អ្នក​ចម្រៀង​បទ “មាន់​រងាវ” ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ក្នុង​វ័យ​៧២​ឆ្នាំ

តារា​ចម្រៀង​ជើង​ចាស់ កុល សែម ដែល​ធ្លាប់​ជា​ដៃគូ​ជាមួយ​អ្នក​ស្រី រស់ សេរីសុទ្ធា ក្នុង​បទ “មាន់​រងាវ ឬ​ស្រី​ខ្មៅ​មាស​បង” កំពុង​ទទួល​ការ​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​លោក​សង្ឃ​ជាង​១​សប្ដាហ៍​មក​ហើយ ដោយ​សារ​ជំងឺ​លើស​ឈាម និង​តម្រងនោម​ធ្ងន់ធ្ងរ។

 

អ្នក​ចម្រៀង​បទ “មាន់​រងាវ”  ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ក្នុង​វ័យ​៧២​ឆ្នាំ

 

បើ​តាម​អ្នក​ស្រី សួន សេដ្ឋា ជា​កូន​បាន​រៀបរាប់​ថា ព្រោះ​តែ​គ្រួសារ​អស់​លទ្ធភាព​ព្យាបាល ទើប​អ្នក​ស្រី​សម្រេច​ចិត្ត​បង្ហាញ​សមាសភាព​របស់​ឪពុក​នា​ពេល​នេះ ទោះ​បី​ជា​មិន​ចង់​ធ្វើ​រឿង​នេះ​ក៏​ដោយ។ អ្នក​ស្រី​ថា៖” ឪពុក​ខ្ញុំ​គាត់​មិន​ដែល​ចង់​ចេញ​មុខ​ចេញ​មាត់​អី​ទេ មិន​ដែល​ចង់​ឱ្យ​គេ​ដឹង​ថា​គាត់​នៅ​រស់​ទេ​តាំង​ពី​ដើម​មក តែ​ដោយ​សារ​កូនៗ​អត់​អញ្ចឹង​ទៅ ​ក៏​ផ្សាយ​ក្រែង​មាន​អ្នក​ជួយ​គាត់​ខ្លះ”។

 

កូន​ស្រី​ដដែល​បន្ត​ថា បច្ចុប្បន្ន​ឪពុក​របស់​ខ្លួន​មាន​វ័យ​៧២​ឆ្នាំ និង​បាន​ធ្លាក់​ខ្លួន​ឈឺ​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ ដោយ​ទទួល​ការ​ថែទាំ​ពី​កូន។ ទោះ​បី​ជា​យ៉ាង​ណា ស្ថានភាព​ជំងឺ​របស់​លោក កុល សែម វិវត្តន៍​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​កាល​ពី​សប្ដាហ៍​មុន ហើយ​ត្រូវ​សម្រាក​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​រហូត​មក​ដល់​ពេល​នេះ​តែ​ម្ដង ដោយ​ត្រូវ​ចំណាយ​លុយ​កាក់​ជា​ច្រើន​ក្នុង​នោះ​មាន​ការ​លាង​ឈាម​ជា​ប្រចាំ​ជា​ដើម។

 

អ្នក​ចម្រៀង​ជើង​ចាស់​លោក កុល សែម ធ្លាប់​បក​ស្រាយ​ចម្រៀង​មួយ​ចំនួន​នៅ​ក្នុង​អតីត​កាល​រួម​ជំនាន់​ជាមួយ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត, រស់ សេរីសុទ្ធា និង​រៀមច្បង​ចម្រៀង​ផ្សេងៗ​ទៀត។ បទ​ចម្រៀង​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្គាល់​រូប​លោក​មាន​ដូច “មាន់​រងាវ ឬ ស្រី​ខ្មៅ​មាស​បង”, “សត្វ​ចាប​យំ​ចេប”, “កុក​ហើរ​តែ​ឯង​ខ្លែង​ហើរ​ទាំង​គូ” ជា​ដើម។

 

​ប្រសិន​បើ​សប្បុរសជន​មាន​បំណង​ចង់​បរិច្ចាគ​ថវិកា​ឧបត្ថម្ភ​ដល់​តារា​ចម្រៀង​ជំនាន់​ដើម កុល សែម អាច​ទាក់ទង​ទៅ​អ្នក​ស្រី សួន សេដ្ឋា តាម​លេខ​ទូរសព្ទ ០១២ ៩៩៥ ៨៤៣ ឬ​ទៅ​កាន់​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ដោយ​ផ្ទាល់៕

 

អត្ថបទ៖ សំ ជំនាញ