ទឹកដី​ត្បូង​ពេជ្រ ​នៅ​តែ​ផ្ដល់​ក្ដី​សង្ឃឹម​

ខេត្ត​ប៉ៃលិន ៖ នៅ​តាម​ដងស្ទឹង​ក៏​ដូច​ជា​នៅ​តាម​ដី​កម្មសិទ្ធិ​មួយ​ចំនួន ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​នាំ​គ្នា​ធ្វើ​អាជីវកម្ម​ជីកដី​រែង​យក​កម្ទេច​ត្បូង​មាន​តម្លៃ​សម្រាប់​លក់​ចិញ្ចឹមជីវិត ។ ជាក់ស្តែង​នៅ​ម្ខាង​ស្ទឹង​ប​យ៉ា​ខា ក្នុង​ភូមិប​តាំង​ស៊ូ សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ប្រជាពល​រដ្ឋ​ខ្លះ​បាន​ដាក់​ម៉ាស៊ីន​រែង​ត្បូង​ដើម្បី​រុករក​រ៉ែ​ត្បូង​ដ៏​មាន​តម្លៃ​ទាំងនោះ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ត្បូង​ពណ៌​ខៀវ ក្រហម ដ៏​មាន​តម្លៃ ដែល​មនុស្ស​គ្រប់​គ្នា​ប្រា​ថា្ន​ចង់បាន​ដើម្បី​យក​ទៅ​ច្នៃ​ធ្វើ​គ្រឿងអលង្ការ​នោះ នៅ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន មិន​ទាន់​អស់​នៅឡើយ​ទេ ទើប​រាល់​ថ្ងៃនេះ ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​ក៏​ដូច​ជា​អ្នក​សម្រាក​ពី​ការងារ​ស្រែ​ចម្ការ បាន​នាំ​គ្នា​យក​កញ្ច្រែង​ទៅ​អង្គុយ​រែង​នៅ​តាម​មាត់​អូរ ដើម្បី​យក​កម្ទេច​ត្បូង​ទៅ​លក់​បាន​ប្រាក់​សម្រាប់​ចិញ្ចឹម​ជិ​វិត និង​តែង​មានការ​ផ្សង​សុំ​ឱ្យ​ជួប​គ្រាប់​ត្បូង​មាន​តម្លៃ​មហាសាល​ផង​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា សម្រាប់​អ្នក​ដែល​មាន​ដើមទុន​ច្រើន​ហើយ​មាន​ដី​ខ្លួនឯង​ទៀត ពួក​គេ​បាន​យក​គ្រឿងចក្រ​និង​ម៉ាស៊ីន​ទៅ​ជីក​កកាយ​រែង ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែ​ម្តង ព្រោះ​កន្លែង​ទាំងនោះ​ធ្លាប់​ត្រូវ​បាន​ជនជាតិ​ថៃ​ជីក​កកាយ​អស់​តាំងពី​សម័យ​សង្គ្រាម​មក​ម្លេះ តែ​ក៏​នៅ​មាន​សេសសល់​ច្រើន​ដែរ ។

ចំណែក​ម្ចាស់​កន្លែង​រែង​ត្បូង​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយ​ថា ការ​ជីករែង​រក​ត្បូង​នេះ មានការ​សុំ​អនុញ្ញាត​ច្បាប់​តាំងពី​ថ្នាក់​ក្រោម​រហូត​ដល់​លើ​អស់ហើយ តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ប៉ះ​ចំ​ត្បូង​មាន​តម្លៃ​ត្រូវប៉ាន់​នៅឡើយ​ទេ ខណៈ​ពួក​គាត់​បាន​ជួល​កម្មករ​ឱ្យ​ជីក​កកាយ​ដី​រែង​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។

រីឯ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​រែង​ត្បូង និយាយ​ថា បច្ចុប្បន្ន​រ៉ែ​ត្បូង​នៅ​មាន​សល់​ច្រើន​ទៀត ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​មាន​គេ​រែង​ត្បូង​នៅ​ទល់មុខ​នោះ​ដែរ ប៉ះ​ចំ​ត្បូង​ល្អ​លក់​បាន​ជិត​១​ម៉ឺន​ដុល្លារ ។ ដូច្នេះ បើសិនជា​ពួក​គាត់​មាន​ដី​ក៏​ចង់​សាកល្បង​រត់​ច្បាប់​រែង​យក​ត្បូង​ជា​លក្ខណៈ​គ្រួសារ​បែប​នេះ​ដែរ ៕