ចំណុច​ខ្លាំង​របស់​ម្ចាស់​ពាន​រង្វាន់​សហគ្រិន​វ័យក្មេង​ទាំង​៤ ឆ្នាំ​២០១៦

អ្នក​ចូលរួម​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​ទាំង​អស់​ កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន មាន​អារម្មណ៍​បុក​ពោះ រំជួល​ចិត្ត ដោយ​លោក ប៉ិច បូឡែន បាន​រៀបរាប់​ពី​លក្ខណៈ​សម្បត្តិ​ពិសេសៗ​របស់​សហគ្រិន​ម្ចាស់​ពាន​រង្វាន់​នីមួយៗ​យ៉ាង​ក្បោះក្បាយ មុន​នឹង​ប្រកាស​ឈ្មោះ​របស់​គេ​ឲ្យ​មហាជន​បាន​ដឹង។

 

តាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​ប្រធាន JCI ថ្នាក់​ជាតិ​នៃ​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​ឆ្នាំ​២០១៦ រូប​នេះ ​ថា លក្ខណៈសម្បត្តិ​ពិសេសៗ​របស់​ម្ចាស់​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​ទាំង ៤ ប្រចាំឆ្នាំ​២០១៦ មាន​៖

 

ចំណុច​ខ្លាំង​របស់​ម្ចាស់​ពាន​រង្វាន់​សហគ្រិន​វ័យក្មេង​ទាំង​៤ ឆ្នាំ​២០១៦

 

ម្ចាស់​ពានរង្វាន់​សហគ្រិន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៦៖ លោក ចាង ប៊ុនលាង ម្ចាស់​ហាង​ប្រោន​កាហ្វេ

– ជា​សហគ្រិន​មួយ​រូប​ដែល​បាន​ និង​កំពុង​ចូលរួម​ជំរុញ និង​ធ្វើ​ឲ្យ​រំភើប​ចិត្ត​ដល់​ស្មារតី​សហ​គ្រិន​ភាព​របស់​យុវជន​កម្ពុជា
– ជា​សហគ្រិន​ដែល​បាន​រួម​ចំណែក​កសាង​ទម្លាប់ និង​ផ្នត់​គំនិត​វិជ្ជមាន​ដល់​កម្ពុជា
– ជា​សហគ្រិន​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​មោទនភាព​ជាតិ និង​ត្រូវ​បាន​បង្ហាញ​ជា​ញឹកញាប់​តាម​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ
– ជា​សហគ្រិន​ដែល​ចាត់​ទុក​បុគ្គលិក និង​អតិថិជន​ទាំង​អស់​ជា​ក្រុម​គ្រួសារ​តែ​មួយ
– ជា​សហគ្រិន​ដែល​បាន​បង្កើត​អាជីវកម្ម​ប្រកប​ដោយ​គំនិត​ច្នៃប្រឌិត មាន​មហិច្ឆតា​ខ្ពស់ ហើយ​បាន​និង​កំពុង​ផ្លាស់​ប្ដូរ​របត់​អាជីវកម្ម​កាហ្វេ​នៅ​កម្ពុជា​

 

ចំណុច​ខ្លាំង​របស់​ម្ចាស់​ពាន​រង្វាន់​សហគ្រិន​វ័យក្មេង​ទាំង​៤ ឆ្នាំ​២០១៦

 

ម្ចាស់​ពានរង្វាន់​សហគ្រិន​ឆ្នើម​ផ្នែក​ស្ត្រី៖ លោកស្រី ស្រ៊ាត មុំសុភា អគ្គ​នាយិកា​ក្រុមហ៊ុនទេសចរណ៍ SOPHIYA Travel & Tours

