វិចិត្រករ​ខ្មែរ​ម្នាក់​យក​កាក​សំណល់​ផ្ទះ​បាយ​និង​សំរាម​សរីរាង្គ​ច្នៃ​ធ្វើ​ផ្ទាំង​គំនូរ​និង​វត្ថុ​អនុស្សាវរីយ៍

នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន បើ​និយាយ​ពី​កាក​សំណល់​ផ្ទះ​បាយ និង​សំរាម​សរីរាង្គ គឺ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ត្រឹម​តែ​ខ្ចប់​យក​ទៅ​បោះ​ចោល ហើយ​មាន​កសិករ​តិចតួច​បំផុត​ដែល​ចេះ​យក​សំរាម​ទាំង​នេះ​ទៅ​ធ្វើ​ជា​ជីកំប៉ុស​ដាក់​ដំណាំ ឬ​ក៏​យក​ទៅ​ដាក់​ស្រូវ​នៅ​ក្នុង​ស្រែ។ ក៏ប៉ុន្តែ​វិចិត្រករ​ខ្មែរ​ម្នាក់​បាន​រក​ឃើញ​ថា កាក​សំណល់​ផ្ទះ​បាយ​ជាច្រើន​ប្រភេទ ព្រម​ទាំង​សំរាម​សរីរាង្គ​នៅ​ជុំវិញ​ផ្ទះ គឺ​មាន​ប្រយោជន៍​អាច​យក​ទៅ​ធ្វើ​ជា​ផ្ទាំង​គំនូរ ព្រម​ទាំង​វត្ថុ​អនុស្សាវរីយ៍ ហើយ​លក់​ដូរ​បាន​ប្រាក់​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ​មួយ​ផ្នែក។

តើ​គេ​អាច​យក​សំរាម​ទៅ​កែច្នៃ​ធ្វើ​ជា​គំនូរ និង​វត្ថុ​អនុស្សាវរីយ៍​បាន​យ៉ាង​ដូចម្ដេច?

ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប គឺ​ជា​ភូមិ​ដែល​ស្ថិត​នៅ​តំបន់​ឧទ្យាន​អង្គរ​ជិត​ប្រាសាទ​អង្គរវត្ត។ ទីនោះ​មាន​បុរស​ម្នាក់​ដែល​ជា​វិចិត្រករ​អាយុ ៣៤​ឆ្នាំ កំពុង​ច្នៃ​ប្រឌិត​កាក​សំណល់​ផ្ទះ​បាយ និង​សំរាម​សរីរាង្គ ដូចជា​ស្លឹក​ឈើ​ងាប់ ព្រម​ទាំង​ដើម​រុក្ខជាតិ​ពុកៗ​ខ្លះ​ឲ្យ​ទៅ​ជា​ផ្ទាំង​គំនូរ និង​វត្ថុ​អនុស្សាវរីយ៍​ដ៏​ល្អ​ស្អាត សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​ណា​ដែល​មាន​ការ​ចាប់​អារម្មណ៍ និង​ចង់​បាន។

គំនូរ​អប្សរា​ធ្វើ​ពី​សំរាម សៀមរាប ២០១៦ ៨៥៥
គំនូរ​អប្សរា​របស់​លោក រៀម មុនីស៊ីឡុង ធ្វើ​ពី​ក្រដាស សំរាម ស្លឹក​ឈើ ស្រកា​ត្រី នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Hang Savyouth

បុរស​ឈ្មោះ រៀម មុនីស៊ីឡុង មាន​សម្បុរ​ស្រអែម ហើយ​ប្រវត្តិ​ជា​កូន​កសិករ មាន​ប្រសាសន៍​ថា រូប​គាត់​បាន​យក​សំរាម​មក​ច្នៃ​ប្រឌិត​ធ្វើ​ជា​គំនូរ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ ដើម្បី​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​រយៈពេល​ប្រហែល​មួយ​ឆ្នាំ​ហើយ។ ជា​រៀង​រាល់​ថ្ងៃ​ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​យប់ គឺ​បុរស​ម្នាក់​នេះ​រវល់​នឹង​ការងារ​របស់​គាត់ ដូចជា​យក​ស្លឹក​ឈើ​ងាប់ៗ​ទៅ​ត្រាំ​ទឹក ហើយ​យក​មក​បុក​ឲ្យ​ម៉ត់ ព្រម​ទាំង​យក​ទៅ​លាយ​ច្របល់​ជាមួយ​កាវ​ចាក់​ពុម្ព​ធ្វើ​ជា​រូប​សត្វ​ជាច្រើន​ប្រភេទ ជាដើម។ បុរស​ដដែល​បញ្ជាក់​ថា កាក​សំណល់​ជាច្រើន​ប្រភេទ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​សល់​ពី​ផ្ទះ​បាយ ហើយ​បោះ​ចោល ដូចជា​ស្រកា​ត្រី សម្បក​ខ្យង​ខ្ចៅ សម្បក​ពង​ទា ព្រម​ទាំង​សំណល់​សរីរាង្គ ដូចជា​ស្លឹក​ឈើ​ងាប់ ដើម​ល្ហុង​ពុក សម្បក​ធាងដូង ជួក​ត្នោត ព្រម​ទាំង​កាក​អំពៅ​ជាដើម សុទ្ធតែ​អាច​យក​ទៅ​កែច្នៃ​ធ្វើ​ជា​ក្រដាស ហើយ​គូរ​គំនូរ​ដ៏​ស្រស់​ស្អាត​បាន៖ «គំនិត​ខ្ញុំ​បង្កើត​រូប​គំនូរ និង​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​សំរាម​នេះ​ឡើង ដោយសារ​តែ​ខ្ញុំ​ឃើញ​ប្រពន្ធ​របស់​ខ្ញុំ​បោស​សំរាម​នៅ​ជុំវិញ​ផ្ទះ ហើយ​យក​ទៅ​ដុត​បង្កើត​ឲ្យ​មាន​ផ្សែង ព្រម​ទាំង​ធ្វើ​ឲ្យ​កើត​ជាតិ​អាស៊ីត​នៅ​ក្នុង​ដី​ជាច្រើន ដែល​ប៉ះពាល់​ដល់​បរិស្ថាន»

រៀម មុនីស៊ីឡុង មាន​ប្រវត្តិ​ជា​ជាង​គំនូរ​ដែល​ដើរ​ស៊ី​ឈ្នួល​គូរ​រូប​នៅ​តាម​ព្រះវិហារ​នៃ​ព្រះពុទ្ធ​សាសនា​ជាច្រើន​វត្ត ក៏ប៉ុន្តែ​ជាង​ពីរ​ឆ្នាំ​មុន គាត់​បាន​បោះបង់​ចោល​មុខ​របរ​ជាង​គំនូរ​ស៊ី​ឈ្នួល​ដើរ​គូរ​តាម​វត្ត​នោះ ហើយ​បាន​ចូល​បម្រើ​ការ​នៅ​ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ ជីវិត​ខ្មែរ​ឯករាជ្យ ដែល​ហៅ​កាត់​ថា ខេ.អាយ.អិល.ធី (K.I.L.T)។ នៅ​ក្នុង​អង្គការ​នោះ​មាន​ជនជាតិ​ជប៉ុន ម្នាក់ បាន​បង្រៀន​រូប​គាត់​ឲ្យ​ចេះ​យក​ស្លឹក​ឈើ​ងាប់ ព្រម​ទាំង​ដើម​រុក្ខជាតិ​ពុកៗ​ជាច្រើន​ប្រភេទ​ទៅ​ធ្វើ​ជា​ក្រដាស​សម្រាប់​គូរ​គំនូរ និង​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ។ បន្ទាប់​ពី​គាត់​រៀន​ចេះ​ពី​ការ​យក​សំរាម​ទៅ​ធ្វើ​ជា​ក្រដាស និង​វត្ថុ​អនុស្សាវរីយ៍​មក ក្នុង​រយៈពេល​ប្រហែល​មួយ​ឆ្នាំ​មក​នេះ គឺ​គាត់​បាន​ប្រឹងប្រែង​គូរ​គំនូរ​លើ​ក្រដាស​សំរាម​ទាំង​នេះ ព្រម​ទាំង​កែច្នៃ​ធ្វើ​រូប​ដែល​ជា​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ប្រភេទ​ទៀត។

