អំពើអាក្រក់​របស់​មន្ត្រី​បរិស្ថាន​ខេត្តកំពង់ធំ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​

លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​សណ្ដាន់ ក្ដៅក្រហាយ​យ៉ាងខ្លាំង​ដោយសារតែ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​បរិស្ថាន​ការពារ​ព្រៃ​ឡង់ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស និង​គិតគូរ​តែ​ពី​រឿង​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ហើយ​គួរ​ចាត់វិធានការ​លើ​លោក តុ​ប កក្កដា និង​មន្ត្រីក្រោមឱវាទ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​គាបសង្កត់​ធ្វើបាប​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​។ បើ​មិន​ដូច្នេះ​ទេ​លោក តុ​ប កក្កដា នឹង​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ជាមិនខាន ហើយ​ពួកគេ​ធ្វើបាប​ប្រជាពលរដ្ឋ​ទន់ខ្សោយ​កាន់តែខ្លាំង​ឡើងៗ​។

ថ្មីៗ​នេះ​មន្ត្រី​បរិស្ថាន​ការពារ​ព្រៃ​ឡង់​មួយក្រុម​បាននាំគ្នា​ចាប់យក​ឈើ​របស់​ប្រជាពលរដ្ឋ​ដែល​ដឹក​ចេញពី​ព្រៃ​បន្តិចបន្តួច​យកទៅ​ជួសជុល​លំនៅដ្ឋាន​ឬ​យកទៅ​ប្រើប្រាស់​តាម​សេចក្ដីត្រូវការ​ចាំបាច់​មួយ​ចំនួន​។ មន្ត្រី​បរិស្ថាន​ការពារ​ព្រៃ​ឡង់​ដែលមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ចាប់យក​ឈើ​ពី​ប្រជាពលរដ្ឋ​យកទៅលក់​ឲ្យ​ឈ្មួញ​ឈើ​ដោះស្រាយ​ប្រចាំ​ស្រុក​សណ្ដាន់​យ៉ាង​ក្រអឺតក្រទម ហើយ​ចែក​ផលប្រយោជន៍​គ្នា​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ ប៉ុន្តែ​នៅពេល​ឈ្មួញ​ធំៗ​កាប់​ឈើ​ក្នុងព្រៃ​ឡង់​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុងស្រុក​បារាយណ៍ និង​តំបន់​មួយចំនួនទៀត គឺ​មិនឃើញ​មន្ត្រី​បរិស្ថាន​ក្នុងស្រុក​សណ្ដាន់ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​នេះ ចាត់វិធានការ​បង្ក្រាប​ឡើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា មន្ត្រី​បរិស្ថាន​ក្នុងស្រុក​សណ្ដាន់ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​នេះ មិនដែល​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​នោះទេ ហើយ​ពួកគេ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ពី​ឈ្មួញ​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។ ដោយសារតែ​មន្ត្រី​បរិស្ថាន​ក្នុងស្រុក​សណ្ដាន់ គិតតែ​ពី​រឿង​ផលប្រយោជន៍​បែបនេះហើយ ទើប​ឈ្មួញ​ធំៗ​នៅតែ​អាច​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​តាម​អំពើ​ចិត្ត ចំណែក​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​មិនអាច​ទប់ស្កាត់​បានឡើយ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរពិនិត្យមើល​អំពើអាក្រក់​របស់​មន្ត្រី​បរិស្ថាន​ប្រចាំ​ស្រុក​សណ្ដាន់​ខ្លះ​ផង ព្រោះ​ការដែល​មន្ត្រី​បរិស្ថាន​ចាប់​ឈើ​របស់​ប្រជាពលរដ្ឋ​យកទៅលក់​ឲ្យ​ឈ្មួញ គឺជា​អំពើ​គួរ​ឲ្យ​អៀនខ្មាស​បំផុត​៕

photo_2016-07-31_19-07-24 photo_2016-07-31_19-07-09 photo_2016-07-31_19-07-14