ធ្លាក់​យន្តហោះ​មួយ​គ្រឿង​នៅ​ភាគ​ខាងត្បូង​ប្រេ​ស៊ី​ល​ស្លាប់​8​នាក់

ប្រភព​ព័ត៌មាន​ផ្លូវការ​រាយការណ៍​កាលពី​ថ្ងៃ​ទី​១ សីហា ថា មនុស្ស​៨​នាក់​ស្លាប់​ដោយសារ​ការ​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​លើ​ឃ្លាំង​ឧស្សាហកម្ម​មួយ​នៅ​ភាគ​ខាងត្បូង​ប្រេ​ស៊ី​ល​ក្បែរ​ព្រះ​វិហារ​គ្រឹ​ស្ត​មួយ​ដែល​កំពុង​ប្រារព្ធ​ពិធី​បែប​សាសនា ។

យន្តហោះ​ធុន PIPER NAVAJO ម៉ាស៊ីន​២​នេះ បាន​ធ្លាក់​កាលពី​យប់​ថ្ងៃ​ទី​៣១ កក្កដា នៅ CAMBE រដ្ឋ​ប៉ា​រ៉ា​ណា ។ វា​ធ្លាក់​លើ​ឃ្លាំង​មួយ​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន EXCELLENCE ហើយ​ផ្ទុះ​ឆេះ​ពេល​ធ្លាក់​ដល់​ដី ។

ប្រជាជន​ក្រុង CAMBE ដែល​លើកគ្នា​ទៅ​មើល​យន្តហោះ​ធ្លាក់​អះអាង​ប្រាប់​ក្រុម​អ្នកកាសែត​ថា គ្រោះថ្នាក់​នេះ​វា​កាន់តែ​សោកនាដកម្ម​ថែម​ទៀត បើ​វា​ធ្លាក់​ចំ​ព្រះ​វិហារ​គ្រឹ​ស្ត​មួយ ដែល​មាន​មនុស្ស​ប្រមាណ​ជា​៣០០​នាក់ កំពុង​ជួបជុំ​គ្នា​នៅ​ទីនោះ​ដើម្បី​ប្រារព្ធ​ពិធី​មួយ ។ សំណាងល្អ​ដែល​វា​ធ្លាក់​២០​ម៉ែត្រ​ពី​ព្រះ​វិហារ ។

យោង​តាម​ប៉ូលិស​ថា ក្នុង​យន្តហោះ​នេះ​មាន​សមាជិក​ក្រុម​យានិក​២​នាក់ និង​អ្នកដំណើរ​៦​នាក់ ក្នុង​នោះ​មាន​មនុស្ស​ពុំ​ទាន់​ពេញវ័យ​៣​នាក់ ។ ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង LONDRINA ស្ថិត​នៅ​ជិត​ក្រុង CAMBE បន្ទាប់​ពី​ទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ​មួយ​នៅ​រដ្ឋ MATO GROSSO ភាគ​កណ្តាល​ចុង​ខាងលិច​ប្រទេស ។ អ្នកដំណើរ​សុទ្ធតែ​ជា​សាច់​ញាតិ​របស់​លោក MAURI VIANA ប្រធាន​សហភាព​សហករណ៍ FENATROCOP ។ លោក VIANA បាន​ជិះ​ក្នុង​យន្តហោះ​មួយទៀត​ជាមួយ​ភរិយា និង​កូនស្រី​ម្នាក់ ព្រមទាំង​កូនប្រសា​ប្រុស ។ ក្នុង​ចំណោម​ជន​រង​គ្រោះ​ដោយសារ​ការ​ធ្លាក់​យន្តហោះ​នេះ មាន​អតីត​ភរិយា កូនស្រី​២​នាក់ ចៅប្រុស​ម្នាក់ ប្អូនប្រុស​ម្នាក់ និង​ប្អូនស្រី​ម្នាក់​របស់​លោក VIANA ៕