បច្ចុប្បន្ន ស្នាដៃ​របស់​គាត់ គឺ​មាន​នៅ​តាម​សណ្ឋាគារ​ខ្លះ និង​ផ្សារ​រាត្រី​ខ្លះ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​ផ្ញើ​លក់​ទៅ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ណា​ដែល​ចាប់​អារម្មណ៍ និង​ចង់​បាន។

បើ​ទោះ​បី​ជា​វិចិត្រករ​ខ្មែរ​ម្នាក់​នេះ​កំពុង​មាន​មោទនភាព​នឹង​ស្នាដៃ​ច្នៃ​ប្រឌិត​របស់​ខ្លួន ដោយ​យក​សំរាម​មក​ធ្វើ​ជា​គំនូរ និង​វត្ថុ​អនុស្សាវរីយ៍​បាន​ក៏ដោយ ក៏​ភរិយា​របស់​គាត់​ហាក់​នៅ​មិន​ទាន់​ពេញ​ចិត្ត និង​ចង់​ឲ្យ​រូប​គាត់​បន្ត​មុខ​របរ​ដូចនេះ​ត​ទៅ​ទៀត​ទេ។

ភរិយា​របស់​លោក រៀម មុនីស៊ីឡុង គឺ​អ្នកស្រី ប៉ា គឹមសាន មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​សូវ​ពេញ​ចិត្ត​នឹង​មុខ​របរ​របស់​ប្ដី​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ។ អ្វី​ដែល​អ្នកស្រី​មិន​ចង់​ឲ្យ​ប្ដី​ប្រកប​មុខ​របរ​ច្នៃ​សំរាម​នេះ​ត​ទៅ​ទៀត ដោយសារ​តែ​វា​បាន​ចំណូល​មិន​គ្រប់គ្រាន់​ទៅ​តាម​ទំហំ​ដែល​គ្រួសារ​របស់​គាត់​ចំណាយ​ក្នុង​មួយ​ខែៗ៖ «សំខាន់​រឿង​ជីវភាព​ផង ចំណូល​តិច​ពេក។ បើ​ដូច​មុខ​របរ​សព្វថ្ងៃ​នេះ ខ្ញុំ​ដូចជា​មិន​សង្ឃឹម​ថា​រីក​ចម្រើន​ទេ»

អ្នកស្រី ប៉ា គឹមសាន បញ្ជាក់​ថា មុខ​របរ​កែច្នៃ​សំណល់​ផ្ទះ​បាយ និង​សំណល់​សរីរាង្គ​យក​ទៅ​ធ្វើ​ជា​គំនូរ និង​វត្ថុ​អនុស្សាវរីយ៍​ដូច​ប្ដី​របស់​គាត់​ក្នុង​ពេល​បច្ចុប្បន្ន គឺ​មាន​តែ​ភ្ញៀវ​អឺរ៉ុប​ខ្លះ​ដែល​គាំទ្រ ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​វិញ គឺ​មិន​ទាន់​មាន​អ្នក​គាំទ្រ​នៅ​ឡើយ។ ក្នុង​មួយ​ខែៗ​នៅ​រដូវ​សម្បូរ​ភ្ញៀវ​ទេសចរ គាត់​អាច​រក​ប្រាក់​បាន​ពី​ការ​លក់​គំនូរ និង​វត្ថុ​អនុស្សាវរីយ៍​នេះ​ប្រមាណ ៣០០​ដុល្លារ​អាមេរិក ប៉ុន្តែ​នៅ​រដូវ​ខ្សត់​ភ្ញៀវ គឺ​រក​បាន​ប្រមាណ​ពី ១០០​ដុល្លារ​ទៅ ២០០​ដុល្លារ។

