សមត្ថកិច្ច​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប មិន​បង្ក្រាប​ល្បែងស៊ីសង​ដែល​បំផ្លាញ​សន្តិសុខ​សង្គម​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សន់​ថន ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​សង្វៀន​បញ្ជល់មាន់​មួយកន្លែង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ហើយ​មិនឃើញ​នគរបាល​ឃុំ នគរបាល​ស្រុក និង​មន្ត្រី​អាជ្ញាធរ ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​សង្ស័យថា ម្ចាស់​សង្វៀន​បញ្ជល់មាន់​សូកប៉ាន់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ភូមិ​សន់​ថន បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​ក្នុង​មូលដ្ឋាន​ពួកគាត់​បើក​លេង​ជា​យូរ​មកហើយ ជាពិសេស​នៅ​ថ្ងៃ​សុក្រ ប៉ុន្តែ​មិនដែល​ឃើញ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ទប់ស្កាត់​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មាន​បុរស​ម្នាក់​ឈ្មោះ ភ័ត គឺជា​អ្នករត់​ការសម្របសម្រួល​ជាមួយ​អធិការនគរបាល​ស្រុក​ក្រឡាញ់ ក៏ដូចជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រឡាញ់ ព្រមទាំង​មន្ត្រី​អាជ្ញាធរ ដើម្បី​ឲ្យ​សង្វៀន​បញ្ជា​ល់​មាន់​អាច​ដំណើរការ​យ៉ាង​រលូន និង​មាន​អតិថិជន​កាន់តែ​ច្រើនឡើងៗ​។ នៅក្បែរ​សង្វៀន​បញ្ជល់មាន់​នោះ​ក៏មាន​បើក​លេងល្បែង​បៀ​និង​អាប៉ោង​ផងដែរ ដែលជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​លេងល្បែង​មាន​ចំនួន​កើន​ឡើងជា​បន្តបន្ទាប់​។

ក្រោយពេល​មាន​សង្វៀន​បញ្ជល់មាន់​និង​ល្បែង​បៀ​អាប៉ោង​កើតឡើង​ក្នុងភូមិ​សន់​ថន ឃុំ​សំបួរ ស្រុក​ក្រឡាញ់ បានធ្វើ​ឲ្យ​មាន​បទល្មើស​ផ្សេងៗ​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ និង​បទល្មើស​ផ្សេងៗ​ទៀត​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្ត និង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ចាត់វិធានការ​លុបបំបាត់​ល្បែងស៊ីសង​ក្នុង​ឃុំ​សំបួរ ស្រុក​ក្រឡាញ់​ជាបន្ទាន់ ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំៗ​ថា អភិបាលស្រុក​ក្រឡាញ់ ក៏ដូចជា​អធិការនគរបាល និង​មេបញ្ជាការ​អាវុធហត្ថ​ស្រុក ប្រហែល​ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​សង្វៀន​បញ្ជល់មាន់ និង​ល្បែង​បៀ​អាប៉ោង​ជាប្រចាំ ទើប​មិន​ចាត់វិធានការ​បង្ក្រាប ហើយ​បណ្ដោយ​ឲ្យ​រាលដាល​កាន់តែខ្លាំង​ឡើងៗ​៕

mylekha_1460174072លោក សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប 13767319_1739158206350870_6152954052084439764_o 13667927_1739158136350877_8063886202037043959_o 13734929_1739158166350874_1919917250585210608_o