​ចុះ​ឆែកផ្ទះសំណាក់ «ជំនោរ​រាត្រី» បន្ទាប់ពី​ឱ្យក្លិនមិន​ស្រួល

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០១ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់ «​ជំនោរ​រាត្រី​» ក្នុងភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ កម្លាំង​អធិការ​នគរបាល​ក្រុង​ច្បារមន បាន​បង្ក្រាប​មុខសញ្ញា​អ្នក​ប្រើប្រាស់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់​ភ្លាម​ៗ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់ ១-​ឈ្មោះ​វ៉​ន សំបុក អាយុ​២៧​ឆ្នាំ ២-​ឈ្មោះ​ឈឿ​ង ដា​រ៉ូ អាយុ​២៥​ឆ្នាំ ៣-​ឈ្មោះ​ឃឹម រ៉ូ អាយុ​២៤​ឆ្នាំ និង​៤-​ឈ្មោះ​យិ​ន សា​រ៉ា​វុ​ធ អាយុ​២១​ឆ្នាំ ទាំង​៤​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​មហា​លំពាំង ឃុំ​សែន​ដី ស្រុក​សំរោង​ទង ។

ក្នុង​ការ​បង្ក្រាប​នោះ ត្រូវ​កម្លាំង​ដកហូត​វត្ថុ​តាង​មាន​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៥​កញ្ចប់​តូច (​ទម្ងន់​៤,៧​ក្រាម​), ម៉ូតូ​១​គ្រឿង​, ទូរស័ព្ទ​ដៃ​៣ រួម​នឹង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ។ ករណី​នេះ កំពុង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី ។