ម្ចាស់​​បទ​ «មាន់រងាវ» ​ចូល​សង្គ្រោះ​បន្ទាន់​

រាជធានីភ្នំពេញ ៖ ​ម្ចាស់​​បទ​ចម្រៀង «មាន់​​រងាវ» គឺ​​លោក​​កុ​ល សែ​ម ​​​ច្រៀង​ឆ្លង​ឆ្លើយ​ជាមួយ​អ្នកស្រី​រស់ សិរី​​សុទ្ធា ​ត្រូវ​​បាន​​ក្រុម​គ្រួសារ​​បញ្ជូន​ទៅ​កាន់​​​មន្ទីរពេទ្យ​ភ្លាម​ៗ ដើ27015ម្បី​សង្គ្រោះ​​បន្ទាន់ បន្ទាប់​ពី​លោក​បាន​ទទួល​​រង​នូវ​ជំងឺលើស​ឈាម និង​តម្រង​នោម ​​ដែល​រហូត​មក​​ដល់​ពេល​នេះ ជំងឺ​របស់​លោក​​កំពុង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​តាមដាន និង​ព្យាបាល​យ៉ាង​យកចិត្តទុកដាក់ ក្រោយ​ពី​ចូល​​សម្រាក​ព្យាបាល​អស់​រយៈ​ពេល​ជិត​មួ​យស​ប្តា​ហ៍​មកនេះ​ នៅ​ឯ​មន្ទីរពេទ្យ​ព្រះ​ព្រះ​កុ​សុម​: ។

ប្រភព​ពី​កូនស្រី​របស់​លោក​កុ​ល សែ​ម បាន​ឱ្យ​​​​កោះសន្តិភាពដឹង​​​នៅព្រឹក​​ថ្ងៃ​ទី​០២ ​សីហា ​ថា បច្ចុប្បន្ន​ អាកា​រៈ​​ជំងឺ​ឪពុក​​របស់​​អ្នកស្រី​កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​ពី​ក្រុម​​គ្រូពេទ្យ ។ បន្ទាប់​ពី​អ្នកស្រី​ ​បាន​បញ្ជូន​មក​ព្យាបាល​អស់​រយៈ​​ពេល​៤​ថ្ងៃ​មកនេះ​ ។

អ្នកស្រី​បញ្ជាក់​ថា ឪពុក​របស់​អ្នកស្រី​ មាន​ជំងឺលើសឈាម និង​តម្រង​នោម​អស់​រយៈ​​ពេល​ជាង​៣​ឆ្នាំ​មក​​ហើយ ហើយ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ​អាកា​រៈ​​ជំងឺ​គាត់​បាន​រើ​ឡើង​វិញ​ គួ​រឱ្យ​​ព្រួយបារម្ភ​ ទើប​​ត្រូវ​​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​​​​តែ​ម្តង​។ ​​រហូត​មក​ទល់​​ពេល​នេះ​អាកា​រៈ​​ជំងឺ​ឪពុក​របស់​អ្នកស្រី​ នៅ​មិន​ទាន់​​សន្និដ្ឋាន​ថា នឹង​វិ​វ​ត្តិ​ទៅ​ជា​យ៉ាងណា​នៅឡើ​យ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា ក្រុម​គ្រូពេទ្យ​បាន​តម្រូវឱ្យ​​មានការ​​លាង​​ឈាម​ ។

ទោះជា​យ៉ាងណា​ អ្នកស្រី​គិត​ថា ជំងឺ​ឪពុក​អ្នកស្រី​បាន​ធ្លាក់​​ដល់​សភាព​ធ្ងន់ធ្ងរ​នា​ពេល​​នេះ ក៏​ជា​មូលហេតុ​នៃ​ភាព​ចាស់ជរា​​ផង​ដែរ ព្រោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ ​លោក​មាន​វ័យ​៧២​ឆ្នាំ​ហើយ ។ អ្នកស្រី​បន្ថែម​ថា មុន​នឹង​ធ្លាក់ខ្លួន​ឈឺ​​នេះ ឪពុក​អ្នកស្រី​គឺជា​មន្ត្រី​មួយ​រូប​ផង​ដែរ​ នៅ​មន្ទីរ​វប្បធម៌​រាជធានី​ភ្នំពេញ ខណៈ​​​​ដែល​ស្នាដៃ​បន្តបន្ទាប់​​របស់​លោក​ ក្នុងរយៈ​​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​គឺ​អ្នកស្រី​មិន​បានដឹង​ច្បា​ស់​​ឡើយ ក្រៅ​តែ​ពី​បទ​មាន់រងាវ និង​បទ​ខ្មៅ​មាសបង​ ។

ទោះជា​យ៉ាងណា​ ស្ថិត​ក្នុង​កា​លៈទេសៈ​ដ៏​លំបាក​នេះ​ ក្នុង​នាម​ជា​សមាជិក​ក្រុម​គ្រួសារ​លោក​កុ​ល សែ​ម អ្នកស្រីសុំ​អំពាវនាវ​ដល់​សប្បុរសជន​នានា ក៏​ដូច​ជា​មិតភក្តិ​ទាំង​ក្នុង និង​ក្រៅ​សិ​ល្បៈ ​ដែល​ស្រឡាញ់​រាប់អាន​លោក សូម​មេត្តា​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ផង ដោយសារ​តែ​ជំងឺ​ឪពុក​អ្នកស្រី​អាច​នឹង​ត្រូវ​ចំណាយពេល​​យូរ និង​ថវិកា​ជា​ច្រើន​ ។

គួររំលឹកថា លោក​កុ​ល សែ​ម មាន​ដើម​កំណើត​នៅ​ខេត្តកណ្តាល ហើយ​បាន​រៀប​មង្គលការ និង​មានកូន​ចំនួន​៨​នាក់ ខ​ណៈ​ពេល​ដែល​កូន​ទាំងអស់​​របស់​លោក ​មិន​មាន​អ្នក​ណា​ម្នាក់ ​មាន​ទេព​កោសល្យ​ផ្នែក​សិ​ល្បៈ​​ដូច​ជា​រូប​លោក​ឡើយ​ ។ ស្នាដៃ​របស់​លោក​ដែល​មានការ​ទទួលស្គាល់​ គឺ​តាម​រយៈ​ការ​បង្ហើរ​​សំនៀង​ជាមួយ​រាជ​នី​សំឡេង​មាស​​អ្នកស្រី រស់ សិរី​សុទ្ធា តាម​រយៈ​​បទ «មាន់រងាវ» ព្រម​ជាមួយ​បទ «ស្រី​ខ្មៅ​មាសបង, លលក​ហើរ​ទុំ​មែក​ស្វាយ និង​បទ​ក​ម្លោះ​ក្រមុំ​ស្រុកស្រែ» ជាដើម ៕