សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​អូរ​យ៉ា​ដាវ នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ

បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ប្រណី​តទៅ​លក់​នៅក្រៅ​ប្រទេស​មិន​ត្រូវបាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ក្នុង​ខេត្តរតនគិរី អនុវត្តន៍​តាម​ដោយ​យកចិត្តទុកដាក់​នោះទេ​។ ផ្ទុយទៅវិញ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត បានចាត់ទុក​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រករបៀង​ក្នុងស្រុក​នេះ ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ខ្លួន​។ ហេតុនេះហើយ​ទើប​មួយរយៈ​ពេល​ចុង​ក្រោយនេះ បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​រាប់សិប​គ្រឿង​តាម​ច្រក​អូរ​យ៉ា​ដាវ នៅតែ​បន្ត​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​។

ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ បាន​ឲ្យ​ដឹងថា​កាលពី​ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៦ មាន​រថយន្ត​សាំ​យ៉ុង​ប្រមាណ​២០​គ្រឿង​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន​តាម​ច្រក​អូ​រយ៉ា​ដាវ​។ សមត្ថកិច្ច​តូចតាច​នៅ​ច្រក​អូ​រយ៉ា​ដាវ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​រថយន្ត​សាំ​យ៉ុង​ប្រមាណ​២០​គ្រឿង​នោះ បានមក​ចត​បន្តកន្ទុយ​គ្នា​មុខ​ច្រក​អូ​រយ៉ា​ដាវ ចាប់តាំងពី​ព្រលឹម​ដើម្បី​រង់ចាំ​ដល់​ច្រក​នេះ​បើក​នៅវេលា​ម៉ោង​៧​ព្រឹក​។ បន្ទាប់ពី​ច្រក​នេះ​ត្រូវ​បើក​តាម​ពេល​កំណត់​គឺ​រថយន្ត​សាំ​យ៉ុង​ទាំង​ប្រមាណ​២០​គ្រឿង​បាន​ឆ្លងដែន​ចូលទៅ​ស្រុក​យួន​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

សកម្មជន​ព្រៃឈើ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត នគរបាល​ប្រឆាំង​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​ទេនោះ គឺ​ឈ្មួញ​មិន​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​បានឡើយ​។ ប្រធាន​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ ជា​អ្នកទទួលខុសត្រូវ​យ៉ាង​ធំ​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​ច្រក​នេះ​ទៅ​លក់​នៅ​ស្រុក​យួន ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ជាពិសេស​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ត្រូវ​ចាត់វិធានការ​លើ​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​បក្ខពួក​ជាបន្ទាន់ ព្រោះ​ពួកគេ​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ដើម្បី​ផលប្រយោជន៍ ហើយ​បណ្ដោយ​ឲ្យ​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញ​តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រក​នានា​យ៉ាង​រលូន​៕

Pic162 fn-2016-08-01-07-45-08-0