មិន​នឹក​ស្មាន​សោះ ! ព្រោះតែ​ប្រចណ្ឌ​ប្រពន្ធ​ធ្វើ​បែប​នេះ

ខេត្តកំពត ៖ បុរស​ម្នាក់​ព្រោះតែ​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​អ្នក​ជិតខាង បាន​ប្រព្រឹត្ត​អំពើ​មិន​នឹក​ស្មាន​ដល់​ ដោយ​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៦ បាន​ដុត​ផ្ទះ​ខ្លួនឯងនៅ​ភូមិ​កំពង់​សំរោង ឃុំ​កំពង់​សំរោង ស្រុក​ទឹកឈូ ខេត្តកំពត ​​បណ្ដាល​ឲ្យ​ឆេះ​ម៉ដ្ឋគ្មាន​សល់ ។

លោក ណុ​ប ចាន់​ភាព អធិការរង​នគរបាល​ស្រុក​ទឹកឈូ បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ កែវ សៀ​ប អាយុ​៥២​ឆ្នាំ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ស ណឹ​ប អាយុ​៥០​ឆ្នាំ  ចំណែក​ផ្ទះ​ដែល​ដុត​ឆេះ​ម៉ដ្ឋ​នោះ​មាន​ទំហំ ៥​ម៉ែត្រ គុណ ៦​ម៉ែត្រ ជញ្ជាំង​ស័ង្កសី ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់ត៍ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​តែងតែ​ផឹកស្រា​ស្រវឹង​ស្ទើរតែ​រាល់ថ្ងៃ ហើយ​អ្នក​ភូមិ​មិន​ត្រឹមតែ​ថា​ឲ្យ​គាត់​រឿង​ផឹកស្រា​នេះ​ដែរ ថែម​ទាំង​ឌឺដង​ដាក់​គាត់​រឿង​ប្រពន្ធ​របស់​គាត់​ទៀត ធ្វើ​ឲ្យ​គាត់​មានចិត្ត​ប្រចណ្ឌ​ប្រពន្ធ​របស់​គាត់​យ៉ាង​ខ្លាំង រហូត​ដល់​ដុត​កម្ទេច​ផ្ទះ​ខ្លួនឯង​ឡើង​ឆេះ​ម៉ដ្ឋ​គ្មាន​សល់ ។

លោក​អធិការរង​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​បុរស​ជា​ប្តី​ត្រូវ​បាន​ឃាត់ខ្លួន​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ ហើយនឹង​ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​បន្ថែម​ទៀត ៕