– ជា​សហគ្រិន​ដែល​អភិវឌ្ឍ​ខ្លួន​ពី​និយោជិក​ដ៏​សាមញ្ញ​មួយ​រូប និង​ធ្លាប់​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន ជា​មួយ​ការ​តាំង​ចិត្ត​ដ៏​មហិមា​ពុះពារ​បង្ហាញ​ភាព​ជា​គំរូ​ដល់​ស្ត្រី​កម្ពុជា​ដទៃ​ទៀត​
– ជា​សហគ្រិន​ដែល​ជា​និមិត្តរូប​នៃ​ក្តី​សង្ឃឹម ការ​តស៊ូ​ឯករាជ្យ​ភាព និង​ទំនុក​ចិត្ត​ខ្លួន​ឯង
– ជា​សហគ្រិន​ដែល​បាន​ធ្វើ​ដំណើរ​គ្រប់​ទិសទី លះបង់​ពេល​វេលា​ជាច្រើន​ដើម្បី​លើក​ទឹក​ចិត្ត និង​ធ្វើ​ឲ្យ​រំភើប​ចិត្ត​ដល់​សហគ្រិន​ស្ត្រី​ដទៃ​ទៀត
– ជា​សហគ្រិន​ដែល​បាន​និង​កំពុង​នាំ​កម្ពុជា​ទៅ​កាន់​ពិភពលោក និង​នាំ​ពិភពលោក​មក​កាន់​កម្ពុ​ជា

 

ចំណុច​ខ្លាំង​របស់​ម្ចាស់​ពាន​រង្វាន់​សហគ្រិន​វ័យក្មេង​ទាំង​៤ ឆ្នាំ​២០១៦

 

ម្ចាស់​ពាន​រង្វាន់​សហគ្រិន​ឆ្នើម​វ័យ​ឆ្លាត​ផ្នែក​បច្ចេកវិទ្យា៖ លោក សុខ សុភមង្គល ប្រធាន​ក្រុមហ៊ុន បច្ចេកវិទ្យា​កុំព្យូទ័រ Codingate

– ជា​សហគ្រិន​មួយ​រូប​ដែល​តាំង​ចិត្ត​កសាង​មោទនភាព​កូន​ខ្មែរ
– ជា​សហគ្រិន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ផ្ដល់​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​យុវជន​កម្ពុជា
– ជា​សហគ្រិន​ដែល​បាន​ចំណាយ​ពេល​វេលា ប្រឡូក​ក្នុង​ហានិភ័យ​ជា​ច្រើន​ដើម្បី​បង្កើត​នូវ​ឱកាស​ពាណិជ្ជកម្ម​ជូន​ដល់​សហគ្រិន​ដទៃ​ទៀត​តាម​រយៈ​បច្ចេកវិទ្យា
– ជា​សហគ្រិន​ដែល​មាន​វ័យ​ក្មេង តែ​មាន​ភាព​ជា​អ្នក​ដឹកនាំ​ចាស់ទុំ
– ជា​សហគ្រិន​ដែល​មាន​មហិច្ឆតា​ធំ ដែល​ផ្ដើម​ចេញ​ពី​អាជីវកម្ម​ដ៏​តូច​មួយ​

 

ចំណុច​ខ្លាំង​របស់​ម្ចាស់​ពាន​រង្វាន់​សហគ្រិន​វ័យក្មេង​ទាំង​៤ ឆ្នាំ​២០១៦

 

ម្ចាស់​ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ផ្នែក​សង្គម៖ លោកស្រី នាវ នារី​បញ្ច​ពិសី នាយិកា​ក្រុមហ៊ុន​ទេសចរណ៍ All Dreams (Cambodia) Co. Ltd.

– ជា​សហគ្រិន​មួយ​រូប​ដែល​បាន​បង្កើត​អាជីវកម្ម​ក្នុង​ទិសដៅ​លើក​កម្ពស់​សង្គម វប្បធម៌ សិល្បៈ និង បរិស្ថាន​កម្ពុជា
– ជា​សហគ្រិន​ដែល​បាន​និង​កំពុង​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​សហគមន៍​របស់​កម្ពុជា
– ជា​សហគ្រិន​ដែល​ពោរ​ពេញ​ដោយ​ទឹក​ចិត្ត​ស្រលាញ់​សង្គម​កម្ពុជា មាន​ឆន្ទៈ ពុះពារ និង​ភាព​អំណត់​អត់ធ្មត់ ដើម្បី​បង្ហាញ​ពី​សក្តានុពល និង​សម្រស់​ល្អ​ឯក​របស់​កម្ពុជា​ដែល​ជា​រាជាណាចក្រ​អច្ឆរិយ​ទៅ​កាន់​ភ្ញៀវ​អន្តរជាតិ៕

 

 

អត្ថបទ៖ លីដា