ណាសា​បារម្ភ​ពី​អាចម៍​ផ្កាយ​ទំហំ​​យក្ស​ អាច​បុក​ផែន​ដី​នៅ​សតវត្ស​ទី​ ២២

ភ្នាក់ងារ​អវកាស​​ណាសា​​នឹង​​បញ្ជូន​យានអវកាសតម្លៃ​ ៨០០ លាន​ដុល្លារ​ ដើម្បី​សិក្សា​ពី​​​​​​អាចម៍​ផ្កាយ​ Bennu ដែល​អាច​ហោះ​​បុក​ផែន​ដី​នៅ​ចុង​សតវត្ស​ទី​ ២២។

 

ណាសា​បារម្ភ​ពី​អាចម៍​ផ្កាយ​ទំហំ​​យក្ស​ អាច​បុក​ផែន​ដី​នៅ​សតវត្ស​ទី​ ២២

 

យានអវកាស​ដែល​​​នឹង​បញ្ជូន​ទៅ​មាន​ឈ្មោះ​ថា​  OSRIS-REx ដោយ​គ្រោង​បង្ហោះ​នៅ​ខែ​ កញ្ញា​ ខាង​មុខ​ ហើយ​នឹង​ចុះ​ចត​លើ​អាចម៍​ផ្កាយ​ Bennu នៅ​ក្នុង​ឆ្នាំ​ ២០១៨។ យាន​នេះ​នឹង​ចំណាយ​រយៈ​ពេល​ ១ ឆ្នាំ​នៅ​លើ​ផ្ទៃ​របស់​ Bennu ដើម្បី​ប្រមូល​គំរូ​នៃ​ថ្ម​របស់​អាចម៍​ផ្កាយ មុន​ពេល​ដែល​វា​​ហោះ​ត្រឡប់​ទៅ​ផែនដី​វិញ​នៅ​ឆ្នាំ​ ២០២៣។

 

ណាសា​បារម្ភ​ពី​អាចម៍​ផ្កាយ​ទំហំ​​យក្ស​ អាច​បុក​ផែន​ដី​នៅ​សតវត្ស​ទី​ ២២

 

​និយាយ​ពី​អាចម៍​ផ្កាយ​ Bennu ​វា​តែង​ហោះ​កាត់​គន្លង​គោចរ​របស់​ផែនដី​នៅ​រៀងរាល់​ ៦ ឆ្នាំ​ម្ដង​ ហើយ​គេ​កំណត់​ថា​វា​នឹង​ហោះ​កាត់​ចន្លោះ​ផែនដី​ និង ព្រះចន្ទ​ នៅ​ឆ្នាំ​ ២១៣៥។ នៅ​ពេល​នោះ​អ្នក​វិទ្យាសាស្ត្រ​ព្រួយ​បារម្ភ​ថា​​គន្លង​របស់​អាចម៍​ផ្កាយ​ដែល​មាន​ផ្ទៃ​ទំហំ​ ៥០០ ម៉ែត្រ​នេះ អាច​នឹង​ត្រូវ​កន្ត្រាក់​ដោយ​កម្លាំង​ទំនាញ​របស់​ផែនដី​ នៅ​ពេល​អាចម៍​ផ្កាយ​នេះ​ហោះ​កាត់ ដែល​បណ្ដាល​ឲ្យ​វា​ហោះ​បុក​ផែនដី​នៅ​ពេល​ក្រោយ។

 

ក្រុម​តារាសាស្ត្រ​ពិបាក​ព្យាករណ៍​ណាស់​ថា​​ការ​ស្ថិត​នៅ​​របស់​អាចម៍​ផ្កាយ​ Bennu នៅ​ចន្លោះ​ផែនដី​ និង​ ព្រះចន្ទ នឹង​ប៉ះពាល់​ដល់​ដំណើរ​គោចរ​របស់​អាចម៍​ផ្កាយ​នេះ​ខ្លាំង​យ៉ាង​ណា​នោះ​ ប៉ុន្តែ​លោក​ Dante Lauretta សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នៃ​សកលវិទ្យាល័យ​ Arizona បាន​ប៉ាន់​ស្មាន​ថា​ វា​នឹង​បង្កើត​ជា​គ្រោះ​មហន្តរាយ​មួយ​ដល់​ផែនដី។ លោក​បន្ថែម​ថា​៖ “ឱកាស​នៃ​ការ​​ប៉ះ​ទង្គិច​អាច​កើត​មាន​ ១/២៧០០ នៅចន្លោះ​ឆ្នាំ​ ២១៧៥ និង​ ២១៩៦”។

 

​​​​​​​​អាចម៍​ផ្កាយ​ Bennu ធ្វើ​ដំណើរ​ជុំវិញ​ព្រះអាទិត្យ​នៅ​​ក្នុង​ល្បឿន​ជា​មធ្យម ១០១ ៣៨៨ គ.ម/ម៉ ហើយ​ការ​ប៉ះ​​ទង្គិច​​រវាង​ Bennuជា​មួយ​ផែន​ដី​ ស្រដៀង​នឹង​ការ​បំផ្ទុះ​កម្លាំងរំសេវ​ ៣ ពាន់​លាន​តោន៕​​​​​
​​​​​​​​​

ចុច​អាន៖ NASA បិទ​​ការ​ផ្សាយ​ផ្ទាល់​ភ្លាមៗ​ ពេល​​ឃើញ​យានចម្លែក​ហោះ​ចូល​ផែនដី

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​