ISIS ហៅ​សមាជិក​ខ្លួន ឲ្យ​ធ្វើការ​វាយ​ប្រហារ ម៉ូស្គូ

នៅក្នុងវីដេអូមួយ ដែលទើបនឹងបង្ហោះផ្សាយ នៅចុងសប្ដាហ៍នេះ ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​​កាត់​​បារាំង​​​ហៅ EI ពាក្យ​​​កាត់​​​អង់គ្លេស​​​ហៅ ISIS) បានអំពាវនាវទៅកាន់សមាជិករបស់ខ្លួន ឲ្យធ្វើការ​វាយ​ប្រហារ ប្រឆាំង​ប្រទេស​រ៉ូស្ស៊ី។
ISIS ហៅ​សមាជិក​ខ្លួន ឲ្យ​ធ្វើការ​វាយ​ប្រហារ ម៉ូស្គូ

ពីឆ្វេងមកស្ដាំ៖ លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរ៉ូស្ស៊ី និងយុទ្ធជនម្នាក់ នៃក្រុមរដ្ឋអ៊ីស្លាម។ (រូបថតផ្តិតពីវីដេអូ)

បន្ទាប់ពីបណ្ដាប្រទេស នៅលោកខាងលិច និងបណ្ដាប្រទេសផ្សេងទៀត ដែលត្រូវបានចាត់ទុក ជា​សម្ព័ន្ធមិត្ត របស់លោកខាងលិចនោះ នៅពេលនេះ ដល់វេនប្រទេសរ៉ូស្ស៊ីម្ដង។ អង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​កាត់​​​អង់គ្លេស​​​ហៅ ISIS) បានអំពាវនាវទៅសមាជិករបស់ខ្លួន ឲ្យ​ធ្វើការ​វាយកម្ទេចប្រទេសរ៉ូស្ស៊ី។ នេះបើគេយោងតាមវីដេអូមួយ ដែលអង្គការភេរវនិយមមួយនេះ ទើបនឹង​បង្ហោះ​ផ្សាយ តាម​បណ្ដាញ​អ៊ិនធើណែត កាលពីល្ងាចថ្ងៃអាទិត្យ។

នៅក្នុងវីដេអូនោះ បុរសម្នាក់ដែលតំណាងឲ្យយុទ្ធជនសកម្មប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ របស់ក្រុមរដ្ឋអ៊ីស្លាម បាន​ថ្លែងព្រមានទៅប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Poutine) ថា៖ «ចូរស្ដាប់ឲ្យច្បាស់ ពូទីន! យើងនឹងមកប្រទេស រ៉ូស្ស៊ី និងសម្លាប់អ្នកឯង នៅក្នុងផ្ទះអ្នកឯង។ បងប្អូនរួមអាវុធទាំងឡាយ... សូម​ដឹកនាំ​ប្រតិបត្តិការប្រយុទ្ធ ដើម្បីព្រះជាម្ចាស់ - សម្លាប់ពួកវាទៅ - ប្រយុទ្ធប្រឆាំងនឹងពួកវា!»។

ជននេះ បាននិយាយដាក់ក្នុងវីដេអូ ជាមួយនឹងកាយវិការបើករថយន្ដ ដែលគេអាចមើលឃើញថា កំពុង​ស្ថិត​ក្នុង​តំបន់វាលខ្សាច់ណាមួយ។ ភាពពិតប្រាកដនៃវីដេអូនេះ មិនទាន់អាចត្រួតពិនិត្យបាន នៅក្នុងពេលភ្លាមៗ​នេះ​​បាន​ឡើយ។ ប៉ុន្តែគណនី ដែលបង្ហោះវីដេអូនេះ ជាគណនីរបស់ក្រុមរដ្ឋអ៊ីស្លាម និកាយ ស៊ូនីត នៅលើ​បណ្ដាញ​​សង្គម តេឡេហ្គ្រាម (Telegram)។

ក្រុមរដ្ឋអ៊ីស្លាម បានរងការខូចខាតជាដំណំ ពីប្រតិបត្តិអន្តរគមន៍របស់កងទ័ពរ៉ូស្ស៊ី នៅក្នុងភាគ​ខាងជើង​ប្រទេស​ស៊ីរី ដែលត្រូវបានក្រុមភេរវនិយមមួយនេះ ដណ្ដើមកាន់កាប់បាន កាលពីឆ្នាំ២០១១។ ការវាយ​សម្រុក ពី​សំណាក់​កងទ័ពរ៉ូស្ស៊ី បានជួយឲ្យកងទ័ពរបស់ប្រធានាធិបតីស៊ីរី លោក បាឆារ អាល់អាសាធ (Bachar al-Assad) ដណ្ដើម​ទឹកដី​ទាំង​នោះ​មួយ​ភាគ​មកវិញ កាលពីពេលថ្មីៗនេះ។

ដោយឡែក ការវាយប្រហារតាមបែបភេរវនិយម បានកើនឡើងខ្លាំងក្លា នៅក្នុងរយៈពេលចុងក្រោយនេះ នៅ​ក្នុងទ្វីបអ៊ឺរ៉ុប ជាពិសេស នៅក្នុងប្រទេសអាល្លឺម៉ង់ និងនៅក្នុងប្រទេសបារាំង។ ភេរកម្មចុងក្រោយបង្អស់ របស់​បណ្ដាញ​ភេរវនិយមមួយនេះ បានកើតឡើងកាលពីដើមសប្ដាហ៍មុន នៅក្រុង«Saint-Etienne-du-Rouvray» (ជាប់​ក្រុង រូអង់ ភាគ​ខាង​ជើង​ប្រទេសបារាំង) ហើយបានសម្លាប់បុព្វជិកកាតូតលីក វ័យចំណាស់ម្នាក់ (ស្លាប់​ដោយ​អាក) ខណៈពេលដែលបុព្វជិក កំពុងដឹកនាំសូត្រធម៌ (តាមបែបសាសនាកាតូលីក) ជាមួយនឹងអ្នក​ស្មោះ​ស្ម័គ្រ​ច្រើន​នាក់ នៅក្នុងព្រះវិហារ៕