សមមុខ! អស់​ឱកាស​​​​ដោយ​សារ​​​ម៉ូយ​​ហៅ​

ខេត្ត​បាត់ដំបង​ ៖ ​ជន​សង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​​​ការ​ជួញដូរ​ថ្នាំ​ញៀន​​២​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​​ជា​បន្តបន្ទាប់ កាលពី​​ល្ងាច​ថ្ងៃ​ទី​០១ ​សីហា ២០១៦ ស្ថិត​នៅចំណុច​​ភូមិ​ជាម​មន្ត្រី ឃុំ​ត្រែង ស្រុក​រតនៈ​មណ្ឌល ខណៈ​​កំពុង​ធ្វើ​ដំណើរ​​នាំ​យក​ថ្នាំ​ញៀន​ ទៅ​លក់​​ម៉ូយ ​។

​ជនសង្ស័យ​ទាំង​២​​នាក់ ម្នាក់​ឈ្មោះ​ឈឹ​ម កុសល​ អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​រ៉េ​ត បូ​រិ​ន​​ អាយុ​២១​ឆ្នាំ ពួក​គេ​រស់​នៅ​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​​​មណ្ឌល​ ។ ​ជនសង្ស័យ​ទាំង​២​នាក់​​នេះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​រតនៈ​មណ្ឌល  ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ ​ដែល​មាន​លាក់​ទុក​ថ្នាំ​​ញៀន​ជាប់​​នៅ​​ខ្លួន​​ ​។

សមត្ថកិច្ច​បញ្ជាក់​ថា ដំបូង​ឃាត់ខ្លួន​ឈ្មោះ​រ៉េ​ត បូ​រិ​ន ដកហូត​ថ្នាំ​ញៀន​បាន​មួយ​​ចំនួន ក្រោយ​ពី​សួរនាំ ទើប​ឈាន​ដល់​កា​ឃាត់ខ្លួន​ឈ្មោះ​ឈឹ​ម កុសល ម្នាក់​ទៀត​ ដែល​ជា​មេខ្លោង ថែម​ទាំង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ផង​ ។

បើ​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​រ៉េ​ត បូ​រិ​ន បាន​​និយាយ​ថា ឈ្មោះ​ឈឹ​ម កុសល បាន​ប្រគល់​ថ្នាំ​ញៀន​ (​ម៉ា​ទឹកកក​)​មួយ​កញ្ចប់ ប្រាប់​​ថា យក​ទៅ​ឱ្យ​​ម៉ូយ​នៅ​ចំណុច​ឃាត់ខ្លួន​​ខាងលើ ។ លុះ​ពេល​ខ្លួន​ជិះ​ម៉ូតូ​ដល់​ចំណុច​​នោះ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​​តែ​ម្ដង​ ។ រីឯ​ឈ្មោះ​ឈឹ​ម កុសល វិញ បាន​ឆ្លើយ​ដែរ​ថា ដំបូង​មាន​ម៉ូយ​ម្នាក់ បាន​ទូរស័ព្ទ​រក​ទិញ​ថ្នាំ​ញៀន​ប្រភេទ ​«​ម៉ា​ទឹកកក​» ​ក្នុង​តំលៃ​
១០០​ដុល្លារ​ ហើយ​ក៏​ត្រូវ​រ៉ូវ និង​បាន​ណាត់​ទីតាំង​ ដើម្បី​ដោះ​ដូរ​ទំនិញ​នៅ​ចំណុច​​ខាងលើ ​។

​ក្រោយ​ពី​ច​ចារ​គ្នា​ត្រូវ ខ្លួន​ក៏​ប្រើ​ឈ្មោះ​បូ​រិ​ន ឲ្យ​ជិះ​ម៉ូតូ​យក​ថ្នាំ​នោះ​ទៅ​ឱ្យ​​ម៉ូយ​។ ប៉ុន្តែ​ឈ្មោះ​បូ​រិ​ន ជិះ​ចេញ​ទៅ​ដល់​កន្លែង​ណាត់ជួប ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​តែ​ម្ដង លុះ​បន្តិច​ក្រោយមក សមត្ថកិច្ច​ ក៏​តាម​មក​ចាប់ខ្លួន​ទៀត​ ។ បើ​តាម​របាយ​ការ​ណ៍​​របស់​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជាមួយ​និង​ការ​ឃាត់ខ្លួន​ឈ្មោះ​រ៉េ​ត បូ​រិ​ន សមត្ថកិច្ច​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ICE (​ម៉ា​ទឹកកក​)​​១​កញ្ចប់ មាន​ទម្ងន់​១,៧៧​ក្រាម  និង​ដកហូត​ពី​ឈ្មោះ​ឈឹ​ម កុសល បាន​ចំនួន​១៨​កញ្ចប់  មាន​ទម្ងន់​៥,៦៤​ក្រាម ​។ ​ថ្នាំ​ញៀន​ដែល​ដកហូត​បាន​សរុប​១៩​កញ្ចប់ មាន​ទម្ងន់​៧,៤១​ក្រាម  ម៉ូតូ​ម៉ាក​MSX​មួយ​គ្រឿង និង​ទូរស័ព្ទ​ដៃ​៤​គ្រឿង ​។ ​