អ្នក​ប្រដាល់ ហ៊ុន គិរី ត្រូវ​ស្រី​ស្នេហ៍​លេង​មួយ​ក្បាច់​ធ្វើ​ឱ្យ​ខូច​ឈ្មោះ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​រឿង​ភ្ញាក់ផ្អើល​ដែល​កីឡាករ​ល្បីឈ្មោះ លោក ហ៊ុន គី​រី ដែល​មាន​រហស្សនាម​ថា «​លី​ស៊ា​វ​ឡុ​ង​ខ្មែរ​»​ត្រូវ​បាន​អតីត​ស្រី​កំណាន់ចិត្ត​បង្ខូចឈ្មោះ​យ៉ាង​ចាស់ដៃ បន្ទាប់​ពី​ស្នេហា​របស់​នាង និង​កីឡាករ​រូប​នេះ​ដើរ​ដល់​ផ្លូវបំបែក​មិន​អាច​ផ្សះផ្សា​បាន ។ មក​ទល់​ពេល​នេះ រឿងរ៉ាវ​នោះ​កាន់តែ​បន្ត​បែក​អូរ​ហូរ​ជា​ស្ទឹង ដោយសារ​តែ​ភាគី​ខាងក្រៅ​បាន​ដាក់​ពាក្យបណ្ដឹង​ពី​បទ​គំរាមកំហែង និង​បាន​ចោទ​កីឡាករ​រូប​នេះ​ថា ​ជា​ចោរ ដើម្បី​ទប់​កុំឱ្យ​ភាគី​ខាង​ប្រុស​ប្ដឹង​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​មាន​គណនី​មួយ​ចំនួន​បាន​បង្ហោះ​ថា លោក​ហ៊ុន គី​រី គឺជា​ចោរលួច​ឆក់​ខ្សែ​ក ទើប​បណ្ដាល​ឱ្យ​មនុស្ស​មួយ​ហ្វូង​ឈាន​ទៅ​ប្រើ​អំពើ​ហិង្សា និង​ខ្លះ​ថា​លោក​បាន​គំរាមកំហែង​នារី​ក្មេង​ម្នាក់​ដែល​លោក​តាម​ស្រឡាញ់​ហើយ​ត្រូវ​នារី​នោះ​បដិសេធ ។ ដំណឹង​ដែល​បាន​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គមហ្វេ​ស​ប៊ុ​ក​នោះ​បាន​ធ្វើ​ឱ្យជើង​ខ្លាំង​ដែល​ត្រូវ​គេ​ឃើញ​ឡើង​ប្រដាល់​ដាក់​ទ្រុង​នៅ​លើ​សង្វៀន​ទូរទស្សន៍​CTN និង​Bayon រូប​នេះ រង​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង ។

ក្រុម​អ្នក​ស្នេហា​ការ​ប្រដាល់​ជា​ច្រើន​ដែល​មានការ​ភ្ញាក់ផ្អើល​ចំពោះ​រឿង​នេះ បាន​ទាំង​បន្ត​ចែកចាយ​ដំណឹង​មិនល្អ​មួយ​នេះ​ធ្វើ​ឱ្យ​លោក​កាន់តែ​បាក់មុខ​ដោយ​មិន​មានការ​បក ស្រាយ​ណាមួយ​នោះ ។ យ៉ាងណា​ក៏​ដោយ ក្នុង​ជំនួប​ជាមួយ​កោះសន្ដិភាព លោក​បាន​បង្ហាញ​នូវ​បញ្ហា​នេះ និង​ថា​អ្វី​ៗ​ដែល​បាន​កើតឡើង គឺជា​ទ​ង្វើ​បំបាក់មុខ​លោក​ពី​សំណាក់​សង្សារលោក​ប៉ុណ្ណោះ ។

