ពលរដ្ឋ​ខ្លះ​នៅ​ស្រុក​អង្គរជុំ​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​បង្ខំ​ឱ្យ​ពួកគេ​ចូល​ជា​សមាជិក​បក្ស​កាន់​អំណាច

អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​នៅ​ភាគ​ខាង​លិច​នៃ​ទី​រួម​ខេត្ត​សៀមរាប បាន​ដើរ​ប្រមូល​យក​អត្តសញ្ញាប័ណ្ណ​ប្រជាពលរដ្ឋ​តាម​ភូមិ ដោយ​គេ​ប្រាប់​ថា យក​ទៅ​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត។ ការ​ដើរ​ប្រមូល​យក​អត្តសញ្ញាណប័ណ្ណ​ពី​ប្រជាពលរដ្ឋ​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ដែល​ហៅ​កាត់​ថា (គ.ជ.ប) កំពុង​ត្រៀមខ្លួន​រៀបចំ​បញ្ជី​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជា​ថ្មី​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​គោកដូង ស្រុក​អង្គរជុំ ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប សំដែង​ការ​មិន​សប្បាយចិត្ត​ជាមួយ​អាជ្ញាធរ​ភូមិ-​ឃុំ ដែល​ដើរ​ប្រមូល​យក​អត្តសញ្ញាណប័ណ្ណ​ពី​ពួកគេ​ទេ។

អ្នក​ភូមិ​ខ្លះ​ភ័យ​ខ្លាច​នៅ​ពេល​ដែល​អាជ្ញាធរ​ប្រមូល​យក​អត្តសញ្ញាណប័ណ្ណ ហើយ​អះអាង​ថា យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ក៏​ប៉ុន្តែ​លើ​ក្រដាស​ដែល​គេ​មើល​ឃើញ​បែរ​ជា​ដាក់​ថា បញ្ជី​សមាជិក​គណបក្ស​ភូមិ​ទៅ​វិញ​នោះ។

បុរស​អ្នកភូមិ​អន្ទិតតុ​ម្នាក់ ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​ទៀត គឺ​លោក ជិន ឌន់។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១ ខែ​សីហា ថា មេភូមិ​របស់​គាត់​ឈ្មោះ ឈង់ ប៊ុត បាន​ដើរ​ចែក​សេចក្ដី​ជូន​ដំណឹង​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់គ្នា​ទៅ​រួម​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា កន្លង​ទៅ។ នៅ​ពេល​ប្រជុំ​គឺ​មេ​ភូមិ​របស់​គាត់​បាន​ចាត់​តាំង​ប្រជាពលរដ្ឋ​ខ្លះ​ឱ្យ​ធ្វើ​មេ​ក្រុម​ដើរ​ប្រមូល​អត្តសញ្ញាណប័ណ្ណ​ពី​អ្នក​ភូមិ​ចំនួន ១០​នាក់។

លោក ជិន ឌន់ បញ្ជាក់​ថា រូប​លោក​ក៏​ត្រូវ​មេភូមិ​តម្រូវ​ឱ្យ​ដើរ​ប្រមូល​អត្តសញ្ញាណប័ណ្ណ​ពី​អ្នក​ភូមិ​ដែរ ប៉ុន្តែ​លោក​បាន​ប្រកែក​មិន​ព្រម​ធ្វើ។ បុរស​ដដែល​បញ្ជាក់​ថា លោក​ឃើញ​មេ​ភូមិ​កាន់​បញ្ជី​ដើរ​ចុះ​ឈ្មោះ​ប្រជាពលរដ្ឋ​ធ្វើ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ភូមិ ហើយ​លោក​មិន​សប្បាយ​ចិត្ត​ទេ ពីព្រោះ​លោក​មិន​ដែល​ជា​សមាជិក​របស់​គណបក្ស​នេះ​ឡើយ៖ «ខាង​លើ​ក្រដាស​គេ​ដាក់​រាយ​​នាម​បញ្ជី​សមាជិក​បក្ស​ភូមិ។ ខ្ញុំ​អត់​មាន​ចូល​បក្ស​គាត់​ផង គាត់​បែរ​ជា​មក​ដាក់​ឈ្មោះ​ខ្ញុំ»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ប្រហាក់ប្រហែល​គ្នា​ថា លោក​មាន​ការ​ភ័យខ្លាច​នៅ​ពេល​ដែល​អាជ្ញាធរ​ភូមិ​ដើរ​ប្រមូល​យក​អត្តសញ្ញាណប័ណ្ណ ហើយ​ហាក់​ដូចជា​បង្ខំ​ឱ្យ​ចូល​ជា​សមាជិក​គណបក្ស​កាន់​អំណាច៖ «ភូមិ-​ឃុំ គេ​ចាត់តាំង​ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​គេ​ចាត់​ឱ្យ​ធ្វើ​មេ​ក្រុម ដើរ​ប្រមូល​យក​អត្តសញ្ញាណប័ណ្ណ​ពី​អ្នកភូមិ​ចំនួន ១០​នាក់។ ពលរដ្ឋ​ភ័យ​ខ្លាច​គេ​យក​អត្តសញ្ញាណប័ណ្ណ​ទៅ​ធ្វើ​អ្វី​ផ្សេង»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ទាក់ទង​មេ​ភូមិ​អន្ទិតតុ ឈ្មោះ ឈង់ ប៊ុត និង​មេ​ឃុំ​គោកដូង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​១ ខែ​សីហា។ បញ្ហា​នេះ​ដែរ ក៏​មិន​អាច​ទាក់ទង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ណា​មួយ​ដើម្បី​សុំ​ការ​ពន្យល់​បាន​ថា យ៉ាង​ណា​នៅ​ឡើយ។

ក្នុង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​របស់​ប្រទេស​កម្ពុជា ដែល​អនុម័ត​ឱ្យ​ប្រើប្រាស់​កាល​ពី​ខែ​តុលា ឆ្នាំ​១៩៩៧ បាន​ចែង​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ អាច​មាន​សិទ្ធិ​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​បាន  ក៏ប៉ុន្តែ​មាត្រា​៥ នៃ​ច្បាប់​នេះ​ចែង​ថា ការ​ចូល​ជា​សមាជិក​នៃ​គណបក្ស​នយោបាយ​ណា​មួយ​គឺ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រចិត្ត​មិន​អាច​អ្នក​ណា​ម្នាក់​គាបសង្កត់ ឬ​ក៏​បង្ខិតបង្ខំ​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។