រៀម មុនីស៊ីឡុង សៀមរាប ២០១៦ ៨៥៥
លោក រៀម មុនីស៊ីឡុង ជា​វិចិត្រករ​ដែល​យក​កាក​សំណល់​ផ្ទះ​បាយ និង​សំរាម​សរីរាង្គ​ទៅ​កែច្នៃ​ធ្វើ​ជា​គំនូរ និង​វត្ថុ​អនុស្សាវរីយ៍ នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Hang Savyouth

លោក រៀម មុនីស៊ីឡុង ឲ្យ​ដឹង​ថា ប្រពន្ធ​របស់​គាត់ ចង់​ឲ្យ​រូប​គាត់​បោះបង់​ចោល​មុខ​របរ​ច្នៃ​សំរាម​នេះ ហើយ​ងាក​ទៅ​រក​មុខ​របរ​ដាំ​បន្លែ​វិញ ក៏ប៉ុន្តែ​គាត់​បាន​តាំង​ចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​មិន​បោះបង់​ការ​កែច្នៃ​សំរាម​ឲ្យ​ក្លាយ​ទៅ​ជា​គំនូរ និង​វត្ថុ​អនុស្សាវរីយ៍​នេះ​ដោយ​ងាយៗ​ទេ។ លោក រៀម មុនីស៊ីឡុង អំពាវនាវ​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​ដែល​តែង​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត​នៅ​តំបន់​អង្គរ ឲ្យ​ជួយ​ណែនាំ​ពី​ផលិតផល​របស់​លោក ហើយ​ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ជួយ​លើក​ទឹក​ចិត្ត​ផង​ដែរ៖ «ខ្ញុំ​ចង់​ឲ្យ​ខ្មែរ​ទាំងអស់ ព្រម​ទាំង​ជនជាតិ​បរទេស សូម​ជួយ​គាំទ្រ​ផលិតផល​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ»

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀមរាប លោក ភួង លីណា មាន​ប្រសាសន៍​ថា ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​តែ​ប្រជាពលរដ្ឋ​ខ្លះ​ដែល​យក​កាក​សំណល់​ផ្ទះ​បាយ និង​សំណល់​សរីរាង្គ​ទៅ​ធ្វើ​ជា​ជីកំប៉ុស ប៉ុន្តែ​ប្រសិន​បើ​ពលរដ្ឋ​ខ្មែរ​ចេះ​កែច្នៃ​សំរាម​ធ្វើ​ជា​ក្រដាស​គូរ​គំនូរ និង​វត្ថុ​អនុស្សាវរីយ៍​ទៀត​នោះ គឺ​ស្នាដៃ​ថ្មី​ដែល​មាន​សារសំខាន់​បំផុត​គួរ​ឲ្យ​លើក​ទឹក​ចិត្ត៖ «នៅ​ក្នុង​ប្រទេស​របស់​យើង ជាទូទៅ​សំរាម​ច្រើន​តែ​យក​មក​ធ្វើ​ជីកំប៉ុស​ទេ ការ​កែច្នៃ​ជា​វត្ថុ​អនុស្សាវរីយ៍​អី​នោះ មិន​មាន​ច្រើន​ទេ»

លោក រៀម មុនីស៊ីឡុង បង្ហាញ​ពី​បំណង​សម្រាប់​អនាគត​ថា ប្រសិន​បើ​ស្នាដៃ​របស់​លោក​មាន​ការ​គាំទ្រ​ច្រើន គឺ​លោក​នឹង​ត្រៀម​ខ្លួន​បង្រៀន​ជំនាញ​កែច្នៃ​សំរាម​នេះ​ដល់​កូន​ខ្មែរ​ជាច្រើន ឲ្យ​ចេះ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ផង ព្រម​ទាំង​ជួយ​កាត់​បន្ថយ​សំរាម និង​ជាតិ​ពុល​ពី​បរិស្ថាន ប្រយោជន៍​ជួយ​សុខភាព​ឲ្យ​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​ទាំងមូល​បាន​ប្រសើរ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។