សមិទ្ធ​​ផល​ទំនប់​ទឹក​ធារាស្ត្រ​ «អាចាង» បាន​​៨០%​ហើយ​

ខេត្ត​​កំពង​ឆ្នាំង ៖ «អា​ចាង» គឺជា​សំណង់​ធារា​សាស្ត្រ​ដ៏​ធំ​មួយ ដែល​ពុំ​ធ្លាប់​មាន​​ពី​មុន​មក​ក្នុង​ទឹកដី​ខេត្តកំពង់​ឆ្នាំង ដែល​ត្រូវ​បាន​កសាង​ឡើង​​ដោយ​ទឹកប្រាក់​​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ទប់ទឹក​ស្ទឹង ​ដើម្បី​បញ្ចាល់ទឹក​ចូល​ប្រឡាយ​មេ​ សម្រាប់​ស្រោច​ស្រព​​លើ​ផ្ទៃដី​៩​​ឃុំ ក្នុងស្រុក​បរិបូរ​ណ៌ ដែល​មកទល់​ពេលនេះ​​ បាន​កសាង​ឡើង​​ដោយ​ក្រុម​ហ៊ុន​ចិន​បាន​ប្រមាណ​៨០%​ហើយ ។

បើ​ទោះ​ជា​មិន​ទាន់​ហើយ​ក្តី ប្រជាពលរដ្ឋ​មួយ​​ចំនួន បានសម្តែង​ការ​​រីករាយ តែក៏​មាន​​មួយ​ចំនួន​ទៀត​​បាន​​លើក​ឡើង​ថា ​​​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​ដីស្រែ​ពួក​គាត់​ត្រូវ​លិច​លង់ និង​ការ​ធ្វើ​ផ្លូវ​ឆ្លង​ប្រឡាយ​មាន​​ចម្ងាយ​ឆ្ងាយ​ៗ​ពី​គ្នា​ពេក​ជាដើម ។

​លោក​ឃួ​ន សៅ​រុំ អភិបាលស្រុកបរិបូរ​ណ៌​បាន​បញ្ជា​ក់ថា​ ប្រជាពលរដ្ឋ​ភាគច្រើន​បាន​សម្តែង​សប្បាយ​រីករាយ​ជា​ខ្លាំង ព្រោះ​បាន​ប្រឡាយ​ទឹក​ជិត​ផ្ទះ អាច​ធ្វើស្រែ​ប្រាំ​ប្រឡង​ប្រណាំង​គ្នា​បាន មួយ​ឆ្នាំ​២​ ឬ​៣​ដង​ជាដើម ។ ប៉ុន្តែ​ក្នុង​នោះ​​ មួយ​ចំនួន​តូច ​ក៏​បាន​ប៉ះ​ពាល់​ខ្លះ​ដែរ ដោយសារ​តែ​ចាល់​​ទឹក​លិច​ស្រែ លិច​ស្រូវ​ពួក គាត់​ជាដើម ហើយ​បើ​យើង​មិន​ទៅ​ដោះ ដោយ​បើក​មុខទឹក​បង្ហូរ​ទេ គឺ​យើង​យ៉ាប់​​ហើយ ។

ចំណែក​ផលប៉ះ​ពាល់ ដោយសារ​ការ​ធ្វើ​ប្រឡាយ ធ្វើ​ទំនប់ និង​ធ្វើ​ធារាសាស្ត្រ​ជាដើម គឺ​នៅ​សល់៥៦​គ្រួសារ​ទៀត ​ដែល​ថ្នាក់​ជាតិ មិន​​ទាន់​បាន​ដោះ​ស្រាយ ។ ​ទោះ​ជា​យ៉ាងណា លោក​ថា​ ប្រជាពលរដ្ឋលោក​រីករាយ​ជា​ខ្លាំង​ នៅ​ពេល​ទំនប់​ទឹក​ធារាសាស្ត្រ «អា​ចាង» ត្រូវ​បាន​កសាង​រូ​ចរាល់​ជា​​ស្ថាពរ ។

លោក​ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង ​បាន​មាន​ប្រសាសន៍​ថា ប្រ​ព័​ន្ធ​​ធា​រា​សស្ត្រ «អា​
ចាង» គឺជា​គម្រោង​កសាង​ឡើង​ ​ដោយ​រាជរដ្ឋាភិបាល​ ទទួល​ម៉ៅ​ការ​សាងសង់ដោយ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ស៊ី​ណូ​ហ៊ី​ត្រូ​ ( SINOHIDRO ) ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​​៤០​លាន​ដុល្លារ និង​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ជាង​២​លាន​ដុល្លារ​​ទៀត ។​

ទំនប់ខាងលើ គឺ​​បាន​ចាប់ផ្តើម​កសាង​ឡើង កាល​ពី​ថ្ងៃទី​៣ ​​វិច្ឆិកា​ ២០១៤ មក​ដល់​ពេល​នេះ​ បានជិត​៨៥%​ហើយ ។ តាម​គម្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ​ឆ្នាំ​២០១៧ ។​ ទំនប់​ទឹក​ធារាសាស្ត្រ ពុំ​ធ្លាប់​មាន​នេះ មាន​ប្រឡាយ​មេ​មួយ​ខ្យែ​លាត​ស​ន្ធឹង​ប្រវែង​១៩​.៥០០​ម៉ែត្រ និង​ប្រឡាយ​រង​ចំនួន​១០ខ្សែ មាន​ប្រវែង​សរុប​៤៩​,៦៨០​ម៉ែត្រ គ្របដណ្តប់​លើ​៩​ឃុំ ក្នុង​ស្រុក​បរិបូរណ៍ គឺ​ឃុំ​អ​ញ្ជា​ញ​រូង ឃុំ​ផ្សារ ឃុំ​ពេជ្រ​ចង្វា ឃុំ​ពពេល ឃុំ​ចក ឃុំ​ខុន​រ៉​ង ឃុំ​ឆ្នុកទ្រូ ឃុំ​ត្រពាំង​ចាន់ និង​ឃុំ​ពន្លៃ  ដែល​មាន​ផ្ទៃដី​ ត្រូវ​បង្ក​​បង្កើន​ផល​១០,៣០០​ហិ​កតា ។

​ដោយឡែក​ ចំពោះ​ផល​ប៉ះពាល់​វិញ ខាង​ក្រុមហ៊ុន​ចិន​បាន​ធ្វើ​ស្ពាន​ឆ្លង​ប្រឡាយ​មេ​បន្ថែម​ទៀតហើយ ដើម្បី​សម្រួល​ដល់​ដំណើរការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ចំណែក​រឿង​​ចាល់​ទឹក​លើ​ទំនប់ ដែលកំពុង​បិទ​ធ្វើការ​សាងសង់ ខាង​ក្រុមហ៊ុន នឹង​ជីក​បង្ហូរ​ជូន​ប្រជាពលរដ្ឋ​តាម​សំណូមពរ ដោយឡែក​ ថ​វិការ​ដោះស្រាយ​គោលនយោបាយ​ផល​ប៉ះពាល់ បាន​ដោះ​សង​ប្រជាពលរដ្ឋ​បាន​មួយ​ចំនួន​ហើយ សល់មួយ​ចំនួន​ទៀត ខាង​ថ្នាក់​ជាតិ​ពុំ​ទាន់​ទម្លាក់​ថវិកា​មក​នៅឡើយ ។