹក​ម៉ូយ​ជា​បុរស​ម្នាក់​ ជា​ជាង​ជួសជុល រថយន្ត​ពី​ម្តុំ​បារ​បារាំ​នៅ​ផ្សារ​កណ្តាល​គោលបំណង​ទៅ​ផ្ទះ​នៅ​ក្បែរ​វត្ត​សន្សំ​កុសល ដោយធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៤៨៨​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​ឆ្ពោះទៅ​ផ្លូវ​២៧១ ត្រូវ​រថយន្ត​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​រង​របួសធ្ងន់​ទាំង​២​នាក់ ។

ចំណែក​ម៉ូតូ​អូស​ជាប់​ក្រោម​រថយន្ត​ ហើយ​រថយន្ត​បង្ក​មិន​បាន​ឈប់​ទេ ​បាន​បើក​រត់​ទាំង​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​បត់​តាម​ផ្លូវ​លេខ​៤៣០ បន្ត​បើករ​ត់ទៅ​ដល់​ផ្លូវ​លេខ​៥១៤ មុខ​ផ្ទះ​លេខ​៧ ក្រុម​ទី​២ ភូមិ​១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ដែល​ជា​ផ្លូវ​ទាល់​ទៅ​មុខ​លែង​រួច ទើប​រថយន្ត​រ៉ឺ​យ៉ែ​ថយក្រោយ​ធ្វើ​ឱ្យ​ជ្រុះ​ម៉ូតូ​ និង​ស្លាក​លេខ​ខូចខាត​ស្ទើរ​ទាំងស្រុង ហើយ​រថយន្ត​បង្ក​បាន​បើក​ឆ្ពោះទៅ​ផ្លូវ​លេខ​២៧១ រត់​ទៅ​ដល់​ច្រមុះជ្រូក​ក្បាលថ្នល់​ជ្រុល​ចង្កូត​ទៅ​បុក​គំរប​លូ​២​បែក​ខ្ចាត់ខ្ចាយ តែ​សំណាងល្អ​ មិន​បាន​បុក​បង្គោល​ភ្លើង​នៅ​ជាប់​នោះ ដោយសារ​រថយន្ត​អស់​ល្បឿន​ទៅ​មុខ លែង​រួច​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង​២​និង​ខ្ទេច​មុខ​ចំហៀង​ខាងឆ្វេង ។

ក្រោយ​ពេល​កើតហេតុ​ អ្នក​បើក​និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ រត់គេច​ខ្លួន​អស់​ឃាត់​បាន​តែបុរស​ម្នាក់​ដែល​អង្គុយ​នៅ​កៅអី​​ខាង​មុខ​ក្បែរ​អ្នក​បើករថយន្ត​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន​រួម​ជាមួយ​រថយន្ត​ និង​ម៉ូតូ​រង​គ្រោះ ចំណែក​អ្នក​រង​របួសធ្ងន់​ត្រូវរថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ៕