​មិន​ចង់​កើត​ជំងឺថ្លើម គប្បី​ធ្វើ​រឿង​ទាំង​នេះ​ឲ្យបាន​

​មិន​ចង់​កើត​ជំងឺថ្លើម គប្បី​ធ្វើ​រឿង​ទាំង​នេះ​ឲ្យបាន​

​ការ​ធាត់​ជ្រុល គ្រឿង​ស្រវឹង ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C គឺជា​មូលហេតុ​ចំបង​បំផុត របស់​ជំងឺថ្លើម​រ៉ាំរ៉ៃ​។ ដូច្នេះ តើ​មាន​វិធី​អ្វី​ខ្លះ​ទៅ ដែល​អាច​ជួយ​ឲ្យ​ថ្លើម មាន​សុខភាព​ល្អ​រហូត និង​កុំឲ្យ​មាន​ជំងឺដ៏​ធ្ងន់ធ្ងរ​នេះបានទៅ​?

​យល់ដឹង​អំពី​ការឆ្លង​ជំងឺ​រលាក​ថ្លើម​
​ការ​ញ៉ាំ​អាហារ​ដែល​ចម្អិន នៅផ្ទះ​ដោយ​ខ្លួនឯង គួរតែ​ធ្វើ​យ៉ាងណា​ជា​អាហារ​មាន​អនាម័យ ឆ្អឹង​ល្អ ហើយ​ទឹក​ក៏​គួរតែ​ដាំ​ឲ្យ​ពុះ​ដែរ ចាំ​ទទួល​ទាន​។ អ្នក​ក៏​គួរតែមាន​ការប្រុងប្រយ័ត្ន ចំពោះ​ការ​ហែល​ទឹក​ដែរ ជាពិសេស ត្រូវតែ​ជ្រើសរើស​អាង​ហែល​ទឹក​ណា ដែល​មាន​ការ​សម្លាប់​មេរោគ​បាន​ត្រឹមត្រូវ​ផង​។

​ប្រុងប្រយ័ត្ន ចំពោះ​ការបញ្ចូល​ឈាម​គ្រប់​ប្រភេទ​
​បើសិនជា​ឈាមមាន​ជំងឺឆ្លង វា​ទំនងជា​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​ក្រិន​ថ្លើម និង​មហា​រីកថ្លើម​ដោយសារ​តែ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ពី​ការបញ្ចូល​ឈាម​ដែរ​។ ដូច្នេះ គួរតែមាន​ការប្រុងប្រយ័ត្ន​ឲ្យ​មែនទែន នៅ​ពេល​សុំ​ឈាម​ពី​ធនាគារ​ឈាម​។

​ប្រុងប្រយ័ត្ន ចំពោះ​សម្ភារៈ​ពេទ្យ និង​វះកាត់​
​សម្ភារៈ​ពេទ្យ និង​វះកាត់​ណា​ដែល​មាន​មុខស្រួចៗ ពិតជា​ងាយ​ចម្លងជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ណាស់​។ ដូច្នេះ អ្វី​ដែល​អាច​ធ្វើ​បាន​គួរតែ​ប្រើប្រាស់​សម្ភារៈ​នេះ​ម្តង​ហើយ ត្រូវតែ​បោះចោល​ជាពិសេស​សឺ​រ៉ា​ង និង​ម្ជុលចាក់​ថ្នាំ​តែម្តង​។

​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន អាចមាន​ផលប៉ះពាល់​ដល់​ផ្លូវ​រំលាយ​អាហារ​ទាំងមូល ប៉ុន្តែ អ្វី​ដែល​ប៉ះពាល់​កាន់តែ​ខ្លាំង​នោះ គឺ​ថ្លើម​ទៅវិញ​ទេ​។ ជំងឺ​ខ្លាញ់​រុំ​ថ្លើម រលាក​ថ្លើម​ដោយសារ​គ្រឿង​ស្រវឹង ក្រិន​ថ្លើម​ដោយសារ​គ្រឿង​ស្រវឹង និង​មហា​រីកថ្លើម ច្រើន​តែ​កើតមាន​ជា​ញឹកញាប់ លើ​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​។ ដូច្នេះ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ឲ្យបាន​ច្រើន​បំផុត តាម​តែ​អាច​ធ្វើទៅបាន​។

​រួមភេទ​ដោយ​មាន​ការការពារ​
​ចូរ​ប្រាកដថា អ្នក​បាន​ធ្វើ​ការការពា​រ​ខ្លួនឯង ក្នុងពេល​រួមភេទ ជាពិសេស ពេល​មាន​ដៃគូរ​រួមភេទ​ច្រើន ដើម្បី​កុំឲ្យ​ឆ្លង​ជំងឺ​រលាកថ្លើម​ប្រភេទ B និង C​។ វីរុស​បង្ក​ជំងឺ​រលាក​ថ្លើម អាច​ឆ្លង​តាមរយៈ​ការរួម​ភេទ​បាន​ដែរ​។

​សម្រក​ទម្ងន់​
​ការ​ធាត់​ជ្រុល គឺជា​កត្តា​ប្រឈម​នឹង​ជំងឺ​ក្រពះ​ពោះវៀន​ដ៏​ចំបង​មួយ ហើយ​វា​ក៏​ជា​ដើមហេតុ​ដ៏​សំខាន់ របស់​ជំងឺថ្លើម​រ៉ាំរ៉ៃ​ផងដែរ​។ បើសិន​ជា​អ្នក​មាន​ជំងឺ​ធាត់​ជ្រុល ចូរ​ប្រាកដថា អ្នក​ហាត់ប្រាណ​រយៈពេល ៣០ នាទី​ជា​រៀងរាល់ថ្ងៃ ឬ​អាច​ដើរ​លឿនៗ​ដើម្បី​សម្រក​ទម្ងន់​។ ការ​ហាត់ប្រាណ គឺជា​អ្វី​ដែល​អ្នក​ត្រូវធ្វើ ជាពិសេស ដើម្បី​សម្រក​ទម្ងន់ និង​បន្ថយ​ការ​ប្រឈម​ជំងឺថ្លើម​នៅ​ថ្ងៃ​អនាគត​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។