​លោក អេង ឆៃអ៊ាង បញ្ជាក់​ពី​ការវិវត្ដន៍​នៃ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​

​លោក អេង ឆៃអ៊ាង អនុប្រធាន​គណៈកម្មាធិកា​រ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​០២ ខែសីហា ឆ្នាំ​២០១៦  បានធ្វើ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីអំពី​ការវិវត្ដន៍​នៃ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្ដរជាតិ​។ ការបញ្ជាក់​ពី​ការវិវត្ដន៍​នៃ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដោយ​មន្ត្រី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺធ្វើឡើង​ស្របពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​តានតឹង​នៅឡើយ​។​

ក្នុងនាម​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បានលើកឡើង​អំពី​៖​ទី​១-​គណបក្ស​សង្គ្រោះ​ជាតិ​ផ្ដោតលើ​ការចុះឈ្មោះ​បោះឆ្នោត ទី​២-​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រើប្រាស់​គ្រប់​យន្ដការ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ចុះឈ្មោះ​បាន​គ្រប់ៗ​គ្នា ទី​៣-​គណបក្ស​សង្គ្រោះ​ជាតិ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា និង​ទី​៤-​ចំពោះ​ស្ថានការណ៍​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​មាន​ឯកភាព​ជាតិ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា កន្លងមក​បានបញ្ជាក់​ថា តាមរយៈ​ការតស៊ូ​មតិ​មួយឆ្នាំ​ចុងក្រោយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​ទទួលរង​សោកនាដកម្ម និង​រង​ការ​ធ្វើទុក្ខបុកម្នេញ​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់​។ ទោះយ៉ាងណា​ក្តី លោក កឹម សុខា បាន​បញ្ជាក់ថា យើង​ទាំងអស់​ជា​ខ្មែរ​ដូចគ្នា​ត្រូវការ​រស់​ទាំងអស់គ្នា មិនត្រូវ​ការគុំកួន​ស​ង​សឹក​គ្នា​ទេ ត្រូវការ​ផ្សះផ្សា​ជាតិ ត្រូវការ​កសាង​ទាំង​ជាតិ​ជាមួយគ្នា កសាង​សម្រាប់​ខ្មែរ​ទាំងអស់គ្នា កសាង​មាតុភូមិ​ខ្មែរ​ជាមួយគ្នា​។​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាំងអស់ ប្រែក្លាយ​ការឈឺចាប់​ឲ្យ​ក្លាយជា​គុណធម៌​មួយ ក្នុងការ​តស៊ូ​មតិ​ទៅជា​តម្លៃ​ខ្ពស់​សម្រាប់​ជាតិ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ដើរ​លើផ្លូវ​ត្រឹមត្រូវ​ក្នុងការ​ផ្លាស់ប្តូរ​សង្គម​ជា​វិជ្ជមាន​មួយ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​មិន​ខាន ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​យល់ច្បាស់​ពី​តម្លៃ​នៃ​ការផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​៕

10888829_828327970565286_4143904974187686356_n