យាយ​កាប់​តា​1​ពូថៅ​តា​សង​វិញ​2​ពូថៅចំ​ក្បាល របួសស្រាល​រៀង​ៗ​ខ្លួន

យាយ​កាប់​តា​1​ពូថៅ​តា​សង​វិញ​2​ពូថៅចំ​ក្បាល របួសស្រាល​រៀង​ៗ​ខ្លួន



ខេត្តកំពត ៖ តា​យាយ​ជា​ប្តី​ប្រពន្ធ​២​នាក់​បានឈ្លោះប្រកែក​គ្នា​រហូត​ទាញ​ពូថៅ​កាប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឱ្យ​របួសស្រាល​រៀង​ៗ​ខ្លួន កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែកក្កដា នៅ​នឹង​ផ្ទះ​របស់​ពួក​គាត់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ។

បន្ទាប់​ពី​កើតហេតុ តា​ឈ្មោះ ហ៊ឹ​ម អ៊​ន អាយុ​៦៥​ឆ្នាំ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សួរនាំ​ជុំវិញ​ករណី​ហិង្សា​កាប់​គ្នា​នេះ ។

តាម​ការ​រៀបរាប់​ក្នុង​ជម្លោះ​តា​យាយ​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​ផ្តើម​ចេញពី​រឿង​ដាំបាយ ដោយ​យាយ​ជា​ប្រពន្ធ​ឈ្មោះ ជិន តាន់ អាយុ​៦៣​ឆ្នាំ ខឹង​នឹង​ការ​ស្តីបន្ទោស​របស់​តា​ក៏​យក​ពូថៅ​ចាស់​មួយ​មិនសូវ​មុត​មក​កាប់​តា​ត្រូវ​ក្បាល​មួយ​ពូថៅ តែ​របួសស្រាល ធ្វើ​ឱ្យ​តា​ឆេះដុំ​ក៏​បាន​កញ្ឆក់​ដណ្តើម​យក​ពូថៅ​ពី​យាយ​កាប់​សង​វិញ ត្រូវ​យាយ​២​ពូថៅ​ចំ​ក្បាល​រង​របួសស្រាល​ដែរ ។

តាម​នគរបាល​ប៉ុស្តិ៍​ដំណាក់​កន្ទួត​ខាងត្បូង និយាយ​ថា តា​យាយ​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​ជា​មនុស្ស​ញៀន​ស្រា​ដូច​គ្នា ហើយការកាប់ដោយពូថៅនោះ ពួកគាត់ទាំង២ចាស់ៗអស់ហើយ មិនមានកម្លាំងលើពូថៅកាប់ឲ្យខ្លាំងបានទេ ក្នុងសភាពញ័រៗទើបមិនបណ្តាលអោយរងរបួសធ្ងន់។ ពួក​គាត់​មិនមែន​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​តាំងពី​កំលោះ​ក្រមុំ​នោះ​ទេ តែ​បាន​យក​គ្នា​ចាស់​ៗ​ហើយ ។ ការ​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​នេះ យាយ​មិន​មានកូន​ជាមួយ​តា​ទេ គឺ​មាន​តែ​កូន​ប្តី​មុន​ប៉ុណ្ណោះ ៕