ប្ដី​ប្រពន្ធ​វ័យក្មេង​ដណ្ដើម​ទូរស័ព្ទ​គ្នា​លេង ឈ្លោះ​គ្នាប្ដី​ខឹង​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន

ប្ដី​ប្រពន្ធ​វ័យក្មេង​ដណ្ដើម​ទូរស័ព្ទ​គ្នា​លេង ឈ្លោះ​គ្នាប្ដី​ខឹង​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន



ខេត្តកំពង់ធំ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​បុរស​ម្នាក់​បាន​បញ្ចប់ជីវិត​ដោយ​ផឹកថ្នាំ​សម្លាប់​សត្វល្អិត​ធ្វើ​អត្តឃាត​។ លោក​វរសេនីយ៍ត្រី វ៉​ន សុ​ភ័​ណ អធិការរង​នគរបាល​ស្រុក​ស្ទោង​បានឱ្យ​ដឹង​ថា ករណី​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា នៅ​ក្នុងភូមិ​ស្វាយ​អៀ ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង​។

យោង​តាម​សាច់ញាតិ​បានឱ្យ​ដឹង​ថា បុរស​ជា​ប្ដី​ឈ្មោះ ណេ​ន ណុ​ល អាយុ​២២​ឆ្នាំ ទើបតែ​រៀបចំ​សែនព្រេន​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយនឹង​នាង ជី​ង ឈៀង អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ បាន​រយៈពេល​ប្រហែលជា​៣​ខែ​ប៉ុណ្ណោះ ។

នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​កាន់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​១​គ្រឿង​ចុច​លេង​យ៉ាង​សប្បាយ​រីករាយ ។ មួយសន្ទុះ​ក្រោយមក ពួក​គេ​ក៏​ដណ្តើម​ទូរស័ព្ទ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បុរស​ជា​ប្តី​កើតក្តី​ខឹងសម្បា ក៏​ដណ្តើម​ទូរស័ព្ទ​ពី​ប្រពន្ធ​យក​នៅ​គប់​ចោល រួច​ដើរទៅ​ផឹកស្រា ។ បន្ទាប់​ពី​ផឹកស្រា​ហើយ ក៏​ត្រឡប់​មក​ផ្ទះ​វិញ ដើរទៅ​ក្រោយ​ផ្ទះ​យក​ថ្នាំ​សម្លាប់​សត្វល្អិត​មិន​ស្គាល់​ម៉ា​កមក​ផឹក​សម្លាប់​ខ្លួន​តែ​ម្តង ។

មួយសន្ទុះ​ក្រោយមក​ទើប​ប្រពន្ធ​និង​សាច់ញាតិ​ដឹង ហើយ​នាំ​គ្នា​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ បង្អែក​ស្រុក​ស្ទោង​ដើម្បី​សង្គ្រោះ ប៉ុន្តែ​ឥទ្ធិពល​នៃ​ថ្នាំពុល​បាន​ជ្រាប​ពេញ​រាង​កាយ​បាត់​ទៅ​ហើយ  ធ្វើ​ឱ្យ​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ ក៏​ស្លាប់​បាត់បង់​ជីវិត​ទៅ ៕