តំបន់​ដីសណ្ត​ទន្លេមេគង្គ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ដំណាំ​កសិឧស្សាហកម្ម

ប្រទេស​វៀតណាម ៖ យោង​តាម​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ (MARD) នៃ​នាយកដ្ឋាន​ដាំ​ដុះ​កសិកម្ម​បានឱ្យ​ដឹង​ថា ក្នុងឆ្នាំនេះ វាលស្រែ​មួយ​ចំនួន​តូច​នៅ​តាម​តំបន់​ដីសណ្ត​ទន្លេមេគង្គ នឹង​ត្រូវ​ផ្លាស់​ប្តូរ​ពី​ការ​ដាំ​ស្រូវ​ទៅ​ដាំ​ដំណាំ​ផ្សេង​ៗ​ក្នុង​រដូវក្តៅ និង​ស្លឹកឈើ​ជ្រុះ ខណៈ​ប្រជា​កសិករ​ជួប​បញ្ហា​កង្វះ​ស្ថិរភាព​ក្នុង​ការ​ដាំ​ដុះ ។

ចាប់តាំងពី​ទឹកប្រៃ​ហូរ​ចូល​តំបន់​ដីសណ្ត​ជា​រៀង​រាល់​ឆ្នាំ​មក កា​រប​ម្លែ​ង​វាលស្រែ​ដែល​គ្មាន​ជីវជាតិ​ទៅ​ដាំ​ដំណាំ​ផ្សេង​ៗ​ជំនួស​វិញ គឺ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ និង​សន្សំ​សំចៃ​ទឹក​ធម្មតា ។ មួយវិញទៀត ប្រាក់​ចំណេញ​បាន​មក​ពី​ដំណាំ​កសិឧស្សាហកម្ម​ក៏​អាច​នឹង​បង្កើន​ចំណូល​កសិករ​ផង​ដែរ ។

កាលពី​ឆ្នាំ​២០១៤-២០១៥ វៀតណាម​បា​នប​ម្លែ​ង​វាលស្រែ​នៅ​តាម​តំបន់​ដីសណ្ត​ចំនួន​១១២​ពាន់​ហិ​កតា​សម្រាប់​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ជំនួស​វិញ ប៉ុន្តែ​ក្នុងឆ្នាំនេះ​មាន​តែ​វាលស្រែ​ចំនួន​៤៥.២០០​ហិ​កតា​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ការ​ដាំ​ដំណាំ ។

យោង​តាម​នាយកដ្ឋាន​ដាំ​ដុះ​កសិកម្ម​បានឱ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​នេះ​ដោយសារ​តែ​បញ្ហា​អ​ស្ថិរភាព​នៃ​ការ​ផលិត កម្សោយ​នៃ​ទំនាក់ទំនង​រវាង​កសិករ​និង​ក្រុមហ៊ុន​ទិញ​នានា ក៏​ដូច​ជា​កង្វះ​នៃ​តំបន់​ដាំ​ដុះ​កសិឧស្សាហកម្ម​ផង​ដែរ ។

MARD បាន​និយាយ​ថា ចាប់ពី​ពេល​នេះ និង​បន្ត​រហូត​ដល់​ឆ្នាំ​២០២០ វាលស្រែ​នៅ​តាម​តំបន់​ដីសណ្ត​ទន្លេមេគង្គ​សរុប​ចំនួន​២០​ម៉ឺន​ហិ​កតា ប្រហែលជា​នឹង​ត្រូវ​ប​ម្លែ​ង​ទៅ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ជំនួស​វិញ ។

ក្រុម​អ្នកជំនាញ​បាន​និយាយ​ផង​ដែរ​ថា គោលនយោបាយ​អនុគ្រោះ​នានា និង​ការ​បន្ថែម​គ្រឿងយន្ត គឺ​ពិតជា​សំខាន់​ណាស់​ដើម្បី​ជំរុញ​កា​រប​ម្លែ​ង​ដីស្រែ​ទៅ​ជា​ការ​ដាំ​ដំណាំ​ផ្សេង​ៗ ។

