តម្លៃ​មាស​បាន​កើនឡើង​200​បាត ខណៈ​ប្រាក់​ដុល្លារ​ធ្លាក់​ចុះ

កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ តម្លៃ​មាស​ក្នុង​ទីក្រុង​បាងកក​បាន​កើនឡើង​ចំនួន​២០០​បាត ទៅ​២២.២០០​បាត​ក្នុង​ទម្ងន់​១​បាត (​បាត គឺជា​ឯក​តា​រង្វាស់​ទម្ងន់​មាស​ក្នុង​ប្រទេស​ថៃ ដែល​ក្នុង​មួយ​១​បាត​ស្មើនឹង​១៥,២៤​ក្រាម​នៃ​ដុំ​មាស​មិន​ទាន់​កែ​ច្នៃ ឬ​ស្មើនឹង​១៥,១៥​ក្រាម ប្រសិនបើ​លក់​ចេញ​ជា​គ្រឿងអលង្ការ​) ។

សមាគម​ពាណិជ្ជករ​មាស​បាន​ប្រកាស​ពី​តម្លៃ​មាស​ទិញ​ចូល​ស្មើនឹង​២២.១០០​បាត (៦៣៥​ដុល្លារ​) ខណៈ​មាស​លក់​ចេញ​មាន​តម្លៃ​២២.២០០​បាត (៦៣៨​ដុល្លារ​) ក្នុង​ទម្ងន់​១​បាត ។

ចំពោះ​មាស​ដែល​បាន​កែ​ច្នៃ​រួច តម្លៃ​ទិញ​ចូល​ស្មើនឹង​២១.៧០៩​បាត (៦២៤​ដុល្លារ​) ក្នុង​ទម្ងន់​១​បាត និង​តម្លៃ​លក់​ចេញ​ស្មើនឹង​២២.៧០០​បាត (៦៥៣​ដុល្លារ​) ក្នុង​ទម្ងន់​១​បាត។

កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ តម្លៃ​មាស​ក្នុងស្រុក​បាន​ផ្លាស់​ប្តូរ​ចំនួន​៥​ដង ដោយ​ខាតបង់​ទឹកប្រាក់​សុទ្ធ​ចំនួន​១៥០​បាត​ក្នុង​ទម្ងន់​១​បាត បើ​ធៀប​នឹង​ថ្ងៃមុន ។

ក្រុមហ៊ុន Bloomberg បាន​រាយការណ៍​ពី​ទីក្រុង​ញូ​វ​យ៉​កថា នា​ពេល​អនាគត មាស​នឹង​កើនឡើង​នៅ​ស​ប្តា​ហ៍​ទី​២​ជា​បន្តបន្ទាប់ ខណៈ​ប្រាក់​ដុល្លារ​ធ្លាក់​ចុះ និង​សេដ្ឋកិច្ច​អា​មេ​រិ​កបាន​កើនឡើង​តិច​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ត្រីមាស​ទី​២​នេះ ដែល​ជា​ហេតុ​ជំរុញ​ឱ្យ​តម្រូវការ​មាស​នៅ​តែ​មាន​កំណើន​សម្រាប់​ជា​ជម្រក​ហិរញ្ញវត្ថុ ។

យោង​តាម​របាយការណ៍​មួយ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ថា ផលិតផល​ក្នុងស្រុក​សរុប ក្នុង​ប្រទេស​អា​មេ​រិ​ក បាន​កើនឡើង​១,២%​នៃ​អត្រា​ប្រចាំឆ្នាំ ដោយ​គិត​ត្រឹម​ត្រីមាស​មុន។ តាម​ការ​ព្យាករ​ជា​មធ្យម​របស់​សេដ្ឋវិទូ ដែល​វាស់​ស្ទង់​ដោយ​ក្រុមហ៊ុន Bloomberg បាន​ទាមទារ​ឱ្យ​មានការ​កើនឡើង​២,៥% ។

មាស​បាន​និង​កំពុង​ឡើងថ្លៃ​ឡើង​វិញ​នា​ឆ្នាំ​នេះ ខណៈ​សហព័ន្ធ​បម្រុង​បាន​ពន្យារពេល​ក្នុង​ការ​បង្កើន​អត្រា​ការ​ប្រាក់ ។ ការ​ព្រួយបារម្ភ​អំពី​ស្ថិរភាព​នៃ​សេដ្ឋកិច្ច​ពិភពលោក ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អា​មេ​រិ​ក និង​ការ​សម្រេចចិត្ត​របស់​ចក្រភព​អង់គ្លេស​ក្នុង​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប បាន​ធ្វើ​ឱ្យ​តម្រូវការ​សម្រាប់​ជម្រក​ហិរញ្ញវត្ថុ​កាន់តែ​ខ្លាំង​ឡើង ជា​ហេតុ​ធ្វើ​ឱ្យ​តម្លៃ​មាស​កើនឡើង​ប្រមាណ​២៨% ក្នុង​ឆ្នាំ​២០១៦​នេះ ៕