ម៉​ន វិ​រៈ និង ង៉ែ​ត្រ រ​ដ្ឋា ជួប​កីឡាករ​ថៃ​ថ្ងៃ​សៅរ៍​នៅ​លើ​រេញ CTN មួយ​ណា​សម្រេច​គោលដៅ ?

រាជធានី​ភ្នំពេញ ៖ ម៉​ន វិ​រៈ មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក និងង៉ែ​ត្រ រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ នឹងជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ នៅ​លើ​សង្វៀន​ទូរទស្សន៍​CTN ថ្ងៃ​សៅរ៍ ទី​៦ សីហា ខាង​មុខ​នេះ​មិន​ទាន់​ដឹង​ថា​មួយ​ណា​សម្រេច​គោលដៅ​នោះ​ទេ ។ ម៉​ន វិ​រៈ ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Loukyort Sit Sampayak ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ខណៈ​ង៉ែ​ត្រ រ​ដ្ឋា ជួប ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Babeer Sit Famai ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។

កីឡាករ​ថៃ​ទាំង​២​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ​ជា​ពិសេស​Loukyort Sit Sampayak​តែ​ម្ដង​ប៉ុន្តែ​ភាគតិច​ណាស់​ដែល​គេ​ស្ពាយ​ជ័យជម្នះ​ត្រឡប់​ទៅ​វិញ ។ សម្រាប់​ការ​មក​ជួប​ម៉​ន វិ​រៈ ដែល​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​លើក​នេះ គេ​មិន​ទាន់​ដឹង​ថា យ៉ាងណា​នោះ​ទេ ។ ម៉​ន វិ​រៈ ធ្លាប់​ប្រកួត​បាន​១៣១ ឈ្នះ​១១៣​ដង ចាញ់​១៦​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​ដល់​ទៅ​៥៦​ដង ។ ចំណែក Loukyort Sit Sampayak វិញ​ធ្លាប់​ប្រកួត​បាន​៨៤​ដង ឈ្នះ​៦៦​ដង ចាញ់​១៤​ដង ស្មើ​៤​ដង ។ ទោះបី​ម៉​ន វិ​រៈ មាន​កម្ពស់​ទាប​ជាង​កីឡាករ​ថៃ​បន្តិច​មែន ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ប្រកួត​វិញ Loukyort Sit Sampayak ពិបាក​សង្ឃឹម​ក្នុង​ការ​ដណ្ដើម​យកជ័យ​ជម្នះ​ត្រឡប់​ទៅ​វិញ​ខ្លាំង​ណាស់ ។ ម្យ៉ាងវិញទៀត កីឡាករកម្ពុជា​រូប​នេះ​ត្រូវ​បាន​គេ​កត់​សម្គាល់ថា ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​វិជ្ជា​គុន​ល្អ ផ្លែ​កែង និង​ជង្គង់​របស់​គេ​ពេល​វាយ​ចេញ​ម្ដង​ៗ​លឿន​និងមាន​ប្រសិទ្ធភាព ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​Loukyort Sit Sampayak​ប្រហែលជា​យ៉ាប់​បន្តិច​ហើយ ។

ចំណែក ង៉ែ​ត្រ រ​ដ្ឋា ជួប​កីឡាករ​ថៃ Babeer Sit Famai​វិញ​នោះ​អាច​ស៊ីសង​គ្នា​បាន ព្រោះ​ពួក​គេ​ទាំង​ពីរ​មាន​ប្រវត្តិ​ប្រកួត​នៅ​លើ​សង្វៀន​មិន​លើស​គ្នា​ប៉ុន្មាន​ទេ ។ កីឡាករ​កម្ពុជា​គូ​នេះ​ធ្លាប់​ប្រកួត​បាន​៧៧​ដង ឈ្នះ​៥៦​ដង ចាញ់​១៨​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១២​ដង ខណៈ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៨១​ដង ឈ្នះ​៥៩​ដង ចាញ់​២០​ដង ស្មើ​២​ដង ។ ទោះបី​កីឡាករ​ថៃ​រូប​នេះ​មាន​ល្បិច​ប្រយុទ្ធ​ល្អ កម្លាំង​ខ្លាំង​ពិតមែន ប៉ុន្តែ​ពេល​មក​ជួប​កីឡាករ​កម្ពុជា​ដែល​មានបទពិសោធន៍​ប្រកួត​ពេញ​ខ្លួន​បែប​នេះ​គឺជា​រឿង​មិន​ងាយស្រួល​នោះ​ទេ ។

ដោយឡែក​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​វិញ​មាន កីឡាករ ខុន លី​ហ៊ុយ មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ សេក គឹ​ម​សាន្ត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប​។​កីឡាករ សុខ ចិន្ដា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ​កីឡាករ ហ៊ឹ​ម សា​រ៉ា​ន់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការ​ពារ​ជាតិ និង​គូ​ចុង​ក្រោយ​កីឡាករ សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ប្រកួត​ជាមួយ កីឡាករ ថុ​ល មក​រា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