លោក ហ៊ុន គី​រី បាន​បង្ហាញ​ភស្ដុ​តាង​អម​ដោយ​ការ​បកស្រាយ​ថា ធាតុ​ពិត​រវាង​លោក និង​មនុស្ស​ស្រី​ម្នាក់​ដែល​ចោទ​ថា លោក​បាន​ឆក់​ខ្សែ​ក និង​គំរាមកំហែង​នោះ គឺជា​សង្សារ​​នឹង​គ្នា​រយៈពេល​៧​ឆ្នាំ​មក​ហើយ ។ លោក​ថា ខ្លួន​បាន​ស្គាល់​នាង​តាំងពី​នាង​រស់នៅ​ខេត្តបន្ទាយមានជ័យ និង​បាន​បន្ត​ទំនាក់ទំនង​មិន​ខុស​ពី​ប្ដី​ប្រពន្ធ​គ្នា​តែ​ម្ដង​ក្រោយ​ពេល​នាង​ឡើង​មក​រៀន​នៅ​ភ្នំពេញ ។ លោក​ថា នារី​ដែល​មាន​បញ្ហា​ចម្រូងចម្រាស​ជាមួយ​លោក​នោះ មានឈ្មោះ​ថា សុខ សេរី អាយុ​២៧​ឆ្នាំ ដែល​បច្ចុប្បន្ន​គឺជា​មន្ត្រី​នៅ​ក្នុង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​ក្រោយ​ពី​នាង​រៀន​ចប់​។ លោក​ថា បើ​ទោះជា​នាង​បាន​បញ្ចប់​ការ​សិក្សា និង​ទៅ​រស់នៅ​ខេត្តបន្ទាយមានជ័យ​វិញ ក៏​ទំនាក់ទំនង​រវាង​លោក និង​នាង​នៅ​តែ​ដូច​ប្ដី​ប្រពន្ធ​ដដែល ។ លោក​ថា ជា​រឿយ​ៗ​នាង​សុខ សេរី រមែង​ឡើង​មក​ភ្នំពេញ​ដោយ​យក​លេស​ថា​មក​លេង​បងស្រី​នៅ​ម្ដុំ​ស្ទឹង​មាន​ជ័យ និង​រមែង​ដើរ​លេង​ច្រើន​ថ្ងៃ​ជាមួយ​លោក​រាល់ពេល​មក​ភ្នំពេញ​ម្ដង​ៗ ។

ក្នុង​នោះ​ដែរ រាល់ពេល​លោក​ឡើង​ទៅ​លេង​នៅ​ខេត្តបន្ទាយមានជ័យ​វិញ ក៏​នាង​រមែង​បើកដៃ​ឱ្យទៅ​សម្រាក​នៅផ្ទះ បើ​ទោះជា​ស្ថិត​ក្នុង​សភាព​លាក់​មុខ​លាក់​ក្រោយ​ពី​ភ្នែក​របស់​បងប្អូន​នោះ​ក៏​ដោយ ។ លោក​ថា ស្នេហា​រវាង​លោក និង​នាង​សុខ សេរី គឺ​ស្រឡាញ់​គ្នា​ដោយ​ចិត្ត​និង​ចិត្ត ប៉ុន្តែ​អ្វី​ៗ​មិនសូវ​បាន​សុខ​នោះ​ទេ ដោយសារ​តែ​គ្រួសារ​នាង​ជំទាស់​រឿង​លោក​ជា​កីឡាករ និង​ជា​ទាហាន​ដែល​មិន​មាន​សមត្ថភាព​រក​ប្រាក់​បាន​ច្រើន​ដូច​គេ ។ លោក​និយាយ​ថា ៖«៧​ឆ្នាំ​ដែល​ខ្ញុំ និង​គាត់​ស្រឡាញ់​គ្នា គឺ​ពួក​យើង​ដេក​នៅ​ជាមួយ​គ្នា​ដូច​ប្ដី​ប្រពន្ធ​អ៊ីចឹង ប៉ុន្តែ​ខ្ញុំ​អត់​ដែល​បាន​សុខ​ទេ ដោយសារ​តែ​ខាង​គាត់​ជំទាស់ ហើយ​ប្រហែលជា​គាត់​លែង​ចង់​តស៊ូ​ជាមួយ​ខ្ញុំ​ផង​ទើប​គាត់​សម្រេចចិត្ត​បែកផ្លូវ​!» ។ លោក​ថា