ឧទ្ធម្ភាគចក្រ​រុ​ស្ស៊ី​មួយ​បាញ់​ធ្លាក់​នៅ​ស៊ី​រី​ស្លាប់​5​នាក់

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​១ សីហា ថា ឧទ្ធម្ភាគចក្រ​ដឹក​ជញ្ជូន​រុ​ស្ស៊ី​មួយ​គ្រឿង​ធុន MI-8 ត្រូវ​បាញ់​ធ្លាក់​ក្នុង​ដែនដី​ស៊ី​រី​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​អ៊ិ​ស្លា​ម​និយម​នៃ​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា ។

ក្រសួង​នេះ​គូសបញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​នេះ​ត្រូវ​បាញ់​ធ្លាក់​នា​ថ្ងៃ​ទី​១ សីហា នៅ​ខេត្ត​អីុ​ដ​លី​ប ភាគ​ពាយ័ព្យ​ស៊ី​រី ហើយ​មនុស្ស​៥​នាក់​ត្រូវ​ស្លាប់ ។

នេះ​ជា​ការ​បាត់បង់​ធ្ងន់ធ្ងរ​មួយ​របស់​រុ​ស្ស៊ី​ចាប់តាំងពី​អន្តរាគមន៍​របស់​ខ្លួន​នៅ​ស៊ី​រី​ពី​ដំណាច់​ខែកញ្ញា ឆ្នាំ​២០១៥ មក ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​បញ្ជាក់​ថា ឧទ្ធម្ភាគចក្រ​ដឹក​ជញ្ជូន​យោធា​ធុន MI-8 នេះ​ត្រូវ​បាញ់​ធ្លាក់​ក្រោយ​ពី​ដឹក​ជំនួយ​មនុស្សធម៌​ទៅ​កាន់​ទីក្រុង​អា​ឡែ​ប ។ វា​បាន​ហោះ​វិល​ត្រឡប់​មក​កាន់​មូលដ្ឋាន​អាកាសចរណ៍​សំខាន់​របស់​រុ​ស្ស៊ី​នៅ​ខេត្ត LATTAQUIE រួច​ត្រូវ​បាញ់​ធ្លាក់​នៅ​ជិត​ទីក្រុង SARAKEB ។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ទ្រី ប៉េ​ស្កូវ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា បណ្តា​អ្នក​ដែល​ជិះ​ក្នុង​ឧទ្ធម្ភាគចក្រ​នេះ​ស្លាប់​ក្នុង​វីរភាព ។ លោក​ថា​អ្នក​បើក​ព្យាយាម​ធ្វើ​ឱ្យ​ឧទ្ធម្ភាគចក្រ​នោះ​ធ្លាក់​ក្នុង​តំបន់​គ្មាន​មនុស្ស​រស់នៅ ដើម្បី​ចៀសវាង​កុំឱ្យ​បាត់បង់​ជីវិត​បណ្តាជន​ស៊ី​វិល ។

បណ្តា​រូបភាព​ផ្សាយ​តាម​បណ្តាញ​សង្គម​បង្ហាញ​សាកសព​មនុស្ស​ម្នាក់ និង​ឯកសារ​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ ដែល​ជា​ជនជាតិ​រុ​ស្ស៊ី​យក​ចេញពី​ខ្មោច​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង ។

ពុំ​ទាន់​មាន​ក្រុម​ណាមួយ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​បាញ់​ឧទ្ធម្ភាគចក្រ​នេះ​នៅឡើយ​។ ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពុំ​មាន​សកម្មភាព​ខ្លាំង​ក្នុង​តំបន់​នោះ​ឡើយ ខុស​ពី​ក្រុម​ប្រដាប់​អាវុធ​ឯទៀត​ៗ ៕