ផលិតកម្ម​ឧស្សាហកម្ម​វៀតណាម​កើនឡើង​7,2% ក្នុង​រយៈពេល​7​ខែ​ដំបូង

ប្រទេស​វៀតណាម ៖ កាលពី​ពេល​ថ្មី​ៗ​នេះ ការិយាល័យ​ស្ថិតិ​ទូទៅ (GSO) បាន​ប្រកាស​ថា ស​ន្ទ​ស្សន៍​នៃ​ផលិតកម្ម​ឧស្សាហកម្ម​វៀតណាម (IIP) ក្នុង​រយៈពេល​៧​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​បាន​កើនឡើង​៧,២% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ អត្រាកំណើន​នេះ​មាន​កម្រិត​ទាប​ជាង​១០% បើ​ធៀប​នឹង​ការ​ចុះបញ្ជី​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ចំពោះ​វិស័យ​កែ​ច្នៃ និង​ផលិតកម្ម ដែល​មាន​ចំនួន​ជាង​៧០%​នៃ​តម្លៃ​សរុប​ក្នុង​វិស័យ​ឧស្សាហកម្ម បាន​កើនឡើង​៩,៩%​ក្នុង​រយៈពេល​៧​ខែ​ដំបូង​នេះ ។ រីឯ​ផ្នែក​ផលិតកម្ម និង​ការ​ចែកចាយ​អគ្គិសនី ក៏​បាន​កើន​១១,៦%​ផង​ដែរ ខណៈ​វិស័យ​ឧស្សាហកម្ម​រ៉ែ ធ្លាក់​ចុះ​២,៧% ។

សេដ្ឋវិទូ​មួយ​ចំនួន​មក​ពី GSO បាន​និយាយ​ថា អត្រាកំណើន​ដ៏​ទាប​នេះ គឺ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រើប្រាស់​ផលិតផល ខណៈស​ន្ទ​ស្សន៍​ការ​ប្រើប្រាស់​ក្នុង​ខែមិថុនា កើនឡើង​ត្រឹមតែ​០,៧%​ប៉ុណ្ណោះ បើ​ធៀប​នឹង​ខែឧសភា​។ ផ្ទុយ​ទៅ​វិញ ស​ន្ទ​ស្សន៍​ការ​ប្រើប្រាស់​ក្នុង​ខែឧសភា បាន​កើន​៥,២% បើ​ធៀប​នឹង​ខែមេសា​។

ចំពោះ​ផលិតផល​ឧស្សាហកម្ម​ដែល​មាន​កំណើន​ខ្ពស់​ដូច​ជា ទូរទស្សន៍ កើនឡើង​៧៨%, ដែកថែប (២៣,៥%), រថយន្ត (២២%), ចំណី​សត្វ (១៩,៧%), ស៊ីម៉ង់ត៍ (១៥,៧%) និង​ឧស្ម័ន​ប្រេង​រាវ LPG (១៤,៨%) ។

ទន្ទឹម​គ្នា​នេះ​ដែរ ទិន្នផល​ឧស្សាហកម្ម​មួយ​ចំនួន​ទៀត​បាន​ធ្លាក់​ចុះ​ដូច​ជា ម៉ូតូ​ធ្លាក់​ចុះ​១,២%, ស្ករស (៥,៥%), ប្រេង​ឆៅ (៦,៨%) និង​ទូរស័ព្ទ (៨,៥%) ។

យោង​តាម GSO ឱ្យ​ដឹង​ទៀត​ថា លទ្ធផល​សម្រាប់​បង្កើន​ផលិតកម្ម​ឧស្សាហកម្ម​កាន់តែ​ប្រសើរ​ឡើង​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គឺ​ត្រូវ​បាន​កំណត់​ខណៈ​អត្រា​បញ្ជី​សារពើ​ភណ្ឌ​ជា​មធ្យម​ក្នុង​រយៈពេល​៦​ខែ​ដំបូង​មាន​៧០% ដែល​ធ្លាក់​ចុះ​ត្រឹមតែ​១,៥%​ប៉ុណ្ណោះ បើ​ធៀប​នឹង​រយៈពេល​៥​ខែ​មុន ។

ចំពោះ​ខេត្ត​មួយ​ចំនួន​ដែល IIP សម្លឹង​ឃើញ​មាន​កំណើន​ខ្ពស់​ដូច​ជា ខេត្ត Binh Duong កើនឡើង​៨,៥%, Dong Nai (៨%), Hai Phong (១៦%) និង Da Nang (១១,៥%)​។

តំបន់​ភាគ​ខាងត្បូង​ប្រទេស
យោង​តាម​របាយការណ៍​មួយ​ចេញផ្សាយ​ដោយ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បានឱ្យ​ដឹង​ថា ផលិតកម្ម​ឧស្សាហកម្ម​នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​បាន​កើនឡើង​៧,៥%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គិត​ត្រឹម​ឆមាស​ទី​១​ឆ្នាំ​នេះ ។

ការ​លក់រាយ និង​សេវាកម្ម​ផ្សេង​ៗ​បាន​កើនឡើង​៦% ស្មើនឹង​ទឹកប្រាក់​ចំនួន​៩២២​ទ្រី​លាន​ដុ​ង (៤១,៩​ប៊ី​លាន​ដុល្លារ​) ។ រីឯ​ការ​នាំ​ចេញ​ក្នុង​តំបន់​នេះ​បាន​កើនឡើង​១១%​ផង​ដែរ ស្មើនឹង​ទឹកប្រាក់​ចំនួន​៤៣,៨​ប៊ី​លាន​ដុល្លារ ។

នៅ​ឆ្នាំ​នេះ វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​បាន​កំណត់​គោលដៅ​ដោយ​ខ្លួនឯង​ផ្ទាល់​ក្នុង​ការ​រក្សា​កំណើន​ឧស្សាហកម្ម​ឱ្យ​ខ្ពស់​ជាង​មធ្យមភាគ​ប្រាក់​ចំណូល​ជាតិ និង​ការ​លក់រាយ ព្រមទាំង​សេវាកម្ម​ផ្សេង​ៗ ពោល​គឺ​ស្មើនឹង​៨៩​ប៊ី​លាន​ដុល្លារ ឬ​១៣,៦% ខ្ពស់​ជាង​តួលេខ​កាលពី​ឆ្នាំ​មុន ៕​