ដី​ដែល​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ការ​ដាំ​ដំណាំ​សម្រាប់​រដូវក្តៅ​-​ស្លឹកឈើ​ជ្រុះ​នា​ឆ្នាំ​នេះ ភាគច្រើន​នៅ​ក្នុង​ខេត្ត Vinh Long, Dong Thap, Tien Giang, An Giang និង​ខេត្ត Long An។

ដំណាំ​ទាំងនោះ​រួម​មាន ដំឡូង ល្ង ឪឡឹក ពោត ម្ទេស ស្រកានាគ និង​ដំណាំ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

ក្នុង​ខេត្ត An Giang កសិករ​នឹង​ត្រូវ​បែរមក​ដាំ​ដំណាំ​ល្ង និង​ពោត​ជំនួស​វិញ​នៅ​លើ​ផ្ទៃដី​ចំនួន​២.៧០០​ហិ​កតា​ក្នុង​រដូវក្តៅ និង​ស្លឹកឈើ​ជ្រុះ ។

លោក Nguyen Thanh Phong ជា​កសិករ​មួយ​រូប​មក​ពី​ឃុំ My Hoa Hung ក្រុង Long Xuyen ខេត្ត An Giang បាន​និយាយ​ថា លោក​បាន​ផ្លាស់​ប្តូរ​ដីស្រែ​របស់​លោក មក​ដាំ​ដំណាំ​ល្ង​ជំនួស​វិញ​សម្រាប់​រដូវក្តៅ និង​ស្លឹកឈើ​ជ្រុះ ។ លោក​លើក​ឡើង​ថា ៖ « កាលពី​ឆ្នាំ​មុន ប្រាក់​ចំណេញ​បាន​ពី​ដំណាំ​ល្ង​មាន​ចំនួន​៣០​លាន​ដុ​ង (១.៣០០​ដុល្លារ​) ក្នុង​១​ហិ​កតា ច្រើន​ជាង​ការ​ដាំ​ស្រូវ » ។

លោក Tran Anh Chau ប្រធាន​សមាគម​កសិករ​ក្នុង​ឃុំ My Hoa Hung ឱ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​ពី​ការ​ដាំ​ស្រូវ​មក​ដាំ​ល្ង​នៅ​លើ​ផ្ទៃដី​ដដែល​បាន​ផ្តល់​ផល​ចំណេញ​ខ្ពស់​ជាង​មុន ។ លោក​និយាយ​ថា ៖ « ប៉ុន្តែ​ទីផ្សារ​សម្រាប់​ដំណាំ​ល្ង​នៅ​មិន​ទាន់​មាន​ស្ថិរភាព​នៅឡើយ​ទេ ខណៈ​កសិករ​ត្រូវ​តែ​លក់​វា​ផ្ទាល់​ទៅ​ឱ្យ​ឈ្មួញ ដោយ​គ្មាន​ការ​ធានា​នូវ​តម្លៃ » ។
លោក Tran Ba Hoang នាយករង​មន្ទីរ​កសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ ខេត្ត Tien Giang បាន​ថ្លែង​ថា កសិករ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​កាត់​បន្ថយ​ការ​ដាំ​ស្រូវ​លើ​ផ្ទៃដី​១​ប្លង់​ក្នុង​មួយ​ឆ្នាំ ដោយ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ផ្សេង​ៗ​ជំនួស​វិញ ។

យ៉ាងណាមិញ កសិករ និង​ក្រុមហ៊ុន​នានា​មិន​បាន​ចាប់អារម្មណ៍​លើ​ការ​ដាំ​ដំណាំ​ពោត និង​សណ្តែក​សម្រាប់​ទុក​ផលិត​ជា​ចំណី​សត្វ​ទៀត​ឡើយ ដោយសារ​តែ​តម្លៃ​នៃ​ផលិត​ផល​នេះ​ខ្ពស់​ជាង​តម្លៃ​នាំ​ចូល​ពោត និង​សណ្តែក ៕