លោក កឹម សុខា បាន​បញ្ជាក់ថា បើ​ខ្មែរ​ភ្ញាក់រលឹក ខ្មែរ​រួបរួមគ្នា​ខ្មែរ​បាន​សុខ​

​បើទោះជា​ស្ថានភាព​នយោបាយ​នៅតែមាន​ភាព​តានតឹង​នៅឡើយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សជំទាស់​ត្រូវគេ​សង្កេតឃើញថា​នៅតែ​ព្យាយាម​ជំរុញ​ការដោះស្រាយ​បញ្ហានយោបាយ​ឲ្យ​មាន​ភាពប្រក្រតី​ឡើងវិញ​ដើម្បី​ធានា​ដល់​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ​អាច​ប្រព្រឹត្តទៅបាន​រលូន​ល្អ​។ ជាក់ស្តែង​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បញ្ជាក់ថា បើ​ខ្មែរ​ភ្ញាក់រលឹក ខ្មែរ​រួបរួមគ្នា ខ្មែរ​បាន​សុខ តែ​ផ្ទុយទៅវិញ​បើ​ខ្មែរ​មិន​ភ្ញាក់រលឹក ហើយ​បន្ត​បែកបាក់​គ្នា បរទេស​នឹង​ឆ្លៀតឱកាស​កេងចំណេញ​ផលប្រយោជន៍​ពី​ខ្មែរ​មិន​ខាន​។​

​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​រវាង​សកម្មជន​មូលដ្ឋាន​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នា​រសៀល​ថ្ងៃ​ច័ន្ទ ទី​០១ ខែសីហា ឆ្នាំ​២០១៦ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា លោក​សូម​អរគុណ និង​កោតសរសើរ​ចំពោះ​ការតស៊ូ​របស់​បងប្អូន​នៅ​មូលដ្ឋាន ហើយ​លោក​ជឿជាក់ថា ការតស៊ូ​របស់​យើង​នឹង​បាន​ជោគជ័យ​ថ្ងៃ​ណាមួយ​មិន​ខាន​។ លោក កឹម សុខា បាន​សម្តែង​ការយល់ឃើញថា ជោគជ័យ​ដែល​យើង​ចង់បាន​នោះ គឺ​៖ ទី​១-​ធ្វើ​ឲ្យ​ខ្មែរ​ទាំងអស់គ្នា​ភ្ញាក់រលឹក ដោយ​ជឿជាក់ថា សត្រូវ​របស់​យើង​មិនមែន​ខ្មែរ​គ្នាឯង​ទេ​។ ឈប់​យក​ខ្មែរ​គ្នាឯង​ជាស​ត្រូវ និង​ឈប់​ធ្វើ​ឲ្យ​ខ្មែរ​គ្នាឯង​ឈឺចាប់​។ ទី​២-​ក្រោយពី​ខ្មែរ​ភ្ញាក់រលឹក ខ្មែរ​នឹង​រួបរួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ​ជាមួយគ្នា និង​ទី​៣-​ពេលនោះ​ហើយ​ដែល​ខ្មែរ​យើង​នឹង​ទទួលបាន​សេចក្ដីសុខ​ចម្រើន​ទាំងអស់គ្នា​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា បើ​ខ្មែរ​ភ្ញាក់រលឹក ខ្មែរ​រួបរួមគ្នា ខ្មែរ​បាន​សុខ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ថ្មីៗ​នេះ​ក៏បាន​បញ្ជាក់ដែរថា ខែ្មរ​រួបរួម​ខែ្មរ​រស់ ខ្មែរ​ឈ្លោះ​បែកបាក់​ខែ្មរ​ស្លាប់​។ ចំពោះមុខ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន លោក កឹម សុខា បាន​ពន្យល់ថា តាមរយៈ​ប្រតិកម្ម​របស់​អង្គការ​សហ​ប្រជា ជាតិ ប្រទេស​មហាអំណាច​នានា អង្គការ​អន្តរជាតិ​ធំៗ អ្នកវិភាគ និង​អ្នកតាមដាន​នយោបាយ​ជាតិ និង​អន្តរជាតិ ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ល្បីៗ​ក្នុង​ពិភពលោក ជាពិសេស ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ដែល​បាន​បញ្ចេញ​ក្នុងពេល​ថ្មីៗ​នេះ គឺជា​សក្ខីភាព​បង្ហាញ​យ៉ាងច្បាស់ ដែល​មិនអាច​ប្រកែក​បាន​ថា ប្រទេស​កម្ពុជា​យើង​កំពុងមាន​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ទាន់ពេលវេលា ពិសេស​ធានា​ដល់​ដំណើរការ​បោះឆ្នោត​នាពេលខាងមុខ​៕

13912638_1418520048165290_7940822812821846774_n 13882275_1418520128165282_4728549912334554745_n 13902693_1418520051498623_6226731951326044958_n