តេស្ត​ឈាម​រក​ជំងឺ​ខូច​អវៈយវៈ​ទារក ក្នុងពេល​មាន​ផ្ទៃពោះ ដែល​អ្នក​គួរតែ​ធ្វើ​

តេស្ត​ឈាម​រក​ជំងឺ​ខូច​អវៈយវៈ​ទារក ក្នុងពេល​មាន​ផ្ទៃពោះ ដែល​អ្នក​គួរតែ​ធ្វើ​

​មាន​តេស្ត​ច្រើនណាស់ ដែល​អ្នក​គួរ​ធ្វើ​ក្នុង​ពេល​មាន​ផ្ទៃពោះ ដើម្បី​ពិនិត្យ​រក​មើល​ថា​តើ ទារក​កំពុងតែ​មាន​បញ្ហា​ហ្សែ​ន ឬ​ខូច​ក្រូម៉ូសូម ឬ​អត់​។ ការ​ធ្វើតេស្ត​ឈាម​ជាច្រើន ជាមួយនឹង​ការថត​អេកូ​ត្រូវបានធ្វើ ដើម្បី​ពិនិត្យមើល​ការលូតលាស់​របស់​ទារ​ក និង​រក​មើល​ការ​ប្រឈម​ពី​បញ្ហា​មិន​ធម្មតា​របស់​ជំងឺ​ក្រូម៉ូសូម​នានា​។

ជាធម្មតា ការ​ធ្វើ​តេស្ត​ទាំងនេះ មិនមាន​អ្វី​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ទេ ប៉ុន្តែ បើសិន​ជា​លទ្ធផល​ចេញមក ឃើញថា​មាន​អ្វីមួយ​សង្ស័យ​នោះ គឺ​អាច​នឹង​ត្រូវការ​ធ្វើ​តេស្ត​ផ្សេងទៀត ដែល​អាច​គិត​ថា​មាន​ការប៉ះពាល់​ដែរនោះ គឺជា​ការបូមទឹក​ភ្លោះ ឬ​សុក (Chorionic Villus Sampling, CVS) ដើម្បី​ពិនិត្យ ដែល​តេស្ត​ទាំង​ពីរ​ប្រភេទ​នេះ​អាច​នឹង​ប្រឈម​ខ្ពស់​នឹង​ការ​រលូត​កូន​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការធ្វើ​បែប​នេះ ក៏​ត្រូវការ​ការសម្រេច​ចិត្ត​របស់​ម្តាយ និង​ក្រុមគ្រួសារ​ផងដែរ​។ 

​យ៉ាងណាមិញ មធ្យោបាយ​មួយ​ផ្សេងទៀត ដើម្បី​ពិនិត្យមើល​ការខូចខាត​របស់​ហ្សែ​ន ឬ​ក្រូម៉ូសូម​នោះ​គឺ​គ្រាន់តែ​ធ្វើ​តេស្ត​ឈាម​ធម្មតា​ប៉ុណ្ណោះ​។ តេស្ត​នេះ​មិន​ដូចគ្នា​នឹង​ការ​បូម​ឈាម និង CVS នោះទេ​។ គ្រូពេទ្យ​គ្រាន់តែ​បូម​ឈាម​ម្តាយ​ទៅ​មើល និង​ធ្វើ​ការបែងចែក DNA របស់​កូន​ចេញ ដើម្បី​ពិនិត្យ​ទៅ​លើ​ការខូចខាត​ក្រូម៉ូសូម ឬ​ហ្សែ​ន​ប៉ុណ្ណោះ​។ តេស្ត​នេះ​គឺ​មាន​សុវត្ថិភាព​ណាស់ សម្រាប់ DNA ដែល​រក​ឃើញ​ក្នុង​ឈាម​ម្តាយ​។

​ពេល​ណា​គួរ​ធ្វើតេស្ត​នេះ​?
​តេស្ត​នេះ​មិន​ត្រូវបាន​ធ្វើ ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់​គ្នា​ឡើយ​។ មាន​តែ​ម្តាយ​ដែល​ស្ថិត​ក្នុង​ក្រុម​ប្រឈម​ខ្ពស់ នឹង​ការ​មាន​កូន​កើត​ជំងឺ មិន​គ្រប់ទឹក (Down’s Syndrome) ឬ​ជំងឺ​ក្រូម៉ូសូមិនធ​ម្ម​តាផ្សេងៗ​ប៉ុណ្ណោះ ហើយ​គាត់​មិន​ចង់​ធ្វើតេស្ត​ដោយ​ការបូមទឹក​ភ្លោះ ឬ CVS ។​

​តើ​តេស្ត​នេះ មាន​ភាព​សុ​ក្រិត​បែបណា​ទៅ​?
​ភាព​សុ​ក្រិត​របស់​តេស្ត​នេះ គឺ​អាច​និយាយបាន​ថា ៩៩,៩ ភាគរយ​។ ជាមួយគ្នានេះដែរ ការ​ធ្វើ​តេស្ត​ដោយ​ការបូមទឹក​ភ្លោះ​ទៅពិនិត្យ​វិញ គឺ​មាន​ភាព​សុ​ក្រិត​ជាងនេះទៅទៀត ទាស់​តែ​វា​ប្រឈម​ខ្ពស់​នឹង​ការ​រលូត​។ រាល់​ការ​ពិនិត្យ​សុខភាព​ទាំងអស់ រួម​ទាំង​តេស្ត​មួយ​នេះ​ដែរ គឺ​គ្រូពេទ្យ​មិន​ដែល​និយាយ​អំពី ការធានា​លទ្ធផល ១០០ ភាគរយ​នោះ​ទេ ក្រោយពី​មានការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រួច​។​

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។