វៀតណាម​​ឈប់​បញ្ជូន​​​ពលករ​​​១០ខេត្ត​​ ទៅ​កូរ៉េខាងត្បូង​

​ក្រសួង​ការងារ​​​​​វៀតណាម​​​​​​​​​​​​​​​ បាន​និយាយ​ថា​​​​ខ្លួន​នឹង​​ឈប់​បញ្ជូន​​ពលករ​​​​​​ចំនួន​ ១០​ខេត្ត​​​ក្នុង​ចំណោម​ ៦៣​ខេត្ត​​​​​​ ទៅ​កាន់​​​ប្រទេស​កូរ៉េខាងត្បូង​​ហើយ​​​នៅ​ឆ្នាំ​នេះ។

 

វៀតណាម​​ឈប់​បញ្ជូន​​​ពលករ​​​១០ខេត្ត​​ ទៅ​កូរ៉េខាងត្បូង​

ក្រសួង​​បាន​​​ប្រកាស​ក្នុង​​​សេចក្ដី​ថ្លែង​​​ការណ៍​​ចុះ​​​​​ថ្ងៃ​ទី​ ​២៩​​​កក្កដា​​​ថ្មី​ៗ​នេះ​ថា ​​​ពលករ​​មក​ពី​ ៤៤​ស្រុក​​​ ក្នុង​​ខេត្ត​​ចំនួន​​​១០​​​​ ខាង​លើ​​ មាន​​ពលករ​ជាង​ ៦០​នាក់​​ធ្វើការ​​ដោយ​ខុស​ច្បាប់​​​​នៅ​កូរ៉េ​ខាង​ត្បូង ហើយ​​គេ​​នឹង​ហាម​ឃាត់​​​​​ពលករ​​​មក​ពី​ខេត្ត​​​​​​ទាំង​នេះ​មិន​​​​​​ឲ្យ​ចូល​​​​​​​ប្រទេស​​​ដ៏​ទំនើប​​មួយ​នេះ​ទៀត​ឡើយ។

 

​​​​ចំណែក​​ពលករ​​​នៅ​ស្រុក​ចំនួន​ ៤៦​ផ្សេង​ទៀត​ ​​​​ត្រូវ​​ក្រសួង​​​នឹង​ពិចារណា​​​​ ​​​ដោយ​សារ​​​ពួក​គេ​ទាំង​​នោះ​ជាង​ ៣៥% ​​បញ្ចប់​​​កិច្ចសន្យា​​ ហើយ​​មិន​ព្រម​មក​ប្រទេស​​កំណើត​វិញ។

 

​អនុ​រដ្ឋមន្ត្រី​​​​​ក្រសួង​​​ការងារ​ដដែល​លោក​ Doan Mau Diep និយាយ​ថា​​​​ ពលករ​វៀតណាម​​​​​​​ចប់​កិច្ច​សន្យា​ សម្រេច​ក្រាញ​ននៀល​​នៅ​កូរ៉េ​​ ​ដោយ​សារ​ពួក​គេ​​អាច​​រក​ចំណូល​បាន​ជាង​ ១០០០​​ដុល្លារ​​ក្នុង​មួយ​ខែ​​ ​​​ខណៈ​ប្រាក់​​ចំណូល​ប្រចាំ​ឆ្នាំ​​​ពលរដ្ឋ​វៀតណាមមាន​​​​ប្រមាណ​តែ​​ ២ ១១១​ដុល្លារ​ប៉ុណ្ណោះ​​​​​​​កាល​ពី​ឆ្នាំមុន​។ លោក​បន្ត​ថា ​​​ប្រសិន​​បើ​​ពលករ​​​ទាំង​​នោះ​ត្រលប់​មក​វៀតណាម​​វិញ វា​ពិបាក​​​​​​សម្រាប់​ពួក​គេ​ក្នុង​​ការ​ស្វែង​រក​ប្រាក់​ខែ​ខ្ពស់​​​​​​​ប្រហាក់ប្រហែល​​​​នៅ​កូរ៉េ​ណាស់។

 

តែ​ទោះ​ជា​យ៉ាង​ណា​​​ ចំនួន​ពលករ​​​​ខុស​ច្បាប់​​​​វៀតណាម​ដ៏​ច្រើន​លើស​លប់​​​​​នៅ​រយៈ​ពេល​​ ៣​ឆ្នាំ​ចុងក្រោយ​​នេះ ​​​​គេ​​​បាន​រក​ឃើញ​ថា​មាន​ប្រហែល​​​ ៣៥ ០០០ ទៅ​៤០០០០​នាក់​​​​​ ​ត្រូវ​គេ​រារាំង​មិន​ឲ្យ​ធ្វើការ​នៅ​កូរ៉េ​ខាងត្បូង។ ​កាល​ពី​ឆ្នាំ​​ ​២០១៥ ​វៀតណាម​​​​​ឈរ​​នៅ​លំដាប់​កំពូល​​​​​ក្នុង​ការ​បញ្ជូន​ពលករ​​​ទៅ​កូរ៉េ​ច្រើន​ជាងគេ​ ​ដោយ​រួម​បញ្ចូល​ទាំង​​ពលករ​ខុស​ច្បាប់​​ ១៥០០០​នាក់​​​​ផង ​ស្មើ​នឹង​​​ចំនួន​​ ​៣៥%​​នៃ​ពលករ​វៀតណាម​សរុប។

 

គួរ​បញ្ជាក់​ថា​ ​វៀតណាម​ចាប់​ផ្ដើម​​បញ្ជូន​​ពលករ​​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង​​​​លើក​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៣ ​ប៉ុន្តែ​ក្រុង​សេអ៊ូល​ប្រកាស​ឈប់​ទទួល​​​​​​ក្នុង​​ឆ្នាំ​ ២០១២ ដោយ​សារ​ពលករ​វៀតណាម​ច្រើន​ឡើង​ៗ​​​​ចប់​កុងត្រា​ ​មិនព្រម​​វិល​ចូល​​​ប្រទេស​វិញ។ ​ក្នុង​ឆ្នាំ​ ២០១៣ ​​កូរ៉េខាងត្បូង​​​​ព្រម​​បន្ត​ទទួល​លំហូរ​​​ពលករ​វៀតណាម​​ឡើង​វិញ តែ​​មាន​កម្រិត​​៕

 

វៀតណាម​​ឈប់​បញ្ជូន​​​ពលករ​​​១០ខេត្ត​​ ទៅ​កូរ៉េខាងត្បូង​

 

 

ចុចអាន៖ ​ថៃ​ និង​ភូមា សហការ​គ្នា​ចង់​នាំ​ពលករ​ភូមា ទៅ​ស្រុក​កំណើត​វិញ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Vnexpress​​​​​​​​​​​​​​​​​