ឈ្មួញ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ខេត្តពោធិ៍សាត់ ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ណា​បង្ក្រាប​

ករណី​ឈ្មួញ​មាន​លុយ​មានអំណាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​តំបន់​៣​ក្នុងស្រុក​បាកាន ស្រុក​កណ្ដៀង និង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បានកើត​ឡើងជា​យូរ​មកហើយ ប៉ុន្តែ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំប្រទល់​ស្រុក​បាកាន ស្រុក​កណ្ដៀង និង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​ទាំង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ ក៏ដូចជា​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មិន​ចាត់វិធានការ​បង្ក្រាប​ក​រ​ណី​ក្រុម​ជនល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រនាម​លិច​ទឹក​តំបន់​៣​ជា​ជម្រក​ត្រី​ពង​កូន​នោះឡើយ​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​ព្រៃរនាម​លិច​ទឹក​ក្នុង​ខេត្តពោធិ៍សាត់ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។

តាម​ការអះអាង​របស់​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ព្រៃរនាម​លិច​ទឹក​ជាប់​មាត់បឹង​ទន្លេសាប​ក្នុងស្រុក​កណ្ដៀង ស្រុក​ក្រគរ និង​ស្រុក​បាកាន កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​បច្ចុប្បន្ន​ព្រៃ​លិច​ទឹក​រាប់រយ​ហិកតា​ត្រូវគេ​បំផ្លាញ​ឲ្យ​រលត់រលាយ​អស់​ទៅហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពីមុន​ព្រៃរនាម​ទាំងនោះ​សំបូរ​ទៅដោយ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ និង​ជា​ជម្រក​ត្រី​ពង​កូន​នៅ​រដូវ​ទឹក​ឡើង ក៏ប៉ុន្តែ​បច្ចុប្បន្ន​បានក្លាយ​ទៅជា​វាល​ល្វឹងល្វើយ​គួរ​ឲ្យ​សោកស្ដាយ​ដោយសារ​ក្រុម​ជនល្មើស​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​តាម​អំពើ​ចិត្ត​។ ក្រុម​ជនល្មើស​បានកា​ប់រាន​ព្រៃ​លិច​ទឹក​រួចហើយ​លក់​បន្តទៅ​ឲ្យ​ឈ្មួញ​មាន​លុយ មានអំណាច រាប់រយ​ហិកតា​ដែល​ធ្វើ​ឲ្យ​ព្រៃ​លិច​ទឹក​កាន់តែ​ហិនហោច​ទៅៗ​។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ប្ញ​ស្សីតា​ម៉ាន់ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​គិត​មកដល់ពេលនេះ​ព្រៃ​លិច​ទឹក​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ត្រូវគេ​បំផ្លាញ​អស់​ប្រមាណ​ជាង​១០០​ហិកតា ហើយ​មិនឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​នៅ​ស្រុក​បាកាន ស្រុក​កណ្ដៀង និង​ស្រុក​ក្រគរ​ជាបន្ទាន់ ព្រោះ​លោក ម៉ៅ ធនិន ជា​អភិបាលខេត្ត និង​មេ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ គិតតែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ជាងនេះទៅទៀត​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ ក្នុង​តំបន់​បឹង​ទន្លេសាប​នៅ​ខេត្តពោធិ៍សាត់ កើតមាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ហើយ​សមត្ថកិច្ច​បង្ក្រាប​បាន​តិចតួច​បំផុត​៕

Mao-Tornin-12-5-2016-6លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់13895204_1739037619696262_8803774847190757643_n 13782063_1739037606362930_7454404482467490760_n
​    ​