មិនតូច​ចិត្ត​រឿង​នាង​សុខ សេរី សុំ​បែក​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​ទទួល​មិន​បាន​គឺ​នាង​ចេញ​មុខ​ឌឺដង​មុខ​លោក​ដោយ​មាន​អ្នក​ទី​៣ និង​បាន​ទាំង​ចេញ​មុខការ​ពារ​បុរស​ម្នាក់​នោះ​ក្រោយ​ពេល​បុរស​ម្នាក់​នោះ​ប្រើ​អំពើ​ហិង្សា​លើ​លោក​ទៀត​ផង ។

លោក​បាន​ថ្លែង​ថា កាលពី​ថ្ងៃ​ទី​២៤ កក្កដា នាង​សុខ សេរី បាន​ទារ​ខ្សែ​.កបា្ល​ទី​ន​២​ជី​ដែល​នាង​ប្រគល់​ឱ្យ​ជា​ថ្នូរ​នឹង​ការ​សុំ​បែក​ពី​លោក ហើយ​លោក​ក៏​បាន​ណាត់​នាង​ទៅ​យក​នៅ​បេនឡាន​ថោ​ង​ស៊ី​ង​ម្ដុំ​បាក់​ទូក ។ នៅ​ក្នុង​ពេល​នោះ​នាង​បាន​បណ្ដើរ​ប្រុស​ម្នាក់​មក​ជាមួយ​ទើប​លោក​សម្រេច​មិន​ប្រគល់​ខ្សែ​ក​នោះ​ឱ្យ​វិញ ដោយ​លោក​លើក​ឡើង​ថា កន្លង​មក នាង​បាន​ចាយវាយ​លុក​កាក់​របស់​លោក​ដែល​រកបាន​ពី​ប្រដាល់​អស់​ច្រើន​ណាស់ អ៊ីចឹង​បើ​ជ្រុល​ជា​សុំ​បែក​ដោយសារ​តែ​មាន​អ្នក​ថ្មី​នោះ​លោក​មិន​ប្រគល់​ខ្សែ​ក​ឱ្យ​វិញ​ទេ ដោយ​សារ​តែ​ខ្សែ​ក​នោះ គឺ​នាង​ទម្លាក់​ចោល​នៅ​ពេល​ដែល​នាង​សុំ​បែក ហើយ​លោក​ក៏​យក​ទុក​ឱ្យ​នៅ​ពេល​ដែល​នាង​ជម្នះ​ដើរ​ចេញ ។ ប៉ុន្តែ​ក្នុង​ពេល​ដែល​នាង និង​លោក​និយាយ​គ្នា​មិន​ត្រូវ​រឿង​ខ្សែ​ក​នោះ ស្រាប់តែ​បុរស​ម្នាក់​ដែល​មក​ជាមួយ​នាង​ជិះ​រថយន្ត​កូ​រ៉ូ​ឡា ក៏​បាន​ស្រែ​កថា​ចោរ​ៗ ហើយ​ស្ទុះ​មក​វាយ​ទាត់​ធាក់​លោក​កណ្ដាលចំណោម ដោយ​មាន​អ្នក​ក្បែរ​ខាង​ស្មានថា​ជា​ចោរ​មែន​ក៏​ព្រួត​វាយ​ដែរ ។ លោក​ថា នៅ​ក្នុង​ហេតុការណ៍គេ​វាយ​ព្រោះតែ​ស្រែ​កថា​ចោរ​ៗ​នោះ លោក​បាន​រយះ​ត្រង់​ប្រជុំ​ចិញ្ចើម​ហូរ​ឈាម​ដូច​គេ​វះ​ប៉ុន្តែ​លោក​មិន​បាន​តដៃ​ទេ ដោយសារ​តែ​លោក​យល់​ថា​ខ្លួន​ជា​កីឡាករ​ប្រដាល់​ផង និង​ជា​ជើង​ខ្លាំង​ដាក់​ទ្រុង​ផង បើ​តដៃអាច​នឹង​ជ្រុល​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ព្រួត​វាយ ។ ជាមួយនឹង​ភាព​ប្រទាញប្រទង់ អ្នក​ដែល​ដឹង​ហេតុការណ៍​បាន​ទទូច​ឱ្យ​លោក​ប្ដឹង​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា ប៉ុន្តែ​មិន​ទាន់​បាន​ប្ដឹង​ផង ស្រាប់តែ​នាង​សុខ សេរី ជា​សង្សារ​ចាស់​ដែល​ចង់​ការពារ​បុរស​ម្នាក់​នោះ ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ចោទ​ថា​លោក​គំរាម​អស់​រយៈពេល​៧ឆ្នាំ​ក្នុង​ពេល​នៅ​ទាក់ទង​គ្នា ។

លោក ហ៊ុន គី​រី បញ្ជាក់​ថា លោក​មិន​ដែល​គំរាមកំហែង​នាង​ទេ ហើយ​លោក​ក៏​មិន​មាន​គម្រោង​ប្ដឹង​បុរស​ដែល​ទៅ​ជាមួយ​នាង​ប្រើ​អំពើ​ហិង្សា​លើ​លោក​នោះ​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​លោក​ចង់​លាតត្រដាង​គឺ​គ្រាន់តែ​ចង់​ប្រាប់​ថា លោក​មិនមែន​ចោរ​ដូច​ការ​បង្ហោះ​បង្ខូចឈ្មោះ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក និង​ថា​លោក​មិន​បាន​គំរាម​ណាមួយ​ចំពោះ​នាង​សុខ សេរី ដែល​ជា​ភាគី​ដើមបណ្ដឹង​ប៉ុណ្ណោះ ។ យ៉ាងណា​ក៏​ដោយ លោ​កថា​បណ្ដឹង​របស់​នាង​មិន​ទាន់​ត្រូវ​បាន​ប៉ូលិស​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ចាត់ការ​នៅឡើយ​ទេ ដោយសារ​តែ​អ្នក​នៅ​ទី​នោះ​សុទ្ធតែ​ដឹង​ថា រូប​លោក និង​នាង​មិន​ខុស​ពី​ប្ដី​ប្រពន្ធ ។ ប៉ុន្តែ​លោក​ថា ក្រុម​គ្រួសារ​របស់​នាង សុខ សេរី នឹង​អាច​បន្ត​បណ្ដឹង​ទៀត​ដោយសារ​តែ​នាង​បន្លុយ​ពាក្យ​ថា នឹង​ធ្វើ​ឱ្យ​លោក​មិន​បាន​សុខ អ៊ីចឹង​ហើយ​ទើប​លោក​គ្រោង​ដាក់​ពាក្យ​ប្ដឹង​រឿង​ប្រើ​អំពើ​ហិង្សា​លើ​លោក​តប​វិញ ដោយសារ​តែ​ក្នុង​ពេល​នោះ​មាន​សាក្សី​ច្រើន និង​មានការ​ទទួល​ដឹង​ឮ​ពី​ប៉ូលិស​ខណ្ឌ​៧​មក​រា ។ លោក​រំពឹង​ថា ក្រោយ​ការ​បកស្រាយ​នឹង​ធ្វើ​ឱ្យ​ការ​យល់​ច្រឡំ​ត្រូវ​បញ្ចប់ និង​ទទូច​សុំ​ឱ្យ​នាង សុខ សេរី កុំ​លេង​ស្ទីល​បំផ្លាញ​មុខមាត់​លោក​ប្រសិនបើ​នាង​ពិតជា​ឈប់​ស្រឡាញ់​លោក​ហើយ ។ ទោះបី​យ៉ាងណា រាល់​ការ​បកស្រាយ​របស់​លោក ហ៊ុន គី​រី កោះសន្ដិភាព​នៅ​មិន​ទាន់​បាន​ទទួល​ប្រតិកម្ម​ពី​នាង សុខ សេរី នៅឡើយ​ទេ ៕